COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឲ្យរៀបចំម៉ូតូឬឡាន បើកផ្សព្វផ្សាយពីការការពារកូវីដ-១៩ តាមភូមិ សកម្មភាពអាជ្ញាធរ បើកឡានដោយមានមេក្រូពីលើ ផ្សព្វផ្សព្វពីការចម្លងវីរុសកូវីដ-១៩ និងពីវិធានការការពារវីរុសនេះ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ (រូបថតចេញពីវីដេអូឃ្លីប ដែលបង្ហោះលើគណនីហ្វេសប៊ុក Sann Phally)
× ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យអភិបាលខេត្ត រៀបចំម៉ូតូឬឡានចល័ត ដើម្បីឲ្យមន្ត្រី ធ្វើដំណើរទៅអំពាវនាវ និងផ្សព្វផ្សាយដល់ពលរដ្ឋតាមភូមិ ឃុំ ស្រុក ក្នុងខេត្តនីមួយៗ ពីវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ក្រោយពីមានពលករខ្មែរប្រមាណមួយម៉ឺននាក់ បានវិលត្រឡប់មកពីថៃវិញ។
សម្តេច ស ខេង មានប្រសាសន៍ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា យ៉ាងដូច្នេះថា៖«ខ្ញុំ នឹងរៀបចំសារអប់រំ ដល់អភិបាលខេត្ត និងឲ្យអភិបាលខេត្តរៀបចំជាម៉ូតូចល័ត ៤ទៅ៥គ្រឿង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយចាក់សារទៅវិញទៅមក យើងធ្វើសារ៤ ទៅ៥ចំណុច ដើម្បីរំលឹកពួកគាត់ឲ្យការពារពីជំងឺកូវីដ-១៩»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា បើភូមិណា មានមនុស្សច្រើន អាចថា ពី២ទៅ៣នាក់ឡើងទៅ ជាពិសេសសំដៅលើអ្នកដែលទើបនឹងមកថៃ និងប្រទេសនានា បានឆ្លងកូវីដ-១៩ ភូមិនោះ អាចនឹងបិទ មិនឲ្យមានការចេញចូលតែម្តង។
គិតត្រឹមថ្ងៃទី២៤ ខែមីនានេះ កូវីដ-១៩ កម្ពុជា មានមនុស្ស៨៧នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ ២នាក់ បានជាសះស្បើយវិញ គឺបុរសជនជាតិចិននិងស្ត្រីជនជាតិអង់គ្លេស៕
Tag:
អភិបាលខេត្ត
កូវីដ-១៩
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com