ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​ញុាំ “​ត្រសក់ស្រូវ​” ប៉ុន្តែ​តិច​អត់​ដឹង​វា​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​
25, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រសក់ស្រូវ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ ហើយ​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ត្រសក់ស្រូវ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ទេ​ថា​វា​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​រាងកាយ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការ​ទទួលទាន​ផ្លែ​ត្រសក់ស្រូវ​ក្នុង​កម្រិត​មធ្យម ៖
 
១. ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​គ្រប់​ចំណិត​នៃ​ផ្លែ​ត្រសក់ស្រូវ គឺមាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩០​ភាគរយ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ដើម្បី​ជៀសផុត​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ខណៈពេល​ស្ថិតក្រោម​អាកាសធាតុ​ក្ដៅ​។ លើសពីនេះទៅទៀត​ត្រសក់ស្រូវ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​ល្អ​សម្រាប់​សុខភាព​ភ្នែក​ផងដែរ​។​
 
២. ល្អ​សម្រាប់​អ្នកជំងឺ​ដំបៅ​រលាក​ក្រពះ​
 
​ត្រសក់ស្រូវ​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ដំបៅ​រលាក​ក្រពះ ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន ជាតិ​រ៉ែ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​សរសៃ​។ 
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​
 
​នេះ​ក៏​ព្រោះតែ​ត្រសក់ស្រូវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ឥទ្ធិពល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​ក្នុង​រាងកាយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​និង​បញ្ហា​បេះដូង​ផ្សេងៗ​។​
 
៤. ពង្រឹង​សុខភាព​ឆ្អឹង​
 
​ត្រសក់ស្រូវ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​មួយចំនួន​ដែល​ចាំបាច់​សម្រាប់​ពង្រឹង​និង​រក្សា​សុខភាព​ឆ្អឹង​ល្អប្រសើរ​រួមបញ្ចូល​ទាំង​សារធាតុ folate វីតាមីន K និង​ម៉ាញ៉េ​ស្យូ​ម​។​

៥. គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ទោះបី​ត្រសក់ស្រូវ​មាន​ផ្ទុក​ជាតិ​ស្ករ​ធម្មជាតិ ប៉ុន្តែ​វា​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​សរសៃ​និង​សារធាតុចិញ្ចឹម​ផ្សេងទៀត​ដែល​ជួយ​រក្សា​ភាពប្រក្រតី​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។​
 
៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ត្រសក់ស្រូវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ វីតាមីន​នេះ​ក៏​ចាំបាច់​សម្រាប់​រក្សា​ការពារ​សុខភាព​ស្បែក​ផងដែរ​។​
 
៧. ទប់ស្កាត់​អាកា​រៈ​ទល់លាមក​

​នេះ​ក៏​ព្រោះតែ​ត្រសក់ស្រូវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary fiber ដែល​ជួយ​សម្រួល​ការរំលាយ​អាហារ​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com