បកស្រាយ​មន្ទិលសង្ស័យ​មួយចំនួន​ជុំវិញ «COVID-19»
COVID-19
អន្តរជាតិ
បកស្រាយ​មន្ទិលសង្ស័យ​មួយចំនួន​ជុំវិញ «COVID-19»
24, Mar 2020 , 8:59 am        
រូបភាព
​មានមតិ​មួយចំនួន​ត្រូវបាន​គេ​លើកឡើង​តាម​ការនិយាយ​តៗ​គ្នា ឬ​នៅលើ​ប្រព័ន្ធ​អ៊ីន​ធឺណិ​ត ​ដែល​ពេលខ្លះ​វា​អាច​បង្ក​ឲ្យ​ចេញ​ជា​ភាពចម្រូងចម្រាស​ផ្នែក​គំនិត​។ ខាងក្រោម​នេះ ​គឺជា​គំនិត​មួយចំនួន​ ដែល​ទាក់ទង​​នឹង​បញ្ហា​នៅ​ជុំវិញ​ប្រធានបទជំងឺ COVID-19 ដែល​ត្រូវបាន​ដកស្រង់​ចេញពី​គេហទំព័រ​ព័ត៌មាន The Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី​២១ ខែមីនា​នេះ​។


​មតិ​«​ម៉ាស់​ធម្មតា​មិនអាច​ការពារ​អ្នក​បានទេ​»
 
​ការពាក់​ម៉ាស់​ពេទ្យ​ធម្មតា​ ពិតជា​មិនអាច​ការពារ​អ្នក​ពី​វីរុស​កូ​រ៉ូ​ណា​បាន​ទាំងស្រុង​នោះទេ​។ វីរុស​ អាច​ចម្លង​នៅតាម​កន្លែង​ផ្សេងៗ​ទៀត​បាន ដូចជា​តាម​ភ្នែក​ជាដើម​។ វីរុស​ជាច្រើន​ មាន​ទំហំ​តូច​ខ្លាំងណាស់ ហើយ​វា​អាចមាន​លទ្ធភាព​​​ធ្វើដំណើរ ​កាត់​ស្រទាប់​របស់​ម៉ាស់​ធម្មតា​បាន​។ ប៉ុន្តែ​ម៉ាស់​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​តំណក់​ទឹកតូចៗ (​ដូចជា​តំណក់​ទឹកមាត់​នៅពេល​ក្អក​) ដែលជា​កន្លែង​ដែល​វីរុស​ងាយ​ចម្លង​ជាងគេ​។ 
 
​ការសិក្សា​មួយចំនួន​បាន​រកឃើញថា ការពាក់​ម៉ាស់​អាច​ការពារ​អ្នក​ពី​ជំងឺឆ្លង​បាន​រហូត​ទៅ​៥​ដង បើ​ប្រៀបធៀប​ទៅកាន់​អ្នក​ដែល​មិនមាន​ការការពារ​ទាំង​ស្រុង នៅក្នុង​កាលៈទេសៈ​មួយចំនួន​។ អ្នកជំងឺ​ ឬ​អ្នក​មើលថែ​អ្នកជំងឺ ​គួរតែមាន​ទម្លាប់​ប្រើប្រាស់​ម៉ាស់​ជានិច្ច​ ព្រោះ​វា​អាច​កាត់បន្ថយ​ភាគរយ ​នៃ​ការឆ្លង​បាន​ច្រើន​។ ប៉ុន្តែ​ចំពោះ​ការធ្វើដំណើរ​ធម្មតា ​នៅតាម​ទីសាធារណៈ ម៉ាស់​ប្រហែលជា​មិនមាន​ប្រ​សិ​ទ្ធភាព​អ្វី​ធំដុំ​នោះទេ​។ ហេតុដូចនេះ អ្នក​មិនគួរ​មានការ​ព្រួយបារម្ភ​ ក្នុងការ​ជាវ​ម៉ាស់​ស្តុក​ទុក​ច្រើន​ខ្លាំងពេក​នោះឡើយ​។ 
 
​មតិ​«​វីរុស​នេះ​បង្ក​ទុក្ខទោស​តែ​ទៅកាន់​អ្នក​ចាស់ជរា​ប៉ុណ្ណោះ មនុស្ស​វ័យក្មេង​មិនគួរ​ព្រួយបារម្ភ​ពេក​ទេ​»
 
