COVID-19
អន្តរជាតិ
តួ​ក​គី ប្រើ​ថ្នាំ​ពី​ចិន​ដើម្បី​ព្យាបាល COVID-19
24, Mar 2020 , 7:19 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca
រដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca
ដោយ:
​កាលពី​ថ្ងៃទី​២៣ ខែមីនា រដ្ឋមន្ត្រី​សុខាភិបាល​តួ​ក​គី និយាយថា ប្រទេស​របស់លោក​កំពុង​ប្រើប្រាស់​ថ្នាំ​ដែល​បញ្ជូន​មកពី​ប្រទេស​ចិន​ដើម្បី​ព្យាបាល​អ្នកជំងឺ​COVID-19 ។ តួ​ក​គី ជា​ប្រទេសមួយ​ដែល​រងគ្រោះ​ខ្លាំង​គួរសម​ដោយសារ​វីរុស​ប្រភេទ​ថ្មី​។

 
«​ចាប់ពី​ព្រឹក​នេះ​ទៅ យើង​បាន​នាំយក​ថ្នាំ​ពិសេស​ដែល​បញ្ជូន​មកពី​ប្រទេស​ចិន ដែល​គេ​ដឹងថា​ផ្តល់​លទ្ធផល​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការថែទាំ​អ្នកជំងឺ និង​កាត់បន្ថយ​រយៈពេល​ព្យ​បា​លពី ១១-១២​ថ្ងៃ មក​ត្រឹម​៤​ថ្ងៃ​»​។ នេះ​ជា​លើកឡើង​របស់លោក​រដ្ឋ​មន្ត្រី Fahrettin Koca ប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ​ថ្ងៃទី​២៣ ខែមីនា​។​
 
​ចំពោះ​ថ្នាំ​នេះ លោក​រដ្ឋមន្ត្រី​សុខាភិបាល​មិនបាន​ផ្តល់​ព័​ត៍​មាន​បន្ថែម​ឡើយ ប៉ុន្តែ​ថ្នាំ​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់​ដែល​ថ្មីៗ​នេះ​ត្រូវបាន​យកទៅ​ព្យាបាល​អ្នកជំងឺ​នៅ​ប្រទេស​ចិន ក៏ដូចជា​ប្រទេស​បារាំង​។ នៅ​ចិន ថ្នាំ​ប្រភេទ​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នង​ការព្យាបាល​ជំងឺ COVID-19 ។​
 
​រដ្ឋមន្ត្រី​តួ​ក​គី​រូបនេះ ក៏បាន​បន្ថែម​ផងដែរ​ថា ប្រដាប់​ធ្វើតេស្ត​រហ័ស​ចំនួន ៥០,០០០​គ្រឿង​របស់​ចិន​បាន​មកដល់​កាលពី​ថ្ងៃ​ចន្ទ និង​ចាប់ផ្តើម​ប្រើប្រាស់​ហើយ ខណៈ  ៣០,០០០​ទៀត រំពឹងថា​នឹង​មកដល់​កាល​នៅ​ថ្ងៃទី​២៦ ខែមីនា​។​
 
​រដ្ឋាភិបាល​តួ​ក​គី និង​ចិន​បាន​យល់ព្រម​ចែករំលែក​ព័​ត៍​មាន​ស្តីពី COVID-19 ជា​មូ​យ​គ្នា​ទៅវិញទៅមក​ក្នុងន័យ​បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​នឹង​ជំងឺឆ្លង​សកល​នេះ​។​
 
​តួលេខ​នៅ​ថ្ងៃទី​២៣ ខែមីនា បាន​បង្ហាញថា នៅ​តូ​ក​គី​អ្នក​ឆ្លង COVID-19 មាន​ចំនួន ១,៥២៩​នាក់ ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៣៧​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បើទោះបីជា​មិន​បញ្ជាក់ថា ខេត្ត​ណា​ដែលមាន​ករណី​ឆ្លង​ក៏ដោយ រដ្ឋមន្ត្រី​សុខាភិបាល​តួ​ក​គី​បាន​ឲ្យ​ដឹងថា​ករណី​ឆ្លង​មាននៅ​ទៅ​ទាំង​ប្រទេស​។ ដោយមាន ១០​ករណី​ដែល​នៅ​ខេត្ត​ដែលជា​ព្រំដែន​ជាមួយ​អ៊ីរ៉ង់​។ ក្នុង​សន្និសីទ​សារ​ព័​ត៍​មាននៅ​រដ្ឋធានី​អង់កា​រ៉ា លោក Koca លើកឡើងថា បុគ្គលិក​សុខាភិបាល​៣២,០០០ នឹងត្រូវ​ដាក់ពង្រាយ​នៅពេល​ប្រទេស​មាន​វិបត្តិ​។ លោក​បាន​បន្ថែមថា ម៉ាស់​ដែល​ផលិត​នៅ​តួ​ក​គី និង​មិន​អនុញ្ញាត​ឲ្យ​នាំចេញ​ឡើង ដោយហេតុតែ​តម្រូវការ​ក្នុងស្រុក​។​
 
​អាជ្ញាធរ​តួ​ក​គី បាន​តម្រូវ​ឲ្យ​មនុ​ស្សវ័យ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ និង​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ សម្រាក​នៅផ្ទះ ខណៈ​ទីកន្លែង​សាធារណៈ​មួយចំនួនធំ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​៕

© រក្សាសិទ្ធិដោយ thmeythmey.com