ក្រសួង​ពាក់ព័ន្ធ អំពាវនាវ​ព្រម​គ្នា ឲ្យ​ពលករ​មកពី​បរទេស «​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ​»
COVID-19
ជាតិ
សុខភាព
ក្រសួង​ពាក់ព័ន្ធ អំពាវនាវ​ព្រម​គ្នា ឲ្យ​ពលករ​មកពី​បរទេស «​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ​»
23, Mar 2020 , 10:19 pm        
រូបភាព
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ឃាត់ប្រជាពលរដ្ឋខ្មែរ ដែលដើរឆ្លងកាត់ចេញពីប្រទេសថៃ ចូលប្រទេសកម្ពុជា ដើម្បីពិនិត្យកម្តៅនិងសាកសួរព័ត៌មានពួកគេ មុននឹងអនុញ្ញាតឲ្យចូលកម្ពុជា
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ឃាត់ប្រជាពលរដ្ឋខ្មែរ ដែលដើរឆ្លងកាត់ចេញពីប្រទេសថៃ ចូលប្រទេសកម្ពុជា ដើម្បីពិនិត្យកម្តៅនិងសាកសួរព័ត៌មានពួកគេ មុននឹងអនុញ្ញាតឲ្យចូលកម្ពុជា
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ  ធ្វើ​សេចក្តីអំពាវនាវ​ក្នុងពេល​តែមួយ ទៅដល់​ពលករ​គ្រប់រូប ដែល​ទើបនឹង​វិលត្រឡប់​មកពី​បរទេស ត្រូវដាក់​ឬ​ឃុំខ្លួន​ឯង​នៅ​ដាច់ដោយឡែក​ពី​គេ (​ច​ត្តា​ឡី​ស័ក​) រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ (COVID-19) ដល់​សមាជិកគ្រួសារ​ឬ​អ្នកដទៃ​។ ក្រសួង​ទាំងនេះ សង្កត់ធ្ងន់ថា​ក្នុង​រយៈពេល​១៤​នេះ អ្នក​ដែល​ទើបនឹង​មកពី​បរទេស​គ្រប់រូប មិនត្រូវ​ស្និទ្ធស្នាល​ជាមួយ​ក្រុមគ្រួសារ​ឡើយ​។


 
​ការអំពាវនាវ​នេះ បានធ្វើ​ឡើង​ក្រោយ​លេចឮ​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ នាំគ្នា​សម្រុក​ចូលមក​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​។ លើសពី​នេ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បានទាមទារ​ឲ្យ​ពលរដ្ឋ​គ្រប់រូប ដែល​ទើប​មកពី​បរទេស និង​មកពី​ខេត្ត​ឆ្ងាយៗ ត្រូវ​រក្សា​អនាម័យ​ជាប្រចាំ និង​ជឿ​ទៅលើ​ការណែនាំ​របស់​ពេទ្យ ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រាលដាល នាពេល​ប​ច្នុ​ប្បន្ន​។​
 
​បន្ទាប់ពី​មាន​លេចឡើង​នូវ​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ្នករកស៊ី និង ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ នាំគ្នា​សម្រុកចូល​កម្ពុជា​វិញ នៅតាម​ច្រកព្រំដែន​នានា នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង ឧ​ត្ត​រ​មានជ័យ ជាដើម​នោះ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល  បាន​អំពាវនាវ​ដល់​អ្នក​ទាំង​នោះ ឲ្យ​តាមដាន​សុខភាព និង​កុំ​សិ្ន​ត​ស្នាល​ជាមួយ​សមាជិកគ្រួសារ​ក្នុង​រយៈពេល​១៤​ថ្ងៃ ដើម្បី​ចូលរួម​អនុវត្ត​វិធានការ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បញ្ចៀស​ការចម្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ឬ​នៅក្នុង​ភូមិឋាន​ដែល​ខ្លួន​រស់នៅ​។ 
 
