COVID-19
ជាតិ
ខេត្ត​មួយចំនួន ចាប់ផ្តើម​ជ្រើសរើស​ទីតាំង សម្រាប់​ពិនិត្យ និង​ដាក់​អ្នក​ផ្ទុក​កូ​វីដ​-១៩
23, Mar 2020 , 10:59 pm        
រូបភាព
ដោយ:
​រដ្ឋបាលខេត្ត​មួយចំនួន ចាប់ផ្តើម​ជ្រើសរើស​ទីតាំង ដើម្បី​ពិនិត្យ និង​ដាក់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ ខណៈ​ចំនួន​អ្នក​ឆ្លង​នៅ​កម្ពុជា​ចេះតែ​បន្ត​កើនឡើង​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​​កូ​វីដ​-១៩ ចំនួន​៨៦​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​២​នាក់​។

 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ បាន​ជំរុញ​ឲ្យ​ខេត្ត​នីមួយៗ ស្វែងរក​ទីតាំង​តាម​សាលារៀន សណ្ឋាគារ និង កន្លែង​ផ្សេងៗ ដើម្បី​រៀបចំ​ធ្វើជា​ទីតាំង​សម្រាប់​ពិនិត្យ និង​ដាក់​អ្នក​ផ្ទុកជំងឺ​កូ​វីដ​-១៩​។ ការដាក់ចេញ​វិធានការ​បែបនេះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​ក្រោយ​ចំនួន​អ្នក​ផ្ទុកជំងឺកូ​វីដ​-១៩ នៅ​កម្ពុជា បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ 
 
​ដើម្បី​រួមចំណែក​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​​​កូ​វីដ​-១៩ និង​ក្រោយ​មាន​បញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​មួយចំនួន​បាន​ចុះ​ត្រួតពិនិត្យ និង​ជ្រើសរើស​ទីតាំង​រួចរាល់​ហើយ ហើយ​ក៏មាន​ខេត្ត​មួយចំនួនទៀត​កំពុង​ស្វែងរក និង​ពិចារណា​ក្នុងការ​ជ្រើសរើស​ទីតាំង​។ 
 
​ខេត្តតាកែវ បានសម្រេច​ជ្រើស​រើសយក​មជ្ឈមណ្ឌល​គ​រុ​កោសល្យ​ភូមិភាគ​តាកែវ ធ្វើជា​ទីតាំង​សម្រាប់​ពិនិត្យ និង​ដាក់​អ្នក​សង្ស័យ ឬ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​។ អគារ​នេះ​មាន​កម្ពស់​៣​ជាន់ មាន​៦០​បន្ទប់​។ ប៉ុន្តែ​មកទល់ពេលនេះ ខេត្តតាកែវ​ពុំទាន់​រកឃើញ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ នៅឡើយ​ទេ​។ 
 
​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បញ្ជាក់ថា​៖«​អគារ​ស្នាក់នៅ​របស់​គ​រុ​សិស្ស​នេះ មាន​បន្ទប់​នីមួយៗ​បំពាក់​រួចជាស្រេច​នូវ​ទឹក ភ្លើង បន្ទប់ទឹក និង​កង្ហារ​ជាដើម​។ ប៉ុន្តែ​បន្ទប់​នីមួយៗ​មិនទាន់​ស្អាត ដូច្នេះហើយ យើង នឹង​សម្អាត​អគារ​នេះ​ឲ្យ​ស្អាត និង​មាន​អនាម័យ​។ ពិសេស​គឺ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​ស្អាត​ល្អ​សិន ហើយនឹង​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជូន​គ្រែ ព្រមទាំង​សម្ភារ និង​បរិក្ខារ​ពេទ្យ​មួយចំនួន​ថែមទៀត​»​។ 
 
​ខេត្តបាត់ដំបង បានជ្រើសរើស​យក​វិទ្យាល័យ​ព្រះមុនីវង្ស ធ្វើជា​ទីតាំង​សម្រាប់​ពិគ្រោះ និង​ផ្តល់​សេវា​ត្រួតពិនិត្យ​អ្នក​ដែល​សង្ស័យ​មាន​ផ្ទុកជំងឺ​កូ​វីដ​-១៩​។ បច្ចុប្បន្ន​ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​​​កូ​វីដ​-១៩ ចំនួន​៨​នាក់ ដែល​អ្នក​ឆ្លង​ទាំងនោះ ជា​ជនជាតិខ្មែរ​។   
 
