COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ចេញ​លុយ​ផ្ទាល់ខ្លួន ជួយ​ពេទ្យ​នៅ​ព័រ​ទុយ​ហ្គា​ល់​ប្រឆាំង COVID-19
23, Mar 2020 , 10:39 pm        
រូបភាព
Cristiano Ronaldo នឹង​សហការ​ជាមួយ​ភ្នាក់ងារ​របស់ខ្លួន​លោក Jorge Mendes ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​រលាក​សួត (COVID-19) ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់ តាមរយៈ​ការចំណាយ​ប្រាក់​របស់ខ្លួន​សម្រាប់​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​។​


 
​កាសែត​អេ​ស្ប៉ា​ញ AS ផ្សាយ​ថា ភ្នាក់ងារ​កីឡាករ​សញ្ជាតិ​ព័រទុយហ្កាល់​លោក Mendes បានផ្តល់​សម្លៀកបំពាក់​ការពារ​សម្រាប់​គ្រូពេទ្យ​ចំនួន ២០០០០០ សម្រាប់ និង​ម៉ាស៊ីន​ខ្យល់​ទំនើប​ចំនួន ៣ ទៅ​ឲ្យ​មន្ទីរពេទ្យ Sao Jao ក្នុង​ទីក្រុង Porto ប្រទេស​ព័រ​ទុយ​ហ្គា​ល់​រួចហើយ សម្រាប់​ប្រើ​ក្នុង​វិបត្តិ​នៃ​ជំងឺឆ្លង COVID-19​។​
 
​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ដ៏​លំបាក​នេះ Ronaldo ខ្សែប្រយុទ្ធ​ក្រុម Juventus ក៏​នឹង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​រកបាន​ពី​វិស័យ​បាល់ទាត់​មួយចំនួន​ដើម្បី​ចូលរួម​ជួយ​ក្នុង​ប្រតិបត្តិការ​កម្ចាត់​ជំងឺឆ្លង​ដ៏​គ្រោះថ្នាក់​នេះដែរ​។​
 
​ខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៥​ឆ្នាំ នឹងចូលរួម​ជាមួយ​ភ្នាក់ងារ​កីឡាករ លោក Mendes ដោយ​ចំណាយ​ប្រាក់​របស់ខ្លួន​ដើម្បី​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្ភារ​ផ្សេងៗ​សម្រាប់​ផ្តល់​ឲ្យ​មន្ទីរពេទ្យ​ណា​ដែល​ត្រូវការ​ចាំបាច់​យកទៅ​ព្យាបាល​អ្នកជំងឺ COVID-19 ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​
 
Ronaldo បានដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​នៅឯ​ផ្ទះ​លំហែ​មួយ​នៅ​តំបន់ Madeira ប្រទេស​ព័រ​ទុយ​ហ្គា​ល់ បន្ទាប់ពី​មិត្ត​រួម​ក្រុម Juventus របស់គេ​កីឡាករ Daniele Rugani ពិនិត្យឃើញថា​ឆ្លង COVID-19​។​
 
​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid និង Manchester United ដែល​រកចំណូលបាន ៨០ លាន​ផោន (៩៣​លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយឆ្នាំ​រូបនេះ កំពុង​ត្រៀម​ចំណាយ​ប្រាក់​របស់ខ្លួន​បន្ថែមទៀត​ជាមួយ​លោក Mendes ដើម្បី​ទិញ​ម៉ាស់​ការពារ​ចំនួន ៥ ម៉ឺន​សន្លឹក និង​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​ទៀត​។​
 
​នេះ​មិនមែនជា​សកម្មភាព​មនុ​ស្ស​ធម៌​លើកដំបូង​របស់ Ronaldo ឡើយ​។ ម្ចាស់​ពាន Ballon D'Or ៥ សម័យ ធ្លាប់បាន​បរិច្ចាគ​ប្រាក់​ជិត​៦​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ប្រទេស​នេ​ប៉ាល់​បន្ទាប់ពី​ជួប​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​កាលពី​ឆ្នាំ​២០១៥ និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​។​
 
​ក្រោយ​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន មកទល់​ថ្ងៃទី​២៣ ខែមីនា​នេះ ព័រទុយហ្កាល់​មាន​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន​១៤​នាក់ ឆ្លង​១៦០០​ករណី និង​សះស្បើយ​៥​ករណី​៕

Tag:
 COVID-19
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com