​អ្នកស្រី បញ្ជាក់ថា​៖«​បើ​សុខភាព​លោក​-​អ្នកមាន​អ្វី​ខុស​ប្រក្រតី ឬ​មាន​រោគសញ្ញា​ណាមួយ​សង្ស័យ​ពាក់ព័ន្ធ​ជំងឺ​បង្កដោយ​មេរោគ​កូ​វីដ​-១៩ សូម​ប្រញាប់​ទាក់ទង​ទៅកាន់​ក្រុមគ្រូពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​រាយការណ៍​តាម​លេខ​ទូរ​សព្ទ ១១៥»​។ 
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ផងដែរ ឲ្យ​ចូលរួម​ទប់ស្កាត់​ការចម្លង​មេរោគ​កូ​វីដ​-១៩ តាមរយៈ​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ណែនាំ​ពួកគាត់ ឲ្យ​អនុវត្ត​វិធាន​នានា​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ដាក់ចេញ​កន្លងមក​។ 
 
​ជាមួយគ្នានេះ លោក ហេង សួរ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហោះ​វីដេអូ​ឃ្លី​ប​លើ​គណនី​ហ្វេ​ស​ប៊ុ​កលោក ដោយ​អំពាវនាវ​ដល់​ពលករ​ទើប​ត្រឡប់​មកពី​បរទេស​និង​តំបន់​ឆ្ងាយៗ កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជិត​សិ្ន​ទ​ជាមួយ​សាច់ញាតិ  និង​ការជួបជុំ​ណាមួយ​ជាមួយ​មិត្តភក្តិ ឬ​ព្យាយាម​នៅ​ដាច់ដោយឡែក​ពី​គេ​ក្នុង​រយៈពេល​១៤ ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង​។ លោក និយាយ​ដូច្នេះ​ថា​៖«​បងប្អូន​ដែល​ទើប​មកពី​ខេត្ត​ឆ្ងាយ ឬ​បរទេស មេត្តា​កុំអាល​ស្និទ្ធស្នាល​ជាមួយ​ក្រុមគ្រួសារ​ពេក​។ សូម​រង់ចាំ​១៤​ថ្ងៃ​សិន បើ​អ្នក​ស្រឡាញ់​គ្រួសារ​អ្នក​»​។ 
 
​លោក ហេង សួរ បាន​លើកឡើងថា ថ្វី​ដ្បិត​ពលរដ្ឋ​ដែល​មក​កម្ពុជា​ធ្វើដំណើរ​ចេញពី​តំបន់​ឬ​កន្លែង​មាន​សុវត្ថិភាព ដោយ​មិនមាន​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​ក្នុងអំឡុង​ពេលដែល​ពួកគេ ធ្វើដំណើរ​មក​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ គឺ​មិនដឹងថា​ឆ្លងកាត់ និង​ប៉ះពាល់​ជាមួយ​អ្វីខ្លះ​នោះទេ​។ ដូច្នេះ ហានិភ័យ​នៃ​ការឆ្លង​មេរោគ​នានា ពិសេស​មេរោគ​កូ​វីដ​-១៩ គឺមាន ដែល​ទាមទារ​ឲ្យ​លោក​-​អ្នក​យកចិត្តទុកដាក់ ការពារ​សុខភាព​ខ្លួនឯង ក៏ដូចជា​សុខភាព​ក្រុមគ្រួសារ  និង​មិត្តភក្តិ ពី​ការឆ្លង​មេរោគ​កូ​វីដ​-១៩​។ 
 
​ចំណែក សម្តេច ស ខេង បាន​មានប្រសាសន៍ថា មាន​ពលរដ្ឋ​ខ្មែរ​មិនតិចជាង​១​ពាន់​នាក់​ទេ ដែល​បាននាំគ្នា​ចាក​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរ​ដូង​ក្នុង​ខេត្តបាត់ដំបង ហើយ​បន្ត​ធ្វើដំណើរ​ទៅផ្ទះ​កំណើត​រៀងៗ​ខ្លួន ដោយ​មិនបាន​ត្រួតពិនិត្យ​សុខភាព​អ្វី​ឡើយ ពិសេស​មិនបាន​ត្រួតពិនិត្យ​រក​អ្នក​សង្ស័យ​ផ្ទុកមេរោគ​កូ​វីដ​-១៩​។ គេ​បានឮ​ប្រសាសន៍​របស់​សម្តេច តាមរយៈ​សំឡេង ដែល​ត្រូវបាន​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០២០​។​
 
