COVID-19
អន្តរជាតិ
COVID-19៖ ចិន បន្ធូ​បន្ថយ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​នៅក្នុង​ទីក្រុង​វូ​ហាន​
24, Mar 2020 , 10:39 pm        
រូបភាព
ទីក្រុងវូហាន, រូបភាព៖ Euronews
ទីក្រុងវូហាន, រូបភាព៖ Euronews
​បន្ទាប់ពី​ស្ថានភាព​ឆ្លង ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ហាក់​ថមថយ​ខ្លាំង​មក ចិន​បានអនុញ្ញាត​ឲ្យ​ប្រជាជន​របស់ខ្លួន អាច​ត្រលប់​ទៅធ្វើ​ការ និង​ប្រើប្រាស់​ការធ្វើដំណើរ​សាធារណៈ​ឡើងវិញ​។ យ៉ាងណាក៏ដោយ ប្រជាជន​មួយចំនួន នៅតែ​មិនទាន​ហាន​មក​ធ្វើការ ឬ​ចេញ​ដើរ​នៅឡើយ​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃទី​២៤ ខែមីនា​។


 
​ចាប់តាំងពី​អាជ្ញាធរ​ចិន​បិទ​ក្រុង​វូ​ហាន ដោយសារ COVID-19 មក សភាព​ទីក្រុង បាន​ប្រែ​ស្ងប់ស្ងាត់​យ៉ាងខ្លាំង​។ ប្រព័ន្ធ​ដឹកជញ្ជូន​ត្រូវ​បិទ សាលារៀន កន្លែង​កម្សាន្ត និង​កន្លែង​មួយចំនួន​ផ្សេងទៀត ត្រូវ​បិទ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19​។​
 
​រហូតដល់​មក​ពេលនេះ ស្ថានភាព​នៅក្នុង​ក្រុង មាន​សភាព​ប្រែប្រួល​ច្រើន​។ ជា​ចំនុច​ផ្ទុះ​នៃ COVID-19 ដំបូង ក្រុង​វូ​ហាន នា​ថ្ងៃទី​២៣ ខែមីនា មិនមាន​របាយការណ៍​ស្តីពី​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ឡើយ ប៉ុន្តែ​មានតែ​ករណី​ឆ្លង​មកពី​បរទេស​ប៉ុណ្ណោះ​។ នេះ​គឺជា​ការវិវឌ្ឍ​យ៉ាង​វិជ្ជមាន​របស់​ចិន ដែល​កើតចេញពី​វិធានការ​ដ៏​តឹងរឹង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាជ្ញាធរ បានអនុញ្ញាត​ឲ្យ​ប្រជាជន​ចិន​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​ឡើងវិញ​នៅ​ដើម​ខែមេសា​ខាងមុខ​។ ប្រជាជន​ទាំងអស់ ក៏ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​អាច​ជិះ​រថយន្តក្រុង ឬ​ជិះ​មេត្រូ​ផងដែរ តាមរយៈ​ការបង្ហាញ​អត្តសញ្ញាណ​របស់ខ្លួន​។ លើសពីនេះ ប្រជាជន​ក្រុង​វូ​ហាន ក៏​ត្រូវគេ​អនុញ្ញាត​ឲ្យ​ទៅធ្វើ​ការ​ដូច​ធម្មតា​ដែរ បើសិន​បើ​និយោជក​អនុញ្ញាត​។ 
 
​បន្ថែម​ពីលើ​នេះ ប្រជាជន​ក្រុង​វូ​ហាន ក៏​អាចធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​ផងដែរ ប៉ុន្តែ​ទាល់តែ​មានការ​ធ្វើតេស្ត​សុខភាព​រក​វីរុស និង​ចេញ​ប័ណ្ណ​សុខភាព​ពី​សំណាក់​អាជ្ញាធរ​សុខាភិបាល​ចិន​ជាមុនសិន ពោលគឺ​ទាល់​តែមាន​សុខភាព​ល្អ ទើប​អាចធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេង​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​បាន​។​
 
​ដោយឡែក​ទីក្រុង​ឯទៀត​ក្នុង​ខេត្ត​ហ៊ូ​ប៉ី នឹង​ទទួលបាន​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​ចាប់ពី​ថ្ងៃទី​២៥ ខែមីនា​។ 
 
​បើទោះបីជា​ស្ថានភាព​នៅក្នុង​ប្រទេស​ចិន​បាន​ធូរស្រាល​មែន ប៉ុន្តែ​ចិន​នៅតែ​បន្ត​រកឃើញ​ករណី​ឆ្លង​មកពី​បរទេស​ដដែល​។ នៅ​ថ្ងៃទី​២៣ ខែមីនា ចិន បាន​រកឃើញ ៣៩​ករណី​ដែល​សុទ្ធតែជា​ករណី​ឆ្លង​មកពី​បរទេស​។ ករណី​សរុប​ឆ្លង​មកពី​បរទេស​បាន​កើន​ដល់ ៣៥០​ករណី​។ ដើម្បី​ការពារ​ការរីក​សាយភាយ​លើក​ទី​ពីរ ចិន​បាន​ប្តូរ​ជើងហោះហើរ​ខ្លះ ពី​បរទេស​មក​ទីក្រុង​ប៉េកាំង ទៅ​ទីក្រុង​ផ្សេងទៀត ដើម្បី​ងាយស្រួល​ពិនិត្យ​រកមើល​អ្នកមាន​ផ្ទុក​COVID-19​។ 
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ ចិន​មាន​ករណី COVID-19 សរុប​ចំនួន ៨១១៧១​ករណី​។ មាន​ករណី​ដ៏​ច្រើនជាងគេ​បែបនេះ ចិន​បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​រហូតដល់ ៧៣១៥៩​ករណី​ឯណោះ ខណៈ អ្នកស្លាប់​មាន​ចំនួន ៣២៧៧​ករណី​៕  

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com