ភ្នំពេញ៖ផលិតផល Chloramine B ពុំអាចធានាបានគុណភាព សុវត្ថិភាពបានឡើយ ហើយក៏គ្មានប័នណា បញ្ជាក់ថាវាអាចសម្លាប់កូរ៉ូណាវីរុសបាននៅឡើយ។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅក្នុងសេចក្តីជូនព័ត៌មានរបស់ខ្លួន នាល្ងាចថ្ងៃទី២៤ មីនានេះ។ ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើយក្រោយពេលដែលផលិតផល Chloramine B ត្រូវគេអះអាងថា អាចសម្លាប់កូរ៉ូណាបាន ហើយត្រូវបានផ្សាយលក់តាមបណ្តាញសង្គមហ្វេសប៊ុក។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ផលិតផល Chloramine B ដែលគេផ្សព្វផ្សាយលក់នេះ គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងនោះទេ។ ទន្ទឹមនឹងការបញ្ជាក់បែបនេះ ក្រសួងសុខាភិបាល ក៏បានតម្រូវឲ្យម្ចាស់ផលិតផល បញ្ឈប់ការផ្សព្វផ្សាយ នាំចូល និងចែកចាយផលិតផល Chloramine B ដែលខុសច្បាប់នេះ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ព្រមានចាត់វិធានការ ចំពោះម្ចាស់គណនីដែលផ្សព្វផ្សាយលក់ និងចែកចាយផលិតផលនេះ ដោយគ្មានការអនុញ្ញាត និងទទួលស្គាលនេះដែរ។
គួរជម្រាបជូនថា គិតត្រឹមល្ងាចថ្ងៃទី២៤ មីនានេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺ កូវីដ-១៩ ចំនួន ៨៧នាក់ ក្នុងនោះមាននៅព្រះសីហនុ ៣៤ករណី (បារាំង៣១ ខែ្មរ២, ចិន១) ភ្នំពេញ ១២ករណី (ខ្មែរ៧, បារាំង៣, បែលហ្ស៊ិក ១, កាណាដា១), កំពង់ចាម១១ករណី (ម៉ាឡេស៊ី៧, អង់គ្លេស៣, ខ្មែរ១), បាត់ដំបង៨ករណី (ខ្មែរ៨), ត្បូងឃ្មុំ ៤ (ខ្មែរ៤), កែប ៤ (ម៉ាឡេស៊ី៣, ខ្មែរ១), កំពង់ឆ្នាំង ៣ (ខ្មែរ៣), បន្ទាយមានជ័យ ២ករណី (ខ្មែរ២), ព្រះវិហារ ២ករណី (ខ្មែរ២), កំពត ២ករណី (ម៉ាឡេស៊ី២), សៀមរាប ២ករណី (ខ្មែរ២),កោះកុង២ករណី (ខ្មែរ២), កណ្តាល ១ករណី (ខ្មែរ១)។
ក្នុងចំណោមអ្នកផ្ទុកទាំងអស់ មានខ្មែរ៣៥នាក់ (ស្ត្រី២នាក់), បារាំង៣៤នាក់ (ស្ត្រី១៨នាក់), ម៉ាឡេស៊ី១២នាក់, អង់គ្លេស៣នាក់ (ស្ត្រី២នាក់ ក្នុងនោះ១នាក់សះស្បើយ) កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិន១នាក់ដែលសះស្បើយ៕