​ផ្អែកលើ​បញ្ហា​ដែល​ពលរដ្ឋ​នាំគ្នា​មក​ស្រុកកំណើត​ដោយ​មិន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​បែបនេះ សម្តេច​រដ្ឋមន្ត្រី បានស្នើ​អភិបាលខេត្ត​នីមួយៗ ណែនាំ​មន្ត្រី​មូលដ្ឋាន ពិសេស​ថ្នាក់ភូមិ​-​ឃុំ ឲ្យ​រាយការណ៍​ចំនួន​អ្នក​ទើប​មកពី​បរទេស ពិសេស​មកពី​ប្រទេស​ថៃ ហើយ​បញ្ជូន​គ្រូពេទ្យ​ឲ្យ​ទៅពិនិត្យ​អ្នក​ទាំងនោះ​។ 
 
​សម្តេច​រដ្ឋមន្ត្រី បន្តថា គ្រប់​មូលដ្ឋាន​នៃ​ខេត្ត​ទាំងអស់ ដែល​រកឃើញ​អ្នក​ទើប​មកពី​បរទេស ត្រូវ​ប្រាប់​មន្ត្រី​ជំនាញ​ផ្នែក​សុខភាព និង​ណែនាំ​អ្នក​ទាំងនោះ​ឲ្យ​សម្ងំ​ឬ​សម្រាក​នៅក្នុង​ផ្ទះ​ចំនួន​១៤ ដោយ​រក្សា​គម្លាត មិន​ប៉ះពាល់ ឬ​មិនមាន​ទំនាក់ទំនង​ជិត​សិ្ន​ត​ជាមួយ​សមាជិក​ក្នុង​គ្រួសារ និង​អ្នកដទៃ ដើម្បី​បង្ការ​ការឆ្លង​មេរោគ​កូ​វីដ​-១៩​។ រដ្ឋមន្ត្រី​មហាផ្ទៃ និយាយ​ដូច្នេះ​៖«​គ្រប់​មូលដ្ឋាន បើ​សង្ស័យថា​ពលរដ្ឋ​ក្នុង​តំបន់​របស់ខ្លួន ពិសេស​អ្នក​មកពី​បរទេស​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ត្រូវ​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​យក​កំហាក ឬ​សំណាក ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ​»​។   
 
​លើសពីនេះ​ទៀត សម្តេច  បានដាក់​កំហិត​ឲ្យ​អភិបាលខេត្ត​នីមួយៗ ត្រូវ​ម្ចាស់ការ​លើ​បញ្ហា​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​របស់ខ្លួន ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ឬ​ប្រទេស​នានា ដោយ​ត្រូវ​ត្រួតពិនិត្យ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការឆ្លង​មេរោគ​មេរោគ​កូ​វីដ​-១៩​។ 
 
​សូមជម្រាបថា ច្រកទ្វារព្រំដែន​គោក​ទាំង​២៤​រវាង​កម្ពុជា​-​ថៃ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​។ មុន​មួយថ្ងៃ​-​ពីរ​ថ្ងៃ​នៃ​ការបិទ​ព្រំដែន មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា ពលរដ្ឋ​កម្ពុជា បាននាំគ្នា​សម្រុក​ចេញពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​នានា​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ មាន​ជិត​១៩០​ប្រទេស​និង​ដែនដី បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​។ ចំណែក កម្ពុជា បាន​រកឃើញ​មនុស្ស​៨៦​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន​២​នាក់ បានជា​សះស្បើយ​វិញ គឺ​បុរស​ជនជាតិ​ចិន​និង​ស្ត្រី​ជនជាតិ​អង់គ្លេស​៕ 

Tag:
 ពលករ​
  មេរោគ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com