COVID-19
អន្តរជាតិ
ប្រេ​សិតចិន ទាមទារ​ឲ្យ​លោក ត្រាំ ឈប់​ហៅ COVID-19 ជា «​វីរុស​របស់​ចិន​»
24, Mar 2020 , 9:39 am        
រូបភាព
លោក Cui Tiankai អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក
លោក Cui Tiankai អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ HBO នា​ថ្ងៃទី​២២ ខែមីនា លោក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក Cui Tiankai បានទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ឈប់​ការហៅ​កូ​រ៉ូ​ណាវី​រុស (COVID-19) ថា​ជា​«​វីរុស​របស់​ចិន​»​។ អគ្គរដ្ឋទូត​ចិន សំអាងថា អាមេរិក គួរតែ​គោរព​តាម​ការអនុវត្ត​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​មិនបាន​ទាញ​កូ​រ៉ូ​ណាវី​រុស​ទៅ​ភ្ជាប់​ជាមួយ​ប្រទេស​ណាមួយ​។


 
​ជម្លោះ​រវាង​អាមេរិក មិន​ត្រឹមតែ​កើត​លើ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេលនេះ​ក៏​រាលដាល​ដល់​រឿង​ហៅ​ឈ្មោះ​កូ​រ៉ូ​ណាវី​រុស ថា​ជា​របស់​ប្រទេស​ណាមួយ​វិញ​ម្តង​។ តាមរយៈ​ការសរសេរ​លើ​បណ្តាញ​សង្គម Twitter កន្លងមក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ហៅ​កូ​រ៉ូ​ណា​វីរុស​ថ្មី ថា​ជា «​វីរុស​របស់​ចិន​»​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ចិន​ក្តៅស្លឹកត្រចៀក​យ៉ាងខ្លាំង និង​ថា​ការអះអាង​របស់លោក​ត្រាំ គឺជា​ការ «​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​ចិន​»​។ ក្រោយមកទៀត តាមរយៈ​សន្និសីទកាសែត​ស្តីពី COVID-19 នា​ថ្ងៃទី​១៩ ខែមីនា លោក ត្រាំ បាន​ហៅ​កូ​រ៉ូ​ណា​វីរុស​ថា​ជា «​វីរុស​របស់​ចិន​» ម្តងទៀត​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Cui Tiankai អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក បាន​បញ្ជាក់ថា លោក​ត្រាំ បាន​ហៅ​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត (COVID-19) ថា​ជា​វីរុស​របស់​ចិន ម្តង​ហើយ​ម្តងទៀត​។ បើតាម​លោក​Cui អាមេរិក​គួរតែ​គោរព​តាមច្បាប់​របស់​អង្គការ​សុខភាព​ពិភពលោក​។ ក្នុងនេះ​ន័យ​នេះ លោក អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក បាន​បញ្ជាក់ថា នៅពេល WHO ហៅ​ឈ្មោះ​វីរុស​មួយ អង្គការ​មួយ​នេះ មិនដែល​ទាញ​ភ្ជាប់​វីរុស​ប្រភេទ​នោះ ទៅនឹង​តំបន់ ប្រជាជន ប្រទេស ឬ​សូម្បីតែ​ប្រភេទ​សត្វ​ណាមួយ​ឡើយ ហើយ​នេះ​គឺជា​ច្បាប់​របស់​អង្គការ​សុខភាព​ពិភពលោក​។ 
 
​មិន​ត្រឹមតែ​ទទូច​ឲ្យ​ប្រមុខរដ្ឋ​អាមេរិក ឈប់​ហៅ​ឈ្មោះ​មួយបែប​នេះ​ទេ លោក​ក៏បាន​អំពាវនាវ​ឲ្យ​កាសែត​មួយចំនួន មិនគួរ​ទាញ​វីរុស​ណាមួយ ទៅ​ភ្ជាប់​ជាមួយ​ដែនដី​ណាមួយ​ឡើយ​។ 
 
​ក្រៅពី​ប្រតិកម្ម​ទៅនឹង​ពាក្យសម្តី​របស់​ប្រធានាធិបតី​អាមេរិក លោក Cui ក៏បាន​លើកឡើង​ពី​ករណី​ផ្ទុះឡើង COVID-19 នៅ​ចិន​នាពេល​ដំបូង​ផងដែរ​។ បើតាម​លោក​អង្គ​រដ្ឋទូត ចិន​មិនអាច​មើលឃើញថា​វា​ជា​វីរុស ដែល​កាច​សាហាវ​នាពេល​ដំបូង​បានឡើយ ខណៈពេល​អ្នកជំងឺ​ដំបូង​មាន​ត្រឹមតែ ៣​ឬ​៤​នាក់ ដែល​ចេញ​រោគសញ្ញា ក្អក គ្រុនក្តៅ និង​ហៀរ​សម្បោរ​តែប៉ុណ្ណោះ​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com