COVID-19
អន្តរជាតិ
អាមេរិក បន្តបិទរដ្ឋមួយចំនួនដើម្បីទប់ស្កាត់ការកើនឡើងនៃ COVID-19 ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
× មួយរយៈចុងក្រោយនេះ អាមេរិកបានរងគ្រោះយ៉ាងខ្លាំង ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស( COVID-19)។ នាថ្ងៃទី២២ ខែមីនា អាមេរិក បានប្រកាសបិទរដ្ឋមួយចំនួន ដើម្បីទប់ស្កាត់ករណីឆ្លងនៃ COVID-19 នៅក្នុងប្រទេស ខណៈពេលរដ្ឋមួយចំនួន បានប្រកាសបិទរួចហើយ នាថ្ងៃទី២១ ខែមីនា កន្លងមក។
តួលេខCOVID-19 នៅអាមេរិក បានកើនឡើងយ៉ាងគំហុក។ គ្រាន់តែថ្ងៃទី២២ ខែមីនា អាមេរិក បានរកករណីឆ្លងកូរ៉ូណាវីរុសរហូតដល់ចំនួន ៩៣៣៩ករណីឯណោះ ខណៈពេលអ្នកស្លាប់មានចំនួន ១១៧នាក់។ តួលេខCOVID-19 សរុបនៅអាមេរិក បានកើនដល់ ៣៣៥៤៦ករណី ខណៈអ្នកស្លាប់បានកើនដល់ ៤១៩ករណី។ ពេលនេះ អាមេរិក បានក្លាយជាប្រទេសមានកូរ៉ូណាវីរុសច្រើនជាងគេលំដាប់ទី៣ បន្ទាប់ចិន និងអ៊ីតាលី។
ពាក់ព័ន្ធនឹងបញ្ហានេះ អាមេរិក ត្រៀមរឹតត្បិតលើការធ្វើដំណើរ និងឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះ នៅក្នុងរដ្ឋចំនួន ៣បន្ថែមទៀត ដូចជា រដ្ឋ Ohio រដ្ឋ Louisiana និងរដ្ឋ Delaware។ កន្លងមកអាមេរិក បានរឹតត្បិតការធ្វើដំណើរនៅក្នុងរដ្ឋមួយមួយចំនួនដូចជា រដ្ឋ New York រដ្ឋ California រដ្ឋ Illinois រដ្ឋ Connecticut និងរដ្ឋ New Jersey រួចមកហើយ ដើម្បីទប់ស្កាត់ការរីកសាយភាយនៃ COVID-19 នៅក្នុងប្រទេស។
ប្រសិនគ្មានការប្រែប្រួលទេ បទបញ្ជារឹតត្បិតនៅក្នុងរដ្ឋ Ohio នឹងចូលជាធរមាននៅថ្ងៃ២៣ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា។ ដោយឡែកសម្រាប់រដ្ឋLouisiana បទបញ្ជានឹងចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា វេលាម៉ោង៥ល្ងាច។ ខុសពីរដ្ឋ Ohio និងរដ្ឋ Louisiana បទបញ្ជារឹតត្បិតការធ្វើដំណើរនៅក្នុងរដ្ឋ Delaware នឹងចូលជាធរមាននៅម៉ោង៨ព្រឹកនាថ្ងៃទី២៤ ខែមីនា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ថែមពីលើនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាទីភ្នាក់ងារគ្រប់គ្រងបញ្ហាអាសន្នលើរដ្ឋសហព័ន្ធ(FEMA) ត្រៀមស្ថានីយ៍វេជ្ជសាស្ត្រនៅក្នុងរដ្ឋចំនួន ៣ផងដែរ ក្នុងនោះមានដូចជា New York, California និងWashington។ សម្រាប់ស្ថានីយនៅក្នុងរដ្ឋ California នឹងមានគ្រែអ្នកជំងឺចំនួន ២ពាន់គ្រែ ខណៈពេល New York និងWashington មាន១ពាន់គ្រែរៀងៗខ្លួន។
ក្រៅពីវិធានការខាងលើ អាមេរិក ត្រៀមពង្រាយទាហានរបស់ខ្លួននៅក្នុងរដ្ឋមួយចំនួន ដើម្បីជួយសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន និងជួយការងារមួយចំនួនទៀត ដើម្បីទប់ស្កាត់ការីកសាយភាយកូរ៉ូណាវីរុសនៅក្នុងប្រទេស។ លើសពីនេះ អាមេរិកក៏បានដាក់ឲ្យប្រើប្រាស់នាវាវេជ្ជសាស្ត្រ សម្រាប់ដាក់អ្នកជំងឺ នៅក្នុងទីក្រុង Los Angeles ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com