COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង​៖ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កាត់​ប្រាក់ខែ​៣០​ភាគរយ​ជា​វិភាគទាន​ប្រឆាំង​COVID-19
23, Mar 2020 , 5:42 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ឯទៀត សម្រេចចិត្ត​កាត់​ប្រាក់ខែ​៣០​ភាគរយ​ចំនួន​បួន​ខែ​ដើម្បី​ចូលរួម​ជា​វិភាគទាន​ក្នុងការ​យុទ្ធនា​ការប្រឆាំង​ជំងឺ COVID-19 ។ ជាមួយគ្នា​នោះ ក៏មាន​ការស្នើ​ឲ្យ​សមាជិកសភា​កូរ៉េខាងត្បូង​ចូលរួម​ក្នុងការ​បរិច្ចាគ​នេះ​ផងដែរ​។ សព្វថ្ងៃ ស្ថានការណ៍ COVID-19 នៅ​កូរ៉េខាងត្បូង បាន​ធូរស្រាល​បន្តិច​ហើយ ដោយ​ករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

 
​ក្រោយ​កិច្ចប្រជុំ​បន្ទាន់​ស្ដីពី COVID-19 នៅ​ថ្ងៃទី​២១ ខែមីនា លេខាធិការដ្ឋាន​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង ប្រកាសថា សមាជិក​គណៈរដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​ចំណុះ​រដ្ឋាភិបាល សម្រេចចិត្ត​កាត់​ប្រាក់ខែ​របស់​ពួកគេ​ដើម្បី​ជួយ​ទ្រទ្រង់​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ដែល​អុកឡុក​ក្នុងប្រទេស​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Korea Times ។​
 
​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន នាយករដ្ឋមន្ត្រី ជុង សេ​ឃ្យុ​ន និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត ក៏​ចូលរួម​ក្នុង​ការផ្ដល់​វិភាគទាន​នេះដែរ ដោយ​ប្រាក់​ចំនួន​៣០​ភាគរយ​ចំនួន​បួន នឹង​បង្វិល​ចូល​ហោប៉ៅ​រដ្ឋ​វិញ ហើយ​ក្រសួង​ហិរញ្ញវត្ថុ នឹង​ប្រើប្រាស់​លុយ​នេះ​ការងារ​ច​ត្តា​ឡី​ស័ក និង​ឧបត្ថម្ភ​ឲ្យ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ COVID-19 ។ បើតាម​លេខាធិការដ្ឋាន​ដដែល ការបរិច្ចាគ ជាការ​ចែករំលែក​ទុក្ខលំបាក​ជាមួយ​ប្រជាជន ហើយ​មន្ត្រីជាន់ខ្ពស់​ឯទៀត​អាច​ចូលរួម​ផងដែរ​។​
 
​ប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រកាស​នេះ អភិបាលខេត្ត South Gyeongsang ក៏​ប្រកា​សកាត់​ប្រាក់ខែ​រប​សើ​ខ្លួន​ផងដែរ​។ លោក Kim Kyoung-soo អះអាងថា លោក​នឹង​ឲ្យ​ប្រាក់ខែ​របស់លោក​ទៅ​ឲ្យ​រដ្ឋ​វិញ​ជាការ​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19 ។ ប៉ុន្តែ​អភិបាលខេត្ត​រូបនេះ​ស្នើ​ឲ្យ​ការ​កាត់​ប្រាក់ខែ​នេះ ចូលរួម​ត្រឹម​កម្រិត​មន្ត្រីជាន់ខ្ពស់​បាន​ហើយ និង​មិនចាំបាច់​បញ្ចូល​មន្ត្រី​ថ្នាក់ក្រោម​ដែល​រងគ្រោះ​ដោយសារ COVID-19 ឡើយ​។​
 
​បន្ទាប់ពី​ការប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី ប្រជាជន​កូរ៉េខាងត្បូង​ជាច្រើន​បាន​សាទរ​នឹង​សកម្មភាព​បែបនេះ​។ អ្នកប្រើប្រាស់​អ៊ីនធឺណិត​ខ្លះ​ថែមទាំង​ចង់​ឲ្យ​សមាជិកសភា​កូរ៉េខាងត្បូង​ចូលរួម​ក្នុងការ​បរិច្ចាគ​នេះ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ករណី​ឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង បាន​បន្ត​ធ្លាក់ចុះ​គួរ​ឲ្យ​ត្រេកអរ បន្ទាប់ពី​ហក់​ឡើង​ខ្ពស់ជាង​មួយខែ​មក​។ នៅ​ថ្ងៃទី​២៣ ខែមីនា កូរ៉េខាងត្បូង​បានប្រកាស​ពី​ករណី​ឆ្លង​ថ្មី​ចំនួន​៦៤​ប៉ុណ្ណោះ ដែលជា​ការធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់បំផុត​ជិត​៨០០​ករណី​ក្នុង​មួយថ្ងៃ​នាពេល​កន្លងមក​។ តួលេខ​សរុប​នៅ​កូរ៉េខាងត្បូង គឺ​៨៩៦១​ករណី ឯ​អ្នក​ស្លាប់មាន​ចំនួន​១១១​នាក់ ដែល​ភាគច្រើន​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​ផង​៕

Tag:
 កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com