រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន​អយស្ម័យយាន​បារាំង SNCF ដឹក​បុគ្គលិក​ពេទ្យ​ដោយ​ឥតគិតថ្លៃ​
23, Mar 2020 , 7:59 pm        
រូបភាព
ដោយ: ធីតា
​បារាំង​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​កំពុង​ប្រឈម​យ៉ាងខ្លាំង​នៃ​ការ​រាលដាល COVID-19​។ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព ក្រុមហ៊ុន​អយស្ម័យយាន SNCF បានប្រកាស​ដឹក​បុគ្គលិក​សុខាភិបាល និង​អ្នកជំនួយ​វេជ្ជសាស្ត្រ​គ្រប់ផ្នែក​តាមរយៈ​រថយន្ត​ភ្លើង​ល្បឿន​លឿន TGV របស់ខ្លួន​។​

 
«​គ្រាន់តែ​ប្រាប់​ពី​ទីតាំង​ដែល​ត្រូវ​ធ្វើដំណើរ ពួកគេ [​បុគ្គលិក​ពេទ្យ​] អាច​ទៅកាន់​គ្រប់​ទីកន្លែង​ក្នុងប្រទេស​បារាំង ដើម្បី​ពង្រឹង​សេវាកម្ម​ជួយសង្គ្រោះ​»​។ នេះ​ជាការ​អះអាង​របស់លោក Alain Krakovitch នាយក​ទទួលបន្ទុក​សេវាកម្ម​ធ្វើដំណើរ SNCF​។​
 
​តាម​ការផ្សាយ​របស់ AFP លោក Alain បាន​អះអាងថា វា​ជា​រឿង​ធម្មតា​សម្រាប់ SNCF ក្នុងការ​បង្ហាញ​ពី​សាមគ្គីភាព ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ដែល​កំពុង​រាលដាល​ពេញ​ពិភពលោក ក្នុងនោះ​មានបារាំង​ផងដែរ​។​
 
​បា​រាំងជា​ប្រទេស​ទី​៧​លើ​ពិភពលោក ដែល COVID-19 កំពុង​រាលដាល​ខ្លាំង រហូតដល់​ជាង​១៦ ០០០​ករណី ក្នុងនោះ​ស្លាប់​ជាង​៦៧០​នាក់ និង​សះស្បើយ​ប្រមាណ​២២០០​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០៕

© រក្សាសិទ្ធិដោយ thmeythmey.com