COVID-19
ជាតិ
ចិន​នឹង​ជួយ​កម្ពុជា យកឈ្នះ​ជំងឺ​COVID-19
24, Mar 2020 , 11:09 am        
រូបភាព
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន នឹង​ជួយ​កម្ពុជា យកឈ្នះ​ជំងឺ​រាតត្បាត​COVID-19​។ នេះ​ជាការ​បញ្ជាក់​របស់លោក​Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៣ មីនា​។​


 
​លោក Geng Shuang បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹង​ប្រឹងប្រែង​ជួយ​កម្ពុជា​គ្រប់យ៉ាង ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​COVID-19​នេះ​។ នោះ​ក៏​ព្រោះតែ​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ចិន ក្នុង​គ្រា​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​COVID-19 ដ៏​លំបាក​កន្លងមក​។​
 
​ឆ្លើយ​នឹង​សំនួរ​អ្នកសារព័ត៌មាន ជុំវិញ​ការបញ្ជូន​សម្ភារ​បរិក្ខា​ពេទ្យ និង​ក្រុម​អ្នកជំនាញ​សុខាភិបាល​៧​នាក់មក​កម្ពុជា​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវនេះ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការទប់ស្កាត់​វីរុស​COVID-19 ដ៏​កាច​សាហាវ ។ ដូច្នេះ​វា​មិន​ត្រឹមតែ​អាច​និយាយបានថា ចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ប៉ុន្តែ​វា​ពិតជា​សាកស​មណាស់ សម្រាប់​មិត្តភាព​ដែកថែប នៅក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​COID-19​នេះ ជាពិសេស​រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង​»​។​
 
​រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​៧​នាក់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​COVID-19 កាលពី​ថ្ងៃទី​២៣ មីនា​។ ក្រៅពីនេះ ចិន​ក៏បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​នូវ​សម្ភារពេទ្យមួយចំនួន​រួមមាន ឧបករណ៍​ធ្វើ​តេ​ស្តិ៍​, ឧបករណ៍​ដកដង្ហើម N95(ម៉ាស់), របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​ជាដើម​។ នេះ​បើតាម​លោក Geng Shuang​។​
 
​កាលពី​ខែកុម្ភៈ​កន្លងមក ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ផ្ញើ​សា​រំលែក​ទុក្ខ​មួយ ដល់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ចំពោះ​ករណី​ផ្ទុះ​វីរុស​COVID-19​នេះ​។ ចំណែក​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុងពេល​ខ្លី​នៅ​ប្រទេស​ចិន ដើម្បី​បង្ហាញ​ពី​ជំនឿ​ចិត្ត និង​គាំទ្រ​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​COVID-19​។ ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ ក៏បាន​ឧបត្ថម្ភ​ជំនួយ​ជា​ម៉ាស់ និង​ថវិកា​ដល់​ចិន​ផងដែរ​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ មីនា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​COVID ចំនួន​៨៧​នាក់ ក្នុងនោះ​ជាសះស្បើយ​២​នាក់ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​។ ចំណែក​ចិន មាន​ករណី​ឆ្លង​វីរុស​COVID-19 ជាង​៨១,០០០​នាក់ ក្នុងនោះ​អ្នកស្លាប់​ជាង​៣,២០០​នាក់ និង​អ្នកជា​សះស្បើយ​ជាង​៧៣,០០០​នាក់​៕ 

Tag:
 COVID-19
  ការទូត​កម្ពុជា​-​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com