ពីនេះ ពីនោះ
រូបត្លុក
សម័យ​កូ​វីដ​-១៩ តើ​គួរ​រកស៊ី​អី​បាន​លុយ​លឿន​?
25, Mar 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សុធីរ និង​សំណាង ជជែក​គ្នា​លើ​ប្រធាន​រកស៊ី​នៅក្នុង​សម័យ​កូ​វីដ​១៩​។ ក្នុង​សម័យនេះ ជំនួញ​ជាច្រើន​បាន​ដួល​បះជើង តែ​ក៏មាន​ជំនួញ​មួយចំនួន​តូច​រីកចម្រើន​ដែរ​។ តើ​ជំនួញ​រីកចម្រើន​ក្នុង​គ្រាអាសន្ន​ទាំងនេះ​មាន​អ្វីខ្លះ​?


 
​សំណាង​៖ អា សុធីរ​! អញ​ឃើញ​គេ​លក់​ថ្នាំពេទ្យ លក់​ទឹក​អាកុល​លាងដៃ លក់​ម៉ាស់ លក់​អាហារ​បម្រុង​ផ្សេងៗ​បាន​លុយ​ច្រើនណាស់​។ អ្ហែង​មិន​ទៅរក​ស៊ី​មុខរបរ​ហ្នឹង​ដូច​គេ​ដែរ​ទៅ​? 
 
​សុធីរ​៖ អា សំណាង​! អូ​ហ៍ អញ​អត់​ចេះ​រកស៊ី​របរ​ហ្នឹង​ទេ​។ អញ​អត់​ចេះ​លក់​ដំឡើងថ្លៃ​ហួសហេតុ​ពេក​ទេ​។ អញ​អត់​ជំនាញ​ហ្នឹង​ទេ​។ គេ​កំពុងតែ​ពិបាក ហើយ​អញ​លក់​យកចំណេញ អញ​អត់​ចេះ​ទេ​។ បើ​អញ​លក់​របស់​ហ្នឹង មានតែ​អញ​ឲ្យ​គេ​តែម្តង​។ 
 
​សំណាង​៖ តែ​អញ​ឃើញ​គេ​លក់ដាច់​ណាស់ ហើយ​ចំណេញ​ច្រើន​ទៀត​។  
 
​សុធីរ​៖ គេ​លក់ដាច់ វា​ជា​រឿង​របស់គេ​។ គេ​ចំណេញ​ជា​រឿង​របស់គេ តែ​អញ​ធ្វើ​មិន​បានទេ អា សំណាង​។ 
 
​សំណាង​៖ បើតាម​អ្ហែង មានន័យថា អ្នកលក់​របស់​ទាំងអស់​ហ្នឹង​ខុស​មែនឬ​? 
 
​សុធីរ​៖ គេ​លក់​មិន​ខុស​ទេ​។ គេ​លក់​យកចំណេញ​ល្មម​ក៏​មិន​ខុស​ដែរ​។ តែបើ​គេ​លក់​កេងចំណេញ​ពី​ព្រឹត្តិការណ៍​អាសន្ន​របស់​មនុស្ស​គ្រប់គ្នា គឺជា​រឿង​អសីលធម៌ និង​អមនុស្សធម៌​។ ចូរ​កុំ​កេងប្រវ័ញ្ច​គេ ពេល​គេ​មាន​អាសន្ន​។ ដំណាក់កាល​នេះ គឺជា​ដំណាក់កាល​ចែកគ្នា​រស់ មិនមែន​ដណ្តើម​គ្នា​រស់​ទេ​ណា៎ អា សំណាង​។ 
 
​សំណាង​៖ អើ អ្ហែង​និយាយ​ដូចជា​ត្រឹមត្រូវ​។ អ្នកជំនួញ​ខ្លះ លក់​កេងចំណេញ​កប់​ក្តោង​។ បើ​លក់​យកចំណេញ​ក្នុង​ក្របខ័ណ្ឌ​ធម្មតា មិន​អី​ទេ​។ គួរតែ​ជួយ​គ្នា ក្នុង​គ្រាអាសន្ន មិនមែន​បន់​ឲ្យ​គេ​មាន​អាសន្ន ហើយ​យើង​លក់​កេង​នោះទេ​។ បន្ទាប់ពី​អញ​ស្តាប់​អ្ហែង​ហើយ អញ​គិតថា ​ទាំង​អ្ហែង ទាំង​អញ មិនគួរ​រកស៊ី​របរ​ហ្នឹង​ទេ​។ អ្នកផ្សេង​គេ​អាច​រកស៊ី​បាន តែ​ចូរ​កុំ​កេងប្រវ័ញ្ច​គេ​ក្នុង​គ្រា​ប្រឈម​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com