COVID-19
ជាតិ
COVID-19៖ អ្នកដំណើរ៥៣នាក់ លើនាវាViking Cruise ត្រូវបានអនុញ្ញាតឱ្យទៅស្រុកកំណើតវិញ រូបពីទទក
× ភ្នំពេញ៖ អ្នកដំណើរនៅលើនាវាទេសចរណ៍ Viking Cruise ចំនួន៥៣ នាក់ បានចាកចេញពីកម្ពុជាហើយ នៅរសៀលថ្ងៃទី២៤ មីនានេះ ក្រោយពីទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលកម្ពុជា។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា មូលហេតុដែលកម្ពុជា អនុញ្ញាតឱ្យពួកគេត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញនេះ ដោយសារតែសុខភាពពួកគេធម្មតា គ្មានជំងឺវីរុសCOVID-19 ឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលខេត្តរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ពួកគេបានសម្រាក១៤ថ្ងៃ នៅសណ្ឋាគារ ក្រោមការត្រួតពិនិត្យ និងតាមដានរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា ហើយក្រសួងសុខាភិបាលយើង ក៏បានយកសំណាកពួកគេទៅពិនិត្យ ក្រោយសម្រាកដោយឡែក១៤ថ្ងៃនេះហើយ ឃើញថា ពួកគេគ្មានរោគសញ្ញាCOVID-19 និងបញ្ហាអ្វី ទើបយើងអនុញ្ញាតឱ្យពួកគេទៅស្រុកកំណើតវិញ»។
ចំណែកអ្នកដំណើរចំនួន ៤នាក់ទៀតនៅលើនាវាViking Cruise ក្រសួងសុខាភិបាល មិនទាន់អនុញ្ញាតឱ្យចាកចេញទេ ពោលគឺត្រូវបន្តពិនិត្យ និងតាមដានសុខភាពទៀត ។ នេះបើតាមលោក អ៊ុន ចាន់ដា។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរ៦០នាក់ លើនាវាViking Cruise នេះ គឺមានជនជាតិអង់គ្លេសចំនួន៣នាក់ មានផ្ទុកវីរុសCOVID-19។ ក្នុងនោះស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំម្នាក់ បានជាសះស្បើយហើយ។គិតត្រឹមល្ងាចថ្ងៃទី២៤ មីនានេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ចំនួន៨៧ករណី៕
Tag:
COVID-19
Viking Cruise
© រក្សាសិទ្ធិដោយ thmeythmey.com