ជាតិ
សិល្បះ
អ្នកស្រី កែវ សេដ្ឋា ច្រៀង​បទ «​រាត្រី​ដែល​បាន​ជួប​ភ័ក្ត្រ​» ជាមួយ​អធិរាជ​សំឡេង​មាស ទទួលមរណភាព​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ​
24, Mar 2020 , 6:22 pm        
រូបភាព
អ្នក​ស្រី កែវ សេដ្ឋា (រូប​ពី​ហ្វេសប៊ុក Tann Yettha
អ្នក​ស្រី កែវ សេដ្ឋា (រូប​ពី​ហ្វេសប៊ុក Tann Yettha
​ភ្នំពេញ​៖ អ្នកស្រី កែវ សេដ្ឋា ដែលមាន​ឈ្មោះ​ដើម​ថា គូ វ៉ាន់​ស៊ីន បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៨៤​ឆ្នាំ ដោយ​ជរាពាធ នៅ​គេហដ្ឋាន​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០២០​នេះ​។


 
​លោក តាន់ យិ​ត​ថា ដែល​ត្រូវជា​កូនប្រុស​របស់​អ្នកស្រី កែវ សេដ្ឋា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាងខ្លី​ថា សព​ម្ដាយ​របស់លោក នឹង​បូជា នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមីនា ។ លោក​បញ្ជាក់​ដូច្នេះ​៖«​តាអាចារ្យ​ដេញ​ថ្ងៃ​ឱ្យ អាច​បូជា​នៅ​ល្ងាច​ថ្ងៃស្អែក​នេះ​តែម្ដង វេលា​បាន​ឆាប់​ណាស់​»​។ 
 
​អ្នកស្រី កែវ សេដ្ឋា គឺជា​សិល្បៈការិនី​ផ្នែក​ចម្រៀង​សម័យ​ទំនើប កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៥០ និង​១៩៦០ ដែលជា​ដៃគូ​ចម្រៀង​ជាមួយ​លោក ស៊ីន ស៊ី​សាមុត ក្នុង​បទ “​រាត្រី​ជួប​ភ័​ក្រ​” ជា​ស្នា​ព្រះហស្ត​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះបាទ នរោត្តម ស៊ី​ហ​នុ​។ អ្នកស្រី​ក៏បាន​ច្រៀង​បទ​ចម្រៀង​មួយចំនួនទៀត​ផងដែរ​។​
 
​ក្រៅពី​ជា​អ្នកចម្រៀង​សម័យ​ទំនើប អ្នកស្រី កែវ សេដ្ឋា ក៏​ជា​សិល្បការិនី​ល្ខោនបាសាក់ យីកេ និង​របាំ​ប្រពៃណី​ផងដែរ​។ អ្នកស្រី​គឺជា​តួឯកល្ខោន​បាសាក់​ក្នុង​វង់​លោក ឃុន​ព្រះ​ម្នាង​យិន​តាត​។ ដោយសារ​ភាពល្បីល្បាញ​ក្នុង​វង់​ល្ខោនបាសាក់ បូកផ្សំ​នឹងមាន​សំឡេង​ពីរោះ ព្រម​ដោយ​រូប​សម្រស់​ស្រស់ស្អាត​ផង អ្នកស្រី សេដ្ឋា ត្រូវបាន​អ្នកនិពន្ធ  លើកទឹកចិត្ត​ឱ្យចូល​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​សម័យ​។​
 
​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី កែវ សេដ្ឋា ដែលមាន​កូន​៥​នាក់​(​ប្រុស​១​នាក់​) ធ្លាប់បាន​ច្រៀង​ក្នុង​ព្រះ​រាជពិធី​ធំៗ ក្នុង​ព្រះបរមរាជវាំង ថ្វាយ​សម្ដេច ព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតា​ឯករាជ​ជាតិ និង​សម្ដេចម៉ែ យាង​ទត​កម្សាន្ត​ទៀតផង​។ 
 
​ក្រោយ​បែក​សង្គ្រាម​ប៉ុលពត គ្រួសារ​របស់​អ្នកស្រី កែវ សេដ្ឋា នៅតែ​បន្ត​បម្រើ​សិល្បៈ​ល្ខោនបាសាក់ ដោយ​បណ្ដុះបណ្ដាល​ក្មេងជំនាន់ក្រោយ​។ ជីវិត​ក្នុង​វិថី​សិល្បៈ​នេះ​មិនសូវ​ជា​ធ្វើឱ្យ​អ្នកស្រី រួមទាំង​ក្រុមគ្រួសារ​បាន​ធូរធារ​ឡើយ​។ ប៉ុន្តែ​អ្នកស្រី នៅតែ​មិន​បោះបង់​។​
 
​អ្នកស្រី កែវ សេដ្ឋា បាន​ធ្លាក់ខ្លួន​ឈឺ​ក្នុងអំឡុង​ចុងឆ្នាំ​២០១៥  ដោយ​ជំងឺលើសឈាម ដែល​បណ្ដាលឱ្យ​អ្នកស្រី ស្លាប់​មួយ​ចំហៀង​ខ្លួន មុននឹង​ទទួលមរណភាព​នៅ​ថ្ងៃទី​២៤​មីនា​នេះ​៕

Tag:
 សិល្បៈ​
  តារាចម្រៀង​
  ចម្រៀង​
  កែវ សេដ្ឋា​
© រក្សាសិទ្ធិដោយ thmeythmey.com