COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា រកឃើញ COVID-19 ពីរ​ករណី​ដំបូង
24, Mar 2020 , 8:30 am        
រូបភាព
ដោយ:
​ប្រទេស មី​យ៉ាន់​ម៉ា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 ២​នាក់​ដំបូង​របស់ខ្លួន កាលពី​យប់​ថ្ងៃ​ចន្ទ ២៣ ខែមីនា​។ បើតាម​ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា អ្នកជំងឺ​ជនជាតិ​មី​យ៉ាន់​ម៉ា​ទាំងពីរ​នេះ គឺ​សុទ្ធតែ​ទើប​ត្រលប់មក​បរទេស។

 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​យប់​ថ្ងៃ​ចន្ទ ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា ករណី​ទី​១​គឺ​បុរស​មី​យ៉ាន់​ម៉ា​អាយុ ៣៦​ឆ្នាំ​ម្នាក់​ដែល​ត្រលប់​មកពី​សហរដ្ឋអាមេរិក ចំណែក​ករណី​ទី​២ គឺ បុរស​មី​យ៉ាន់​ម៉ា​អាយុ ២៦​ឆ្នាំ​ម្នាក់ទៀត ដែល​ត្រលប់​មកពី​ចក្រភព​អង់គ្លេស​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា អះអាង​ទៀតថា​៖«​យើង​នឹង​ស៊ើបអង្កេត​មនុស្ស​ទាំងអស់ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុរស​ទាំងពីរ​នាក់​នេះ​»​។ បើតាម​សេចក្តីថ្លែងការណ៍​ដដែល អ្នកជំងឺ COVID-19 ទាំងពីរ​នាក់​នេះ គឺ​ស្ថិតក្នុង​ចំណោម​ករណី​សង្ស័យ​២១៤​នាក់​ដែល​បានធ្វើ​តេស្ត​រក COVID-19 កាលពី​យប់​ថ្ងៃ​ចន្ទ ២៣ ខែមីនា​។ 
 
​ការប្រកាស​ករណី​ឆ្លង​ដំបូង​ក្នុងប្រទេស​ដែលមាន​ប្រជាជន​៥៤​លាន​នាក់​នេះ បង្ក​ឲ្យ​ពលរដ្ឋ​នាំគ្នា​ចេញទៅ​ទិញ​អ៊ី​វ៉ាន់​ទាំង​ស្លន់ស្លោ​នៅ​ផ្សារ​ទំនើប​២៤​ម៉ោង​មួយកន្លែង​ក្នុង​ទីក្រុង Yangon ។ ប៉ុន្មាន​ម៉ោង​ក្រោយមក​ទើប ស្ថានភាព​នៅ​ក្រុង​នេះ វិល​មក​សភាព​ធម្មតា​វិញ​។​
 
​សូមបញ្ជាក់ថា ប្រទេស មី​យ៉ាន់​ម៉ា មាន​ព្រំដែន​ប្រវែង​២១០០​គីឡូម៉ែត្រ​ជាមួយ​ប្រទេស​ចិន ទី​ដែល​ជំងឺ COVID-19 បាន​ផ្ទុះឡើង​ដំបូង កាលពី​ចុងឆ្នាំ​២០១៩ ។  កន្លងទៅ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា អះអាងថា របប​អាហារ​ប្រចាំថ្ងៃ និង​របៀប​រស់នៅ​ប្រចាំថ្ងៃ​ពួកគេ ដូចជា ពុំ​សូវ​ប៉ះពាល់​រាងកាយ​គ្នា និង​ប្រើ Credit Cards ជំនួស​ក្រដាស​លុយ​ជាដើម ផ្ដល់​ខែល​ការពារ​ដល់​ប្រទេស​ខ្លួន​។ 
 
​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះដែរ ពលករ​ចំណាកស្រុក​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ បាន​សម្រុក​វិល​ត្រលប់​មកកាន់​ព្រំដែន​ខ្លួន​វិញ មុនពេល​អាជ្ញាធរ​ថៃ​បិទ​ច្រកព្រំដែន​ដីគោក​ដែល​បានគ្រោង​ទុក​។ មី​យ៉ាន់​ម៉ា ជា​ប្រទេស​ទី​១០​ហើយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រកឃើញ COVID-19 ដោយ​នៅសល់តែ​ប្រទេស ឡាវ មួយ​ប៉ុណ្ណោះ​ដែល​ពុំទាន់​រកឃើញ​៕
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com