COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម បញ្ជា​ឲ្យ​ឆែកឆេរ​គ្រប់​ផ្ទះ​រក​អ្នក​ចូល​ប្រទេស​ក្រោយ​ថ្ងៃទី​៨ ខែមីនា
24, Mar 2020 , 10:30 am        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក នាកិច្ចប្រជុំមួយ។ រូបភាព VGP
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក នាកិច្ចប្រជុំមួយ។ រូបភាព VGP
​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក (Nguyen Xuan Phuc) នៅ​ថ្ងៃទី​២៣ ខែមីនា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទាំងអស់ ស្វែងរក​អ្នកណា​ដែល​ចូល​ទឹកដី​វៀតណាម​តាំងពី​ថ្ងៃទី​៨ ខែមីនា​។ បទបញ្ជា​នេះ ធ្វើឡើង​ក្រោយ​ករណី​ឆ្លង COVID-19 នៅ​វៀតណាម បាន​ហក់​ឡើង​ខ្ពស់​ក្នុង​រយៈពេល​ជិត​២០​ថ្ងៃ​ចុង​ក្រោយនេះ​។ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម ក៏បាន​ព្រមាន​ជាថ្មី​ពី​ការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ​លើ​អ្នក​ដែល​មិន​អនុវត្តតាម​វិធាន​ច​ត្តា​ឡី​ស័ក​ផងដែរ​។​

 
​នា​កិច្ចប្រជុំ​ពាក់ព័ន្ធ​ការទប់ស្កាត់ និង​គ្រប់គ្រង COVID-19 នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក អះអាងថា រយៈពេល​១០​ទៅ​១៥​ថ្ងៃ​ខាងមុខ គឺជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ដែល​នឹង​កំណត់​វាសនា​របស់​វៀត​ណា​ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​មួយ​នេះ​។ លោក ហ្វុ​ក និយាយ​បែបនេះ បន្ទាប់ពី​ករណី​ឆ្លង COVID-19 នៅ​វៀតណាម បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​១៧​ថ្ងៃ​ចុងក្រោយ ខណៈ​បាន​ស្ងប់ស្ងាត់​មួយរយៈ​មក​នោះ​។​
 
​បើតាម​កាសែត​រដ្ឋាភិបាល​វៀតណាម GVP គិត​ត្រឹម​ថ្ងៃទី​២៣ ខែមីនា វៀតណាម​មាន​ករណី​ឆ្លង​ទាំងអស់​១២៣ ក្នុងនោះ​១៧​នាក់ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ព្យាបាល​សះស្បើយ​។ យ៉ាងណាមិញ វៀតណាម ក៏​រំពឹងថា ករណី​ឆ្លង​ថ្មី​នឹង​កើនឡើង​ថែមទៀត ព្រោះ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ទៅ​វៀតណាម ពិសេស​មកពី​តំបន់​ដែល​រង​ការវាយប្រហារ​ដោយ COVID-19 ធ្ងន់ធ្ងរ នៅតែ​បន្ត​មាន​ដដែល​។ 
 
​លោកនាយក​រដ្ឋមន្ត្រី ហ្វុ​ក បានស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​កម្រិត រឹតបន្តឹង​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ថែមទៀត និង​បានស្នើ​ឲ្យ​ប្រជាជន​វៀតណាម​ទាំងអស់​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ​។ ជាមួយគ្នា​នោះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម បាន​បញ្ជា​ឲ្យ​បិទ​សេវាកម្ម​មិនចាំបាច់ កាត់បន្ថយ​ការប្រមូលផ្ដុំ ក៏ដូចជា​ស្វែងរក​មុខសញ្ញា​ទាំងឡាយណា​ដែល​សង្ស័យថា មាន​ផ្ទុក COVID-19 និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។ 
 
«​នាយករដ្ឋមន្ត្រី ហ្វុ​ក បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រុករក​គ្រប់​ច្រកល្ហក គ្រប់​ផ្ទះ​ដើម្បី​ស្វែងរក​មនុស្ស​ដែល​ចូល​វៀតណាម​តាំងពី​ថ្ងៃទី​៨ ខែមីនា ហើយ​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ត្រូវដាក់​នៅ​ដោយឡែក ឬ​មាន​ឆ្លង​វីរុស​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ពួកគេ​។​» នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​រដ្ឋាភិបាល​វៀតណាម​ដដែល​។ 
 
​បើតាម​របាយការណ៍​ក្រសួងសុខាភិបាល​វៀតណាម បច្ចុប្បន្ន អ្នកជំងឺ COVID-19 ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​វៀតណាម គឺ​មកពី​អង់គ្លេស អាល្លឺម៉ង់ បារាំង អាមេរិក ឡេ​តូ​នី ឆែក និង​អៀរ​ឡង់​។ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង វៀតណាម​បាន​ហាមឃាត់​ជនបរទេស​ទាំងអស់​ចូល​ទឹកដី​ខ្លួន​មួយរយៈ និង​បាន​បិទ​ព្រំដែន​ជាមួយ​អ្នកជិតខាង​របស់ខ្លួន​ន​ផងដែរ​៕ 

Tag:
 វៀតណាម​
  COVID-19
  Nguyen Xuan Phuc
© រក្សាសិទ្ធិដោយ thmeythmey.com