​រដ្ឋបាលខេត្ត​បាត់ដំបង សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​រដ្ឋបាលខេត្ត​បាត់ដំបង បានកំណត់​យក​ផ្នែក​អគារ​ខាងលិច​ជាប់​របង និង​រៀបចំ​ចំនួន​៥​បន្ទប់​ផ្នែក​ជាន់​ផ្ទាល់​ដី ដើម្បី​ត្រៀម​ប​ម្រុង​ទុក​ ក្នុង​ការទទួល​ពិគ្រោះ និង​ការផ្តល់សេវា​ត្រួតពិនិត្យ​ចំពោះ​បងប្អូន ដែល​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត និង​បងប្អូន​ដែល​សង្ស័យថា មាន​ពាក់ព័ន្ធ​មកពី​តំបន់​ដែល​កំពុងតែ​កើត​ជំងឺឆ្លង ដោយនៅ​ទីនោះ មានការ​ថែទាំ​ និង​ការផ្តល់សេវា​ពិគ្រោះ ​និង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ប្រចាំការ​នៅ​ទី​នះ​»​។ 
 
​ខេត្តកំពត​ ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ២​នាក់ ​ជា​ជនជាតិ​ម៉ាឡេស៊ី បានសម្រេច​ជ្រើស​រើសយក​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ព្រះរាជ​សម្ភារ ធ្វើជា​ទីតាំង​ពិនិត្យ​ និង​ដាក់​អ្នក​ផ្ទុក​កូ​វីដ​-១៩​។ ខេត្ត​នៅជាប់​មាត់សមុទ្រ​មួយ​នេះ អះអាងថា កំពុងតែ​ពិនិត្យមើល​លទ្ធភាព ​ក្នុង​ការជួល​សណ្ឋាគារ ធ្វើជា​ទីតាំង​បន្ថែមទៀត​។ 
 
​ខេត្តកណ្តាល បានជ្រើសរើស​យក​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ធ្វើជា​កន្លែង​ពិនិត្យ ​និង​ព្យាបាល​អ្នក​ផ្ទុក​ទៀត​។ បច្ចុប្បន្ន​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​មួយ​នេះ បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ ចំនួន​១​នាក់​ជា​ជនជាតិខ្មែរ​។ 
 
​ខេត្តកំពង់ស្ពឺ ជ្រើស​រើសយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ​ក​ម្ពុ​ជា​-​កូរ៉េ​។ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅក្រៅ​ប្រទេស ត្រូវ​ទៅពិនិត្យ​ស្វែងរក​ ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​។ បន្ថែម​លើ​នេះ លោក ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន និង​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ តាមរយៈ​ការ​លាងដៃ​សម្អាត​ជាប្រចាំ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​។ មកដល់ពេលនេះ ខេត្តកំពង់ស្ពឺ ពុំទាន់​មាន​ករណី​ឆ្លង​​កូ​វីដ​-១៩ នៅឡើយ​ទេ​។ 
 
​ខេត្តព្រៃវែង សម្រេច​ជ្រើស​រើសយក​សណ្ឋាគារ​ចុង​ប៉ម​, ផ្ទះសំណាក់​គ្រូបង្រៀន និងសាលាបឋមសិក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ខេត្តព្រៃវែង ធ្វើជា​ទីតាំង​ពិនិត្យ ព្យាបាល និង ដាក់​អ្នក​ផ្ទុកជំងឺកូ​វីដ​-១៩​។ ទីតាំង​ទាំងបី​នេះ មាន​បន្ទប់​សរុប​១០៣​បន្ទប់​។ ខេត្តព្រៃវែង ពុំទាន់​មាន​ករណី​ឆ្លង​នោះទេ​។ 
 
​ទីតាំង​ពិនិត្យ ព្យាបាល និង​ដាក់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​សណ្ឋាគារ​ឆៃ​ណា​មេមត់​។ ប​ច្ច​ប្បន្ន​ខេត្ត​នេះ រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤​នាក់ ជា​ជនជាតិខ្មែរ​។  
 
​សៀមរាប ដែលជា​ខេត្ត​មាន​ករណី​ឆ្លង​​​កូ​វីដ​-១៩ លើ​បុរស​ជនជាតិខ្មែរ​ដំបូង​គេ មិន​ជ្រើស​រើសយក​សាលារៀន​នោះទេ គឺ​កំពុង​ពិចារណា​ជួល​សណ្ឋាគារ ធ្វើជា​ទីតាំង​ពិនិត្យ និង​ដាក់​អ្នក​សង្ស័យ​ និង​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​។ បច្ចុប្បន្ន​ខេត្តសៀមរាប មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ២​ករណី​លើ​ជនជាតិខ្មែរ​។ 
 
​ក្រៅពី​ខេត្ត​ខាងលើ ក៏មាន​ខេត្ត​មួយចំនួនទៀត ​កំពុង​ពិនិត្យ​និង​ស្វែងរក​ទីតាំង ដើម្បី​រៀបចំ​ធ្វើជា​កន្លែង​សម្រាប់​ពិនិត្យ និង​ដាក់​អ្នក​ផ្ទុក និង​អ្នក​សង្ស័យ​ឆ្លង​​​កូ​វីដ​-១៩​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ផ្ទុកជំងឺ​កូ​វីដ​-១៩ ចំនួន​៨៦​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​២​នាក់ គឺ​បុរស​ជនជាតិ​ចិន និង​ស្ត្រី​ជនជាតិ​អង់គ្លេស​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com