ភ្នំពេញ៖ ដើម្បីជីវភាពគ្រួសារ និងសងប្រាក់ធនាគារ អ្នករត់ឡានឈ្នួល ម៉ូតូកង់បី ម៉ូតូឌុប និងអ្នកកាត់សក់ជាដើម នៅតែបន្តមុខរបររបស់ខ្លួន ទាំងពិតភ័យ ដោយសារវីរុស COVID១៩ កាន់តែរីករាលដាលជារៀងរាល់ថ្ងៃទាំងនៅកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ទោះជាយ៉ាងណា ក្រុមទាំងនោះ បានអនុវត្តវិធានការការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយពួកគេក៏បានតាមដានពីបច្ចុប្បន្នភាព នៃស្ថានភាពជំងឹនេះ ដោយយកចិត្តទុកដាក់ជាប្រចាំផងដែរ។
ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្តស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ទោះមានការភ័យខ្លាចវីរុស COVID១៩យ៉ាងណាក៏ដោយ តែក្រុមអ្នកប្រកបរបរងាយប្រឈមមួយចំនួន នៅតែបន្តមុខរបររបស់ខ្លួនតាមធម្មតា។ ក្រុមទាំងនោះ មានអ្នករត់ឡានឈ្នួន អ្នករត់ម៉ូតូកង់បី រត់ម៉ូតូឌុប និងអ្នកកាត់សក់ជាដើម។ មានតួនាទីជាមេគ្រួសារ ពួកគេបានលើកឡើងដូចៗគ្នាថា ព្រោះតែជីវភាព ទើបត្រូវបង្ខំចិត្តបន្តមុខរបរទាំងភិតភ័យ។
មានឡានផ្ទាល់ខ្លួន សម្រាប់ដឹកអ្នកដំណើរពីរាជធានីភ្នំពេញ ទៅខេត្តប៉ៃលិន លោក ឈុន ប៊ុនរ័ត្ន អាចរកប្រាក់ចំណូលបានប្រមាណ៤០ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលឡានរបស់លោកអាចផ្ទុកភ្ញៀវ បានប្រមាណ៨ ទៅ៩នាក់ ក្នុងមួយជើង។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ លោក ប៊ុនរ័ត្ន មានការព្រួយបារម្ភខ្លាចឆ្លងវីរុស COVID១៩ ប៉ុន្តែលោកនៅតែបន្តដឹកភ្ញៀវរាល់ថ្ងៃ ព្រោះត្រូវរកប្រាក់សងធនាគារ៖«ចង់ឈប់ដែរ។ បើធនាគារគេមិនយកលុយខែ នោះខ្ញុំអាចឈប់បាន តែបើគេនៅតែយកខ្ញុំមានលុយឯណាបង់ឱ្យគេ។ ខ្ញុំចេះតែការពារខ្លះទៅ។ ទោះបី COVID១៩កាន់តែរាលដាលក្ដី បើធនាគារមិនពន្យាពេលបង់ការប្រាក់ទេ ខ្ញុំនៅតែរត់ឡានអ៊ីចឹង។ បើគេផ្អាកសិន ដល់ពេលស្ងប់ស្ងាត់ខ្ញុំនឹងបង់ឱ្យធម្មតាវិញ»។
បញ្ហាប្រឈមមួយទៀត សម្រាប់អ្នករត់ឡានឈ្នួល ប៊ុនរ័ត្ន គឺបញ្ហាទឹកអាល់កុល ហើយលោកបញ្ជាក់ដូច្នេះ៖«សំខាន់អាល់កុលដែលទិញមកហ្នឹងវាមិនសុទ្ធ បាញ់ទៅវាមិនមានក្លិន។ បើឡើងថ្លៃហើយ របស់សុទ្ធវាមានទៅអី តែបើវាមិនមានក្លិនអ៊ីចឹង ហើយយើងប្រជាពលរដ្ឋធម្មតា មិនមានប្រដាប់ត្រួតពិនិត្យមកពីណា។ ខ្ញុំទិញអាល់កុលពីពេទ្យ។ ខ្ញុំបាញ់អាល់កុល គេវាមានក្លិនយូរ ហើយរបស់ខ្ញុំមិនមានក្លិនផង។ អាល់កុលចាក់ថ្នាំរបស់ពេទ្យ ក្លិនវាឆួលខ្លាំង តែនេះឆួលម៉ាភ្លែត លើកដៃឡើងមកអត់ក្លិនផង»។
