COVID-19
អន្តរជាតិ
COVID-19៖ អូស្ត្រាលី​បិទ​ទីសាធារណៈ​មួយចំនួន ក្រោយ​ប្រជាជន​បន្ត​ការជួបជុំ​
23, Mar 2020 , 11:59 pm        
រូបភាព
ឆ្នេរ Bondi នៅអូស្រ្តាលី ត្រូវអាជ្ញាធរបិទបណ្តោះអាសន្ន។ រូបភាព៖ EPA-EFE
ឆ្នេរ Bondi នៅអូស្រ្តាលី ត្រូវអាជ្ញាធរបិទបណ្តោះអាសន្ន។ រូបភាព៖ EPA-EFE
​អូស្ត្រាលី នា​ថ្ងៃទី​២៣ ខែមីនា បានសម្រេច​បិទ​កន្លែង​សាធារណៈ កន្លែង​ជួបប្រជុំ កន្លែង​កម្សាន្ត​មួយចំនួន ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស​។ ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាជន​អូស្ត្រាលី​មួយចំនួន មិន​គោរព​តាម​អនុសាសន៍​របស់​រដ្ឋាភិបាល​ឲ្យ​រក្សា​គម្លាត​ពី​សង្គម (Social Distancing) និង​ការ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​។


 
​បើទោះបីជា​រដ្ឋាភិបាល​អូស្ត្រាលី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន កុំ​ចេញមក​ទីសាធារណៈ និង​មានការ​ជួបជុំ​ក៏ដោយ ភាគច្រើន​នៃ​ប្រជាជន​អូស្ត្រាលី មិន​ស្តាប់​តាម​ការផ្តល់​ដំបូន្មាន​នេះឡើយ ហើយ​នៅតែ​បន្ត​ចេញ​ដើរ​តាម​ទីសាធារណៈ និង​ទៅ​កន្លែង ដែលមាន​មនុស្ស​ប្រមូលផ្តុំ​គ្នា​ដដែល ដោយ​មិន​ខ្លាច​ឆ្លង COVID-19 ។ ជាក់ស្តែង ប្រជាជន​អូស្ត្រាលី​ជាច្រើន នៅតែ​បន្តទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ Bondi ដដែល ខណៈពេល COVID-19 កំពុង​អុកឡុក​នៅក្នុង​ប្រទេស​។ 
 
​ដោយសារតែ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison បាន​និយាយ​នៅក្នុង​សភា​អូស្ត្រាលី​យ៉ាង​ដូច្នេះ​ថា​៖ «​គ្មាន​ទៀតឡើយ ការ​ទៅ​តៀមស្រា បន្ទាប់ពី​ចេញ​ធ្វើការ​។ គ្មាន​ឡើយ​ការធ្វើ​លំ​ហាត់ប្រាណ​នៅពេល​ព្រឹក​។ គ្មាន​ឡើយ​ការនិយាយ​គ្នា នៅ​ហាង​កាហ្វេ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​បើតាម​លោកនាយក​រដ្ឋមន្ត្រី ស្ថានការណ៍​អូស្ត្រាលី​ពេលនេះ កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច និង​សុខភាព​យ៉ាងខ្លាំង​។ ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា ការបិទ​ទីតាំង​សាធារណៈ កន្លែង​កម្សាន្ត​បែបនេះ អាចមាន​រយៈពេល​រហូត​ដល់ ៦​ខែ​ឯណោះ​។ 
 
​បើ​គ្មាន​ការប្រែប្រួល​ទេ អូស្ត្រាលី នឹង​ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ស្នាក់​នៅផ្ទះ បិទ​អាជីវកម្ម​មួយចំនួន ដូចជា​ក្លឹប​កីឡា តៀមស្រា រោងកុន បារ និង​ព្រះវិហារ​មួយចំនួន​។ ការណ៍​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្តាល​ថ្ងៃទី​២៣ ខែមីនា​តទៅ​។ 
 
​យ៉ាងណាក៏ដោយ ផ្សារ​លក់ទំនិញ កន្លែង​លក់​ថ្នាំពេទ្យ ការដឹកជញ្ជូន និង​កន្លែង​លក់រាយ នឹងមិន​ត្រូវបាន​គេ​បិទ​នោះទេ​៕ 

Tag:
 អូ​ស្រា​លី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com