​ចំពោះ​មនុស្ស​វ័យក្មេង​ដែល​នៅមាន​កម្លាំង​ពេញ ឬ​មនុស្ស​ដែល​មិនមាន​ជំងឺ​ប្រចាំកាយ​ធំដុំ ពួកគេ​អាចមាន​លទ្ធភាព​ខ្ពស់ ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹងជំងឺ COVID-19 ។ ប៉ុន្តែ​បើទោះបីជា​យ៉ាងនេះ​មែន វីរុស​មួយ​នេះ​ អាច​ទៅ​បង្ក​ឲ្យ​មាន​បញ្ហា​ខ្ពស់​ ទៅលើ​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​អ្នក​ដែល​នៅមាន​កម្លាំង​បាន ខ្លាំង​ជាង​ជំងឺ​ផ្តាសាយធំ​ធម្មតា​។ ប៉ុន្តែ​ការអនុវត្ត​តាម​ណែនាំ​របស់​អ្នកជំនាញ ដូចជា​ការតាមដាន​សុខភាព​របស់ខ្លួន​ញឹកញាប់ ឬ​ការរស់នៅ​ដោយ​ដាច់ដោយឡែក (Quarantine) របស់​មនុស្ស​វ័យក្មេង​ពេញកម្លាំង​ទាំងនោះ អាចធ្វើ​ឲ្យ​ល្បឿន​រាតត្បាត ​នៃ​ជំងឺ​ថយចុះ​បានដែរ ជាពិសេស​ការ​រាតត្បាត​បន្តទៅ​កាន់​មនុស្ស​ចាស់ជរា ​ដែល​រស់នៅ​ក្នុងផ្ទះ​តែមួយ​។​
 
​មតិ​«​អ្នក​ត្រូវ​នៅ​ជិត​អ្នកមាន​ផ្ទុក​វីរុស​រយៈពេល​១០​នាទី​ទើប​ឆ្លង​បាន​»
 
​ចំពោះ​ជំងឺ​ផ្តាសាយ ការណែនាំ​របស់​មន្ទីរ​ពេទ្យ​ខ្លះ​បាន​និយាយថា អ្នក​អាច​ឆ្លង​ជំងឺ​នេះ​បាន​លុះត្រាតែ​អ្នក​នៅ​ជិត​អ្នកជំងឺ​ផ្តាសាយ​ក្រោម​ចម្ងាយ​ជិត​២​ម៉ែត្រ និង​លុះត្រាតែ​អ្នកជំងឺ​នោះ​ក្អក ​ឬ​កណ្តាស់​លើសពី​១០​នាទី​។ ប៉ុន្តែ​ជារួម អ្នក​អាច​ឆ្លង​វីរុស​បាន​រហ័ស​ជាង​នេះ ប្រសិនបើ​អ្នក​ប៉ះ​វត្ថុ​ដែលមាន​ផ្ទុក​វីរុស​ដោយ​ចៃដន្យ​មិនបាន​ដឹង​។ 

​មតិ​«​វ៉ាក់សាំង​នឹងត្រូវ​បាន​គេ​ផលិត​ហើយ​ក្នុង​រយៈពេល​២​ទៅ​៣​ខែ​ទៀត​នេះ​»
 
​ការសិក្សា​ពី​ហ្សែ​ន (Genes) របស់ COVID-19 ដោយ​គ្រូពេទ្យ​ប្រទេស​ចិន ពិតជា​បាន​ជួយ​​​ព​ន្លឿ​ន​ពេល​ផលិត​វ៉ាក់សាំង​ក៏ពិតមែន ដោយសារតែ​សព្វថ្ងៃ​ការពិសោធន៍​នៃ​វ៉ាក់សាំង​មួយចំនួន ​ត្រូវបាន​គេ​កំពុងតែ​ធ្វើ​ទៅលើ​សត្វ​។ ប៉ុន្តែ​ការធ្វើ​តេស្ត​ពិសោធន៍​ជាច្រើន​ទៀត ​នៅតែ​ទាមទារ​ឲ្យ​មាន ជាមួយនឹង​ការចំណាយ​ពេល​យ៉ាងច្រើន មុននឹង​វ៉ាក់សាំង​នីមួយៗ​ អាច​នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ជា​លក្ខណៈ​ទូលំទូលាយ ដោយ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ ​ទៅលើ​រា​ង្គ​កាយ​របស់​មនុស្ស​។ វ៉ាក់សាំង​ការពារ​វីរុស​នេះ ​នឹងត្រូវ​អាច​គេ​ចេញ​ប្រើប្រាស់​ជាទូទៅ​យ៉ាង​លឿន​បំផុត ​ក៏​ត្រឹម​មួយឆ្នាំ​ទៀត​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com