ជាអ្នករត់កង់បីផង ជាជាងកាត់សក់ផង និងជាតន្ត្រីករភ្លេងបុរាណផង លោក ម៉ៃ សាមឿត បច្ចុប្បន្នបានផ្អាកមុខរបរមួយចំនួន ដើម្បីបញ្ចៀសខ្លួនពីជំងឺ COVID១៩ ។ តែទោះជាយ៉ាងណា កត្តាជីវភាពគ្រួសារ មិនអាចអនុញ្ញាតឱ្យលោក នៅតែផ្ទះដោយមិនចេញរកប្រាក់សោះនោះឡើយ៖«កង់បីនេះខ្ញុំផ្អាកយូរហើយដែរ តាំងពីអត់ភ្ញៀវដែលល្បីកូរូណា ប៉ុន្តែខ្ញុំនៅតែបន្តកាត់សក់។ ខ្ញុំបារម្ភដែរ តែបានការពារ មានសាប៊ូ និងទឹកអាល់កុលជាប់នឹងតូបដែរហ្នឹង។ អ្នកកាត់សក់មិនខ្លាចប៉ះពាល់យើងទេ គឺយើងឯណេះវិញទេ ដែលទៅប៉ះពាល់គេនោះ។ បារម្ភចេះតែបារម្ភហើយ តែមិនដឹងធ្វើយ៉ាងម៉េច ហើយភ្លេងឥឡូវគេផ្អាកអស់ហើយ។ វាមិនដឹងទៅរកអ្វីទៀត គឺមានតែរបរនេះហើយ»។
លោក ម៉ៃ សាមឿត (រូបផ្ដល់ឱ្យ)
បុគ្គលិកក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរមួយ នៅរាជធានីភ្នំពេញ ក៏បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដែរថា ចាប់តាំងពីផ្ទុះវីរុសកូរូណាមក ភ្ញៀវធ្វើដំណើរបានធ្លាក់ចុះ។ កញ្ញាបញ្ជាក់ដូច្នេះ៖«ជាធម្មតាវាតែងតែថយហើយ។ ឥឡូវគេឱ្យប្រុងប្រយ័ត្ន មិនសូវមានអ្នកហ៊ានដើរចេញទៅណាទេ។ ក្រុមហ៊ុននានា ហើយនឹងតាក់ស៊ីក៏ដូចគ្នាដែរ។ ខ្ញុំមានទឹកអាល់កុលឱ្យភ្ញៀវលាងដៃ ពេលមកយកអីវ៉ាន់ និងពេលឡើងឡាន ក៏ដូចជាសាប៊ូ សម្រាប់ការចេញចូលពីបន្ទប់ទឹកដែរ»។
រីឯលោក សុខ សំណាង ដែលជាអ្នករត់ម៉ូតូឌុបនៅរាជធានីភ្នំពេញ បានព្យាយាមបញ្ជៀសខ្លួន ឱ្យនៅឆ្ងាយពីមនុស្សភាគច្រើន។ កាត់បន្ថយដឹកភ្ញៀវទូទៅ មកនៅត្រឹមដឹកភ្ញៀវសំខាន់ៗ ដែលមិនអាចជៀសបាន បច្ចុប្បន្នលោក សំណាង ងាកទៅដឹកអីវ៉ាន់ជំនួសវិញ៖«ភាគច្រើនខ្ញុំយកលុយដែលគេវេរតាមវីង និងគេប្រើទិញរបស់របរបន្តិចបន្តួច។ ប្រាក់កាន់ច្រើនគ្នា តើលោកពូមិនខ្លាចឆ្លងតាមនេះទេ? ខ្ញុំចេះតែការពារដោយការលាងដៃនឹងសាប៊ូ ឬអាល់កុលទៅ។ ខ្ញុំក៏កាត់បន្ថយការហូបអាហារក្រៅច្រើនដែរ»។
ចំណែកលោក ណា រុង វ័យ២៦ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូកង់បី នៅក្រុងសៀមរាប ត្អូញត្អែរថា កូរូណា បានធ្វើឱ្យសេដ្ឋកិច្ចរបស់លោកកាន់តែធ្លាក់ចុះជាលំដាប់។ ទោះបីមិនសូវមានភ្ញៀវ ហើយត្រូវប្រឈមនឹងការឆ្លងយ៉ាងណាក៏ដោយ ក៏លោក ណា រ៉ុង នៅតែតស៊ូ ព្រោះចំណូលដែលបានបន្តិចបន្តួចនេះ អាចយកទៅផ្គួបជាមួយចំណូលរបស់ម្ដាយ ដែលលក់អីរ៉ាន់មិនសូវដាច់នៅផ្ទះនោះ៖«ភ្ញៀវកាត់បន្ថយសឹងតែទាំងអស់តែម្ដង។ រកចំណូលមិនបានហ្នឹង វាច្រើនជាងបាន។ ខ្ញុំដាំបាយ និងច្រកទឹកពីផ្ទះមកខ្លួនឯង។ ដូច្នេះមិនសូវចំណាយទេ អាចសល់មួយថ្ងៃប្រហែល២ ទៅ៣ដុល្លារ។ មុនមាន COVID១៩ ក៏បាត់ភ្ញៀវប្រហែល១៥ភាគរយដែរ។ ជាទូទៅបើសិនជាដឹកភ្ញៀវទៅប្រាសាទ ខ្ញុំអាចសល់មួយថ្ងៃចូល១០ដុល្លារដែរ។ តែបើមិនទៅទេខ្ញុំអាចរកបានប្រហែល៧ ទៅ៨ដុល្លារ។ ខ្ញុំដឹកភ្ញៀវនៅសណ្ឋាគារ គេចង់ទៅណា ខ្ញុំដឹកទៅហ្នឹង។ បើនៅតែខ្សត់ភ្ញៀវ ខ្ញុំអាចទៅធ្វើការអ្វីផ្សេងៗ ឱ្យតែបានលុយ»។
ដូចគ្នាដែរលោក សាមឿត វ័យ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប ដែលមានកូន២នាក់ ក៏ត្អូញត្អែរពីបញ្ហាប្រាក់ចំណូលដែរ៖«ថយច្រើនមែនទែន។ កាលមិនទាន់មានជំងឺនេះចូលមក មួយថ្ងៃខ្ញុំអាចរកបានចាប់ពី២ម៉ឺនឡើងទៅ ដល់ពេលជំងឺនេះមកដល់ មួយថ្ងៃ២ម៉ឺនរកមិនចង់បាន។ គ្រួសារគាត់ហាមឃាត់ដែរ តែបើយើងសម្រុកនៅផ្ទះទាំងអស់គ្នា អត់មានចំណូលចូល មានតែពិបាកហើយ។ មិនទាន់ប៉ះពាល់សេដ្ឋកិច្ចគ្រួសារខ្លាំងទេ ព្រោះជំងឺនេះរាតត្បាតមិនចំតំបន់ខ្ញុំ»។
បើតាមបុគ្គលិកក្រុមហ៊ុនឡានក្រុង វីរៈប៊ុនថាំ ក្រុមហ៊ុនមានវិធានការពារជំងឺ COVID ១៩ គ្រប់ភ្ញៀវទាំងអស់៖«សាខាធំៗមួយចំនួនដែលសម្បូរអតិថិជនជាប្រចាំ យើងមានឧបករណ៍សម្រាប់វាស់កម្ដៅ។ អតិថិជនគាត់ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្លាំង ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ទាំងការមកយកអីវ៉ាន់ ការរង់ចាំ និងការជិះរថយន្ត»។
មានស្រុកកំណើតនៅខេត្តកំពង់ចាម អ្នករត់ឡានឈ្នួលមួយរូបទៀត ដែលមានគោលដៅពីកំពង់ចាម ទៅរាជធានីភ្នំពេញ គឺលោក ជឹម សុផា វ័យ៥៥ឆ្នាំ ប្រកបរបរនេះជិត៣០ឆ្នាំមកហើយ។ ត្រូវដឹកភ្ញៀវពីម៉ោង៥ព្រឹក ទៅរាជធានីភ្នំពេញ និងត្រឡប់មកវិញនៅម៉ោង១១ថ្ងៃ លោក សុផា ក៏បានទិញអាល់កុល សម្រាប់អតិថិជនរបស់ខ្លួនដែរ៖«ខ្ញុំមានទឹកអាល់កុល គឺមាន២ ទៅ៣មុខឯណោះ ហើយនឹងម៉ាស ខ្ញុំឱ្យគ្រប់អតិថិជនទាំងអស់។ ភាគច្រើនអតិថិជន គាត់មានទឹកអាល់កុល និងម៉ាសខ្លួនគាត់»។
លោក ជឹម សុផា (រូបផ្ដល់ឱ្យ)
ត្រឡប់ទៅលោក ឈុន ប៊ុនរ័ត្ន វិញ អ្នករត់ឡានរូបនេះ មិនសូវជាមានបញ្ហាប៉ុន្មានទេ ចំពោះការដំឡើងថ្លៃអាល់កុល ប៉ុន្តែលោកសុំកុំឱ្យមានករណីអាល់កុលក្លែងក្លាយ៖«រឿងឡើងថ្ងៃតិចតួចក៏មិនអីដែរ ព្រោះគេថាទិញពីនោះមកថ្លៃដែរ។ តែកុំឡើងថ្លៃហើយ យករបស់ក្លែងក្លាយមកលក់ អាហ្នឹងបាញ់ទៅប៉ះពាល់ដល់សុខភាពយើងទៀតណា។ ហើយសំណួមពរម៉ាស កុំឱ្យឡើងថ្ងៃ៕