COVID-19
អន្តរជាតិ
ប្រមុខ WHO ព្រមាន​ថា បើ​មិន​ការពារ​សុវត្ថិភាព​គ្រូពេទ្យ មនុស្ស​ច្រើន​នាក់​នឹង​ស្លាប់
25, Mar 2020 , 8:19 am        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus (AFP)
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus (AFP)
ដោយ:
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus មានការ​ភ្ញាក់ផ្អើល​នឹង​របាយការណ៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ដែល​រកឃើញថា បុគ្គលិក​សុខាភិបាល​មួយចំនួនធំ​បាន​ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​។ ត្រងចំណុច​នេះ ប្រមុខ​អង្គការ​អន្តរជាតិ​រូបនេះ ក៏បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ករណីនេះ​ផងដែរ ដែល​បង្កឡើង​ពី​កង្វះខាត​បរិក្ខា​ការពារ​ផ្ទាល់ខ្លួន​ចាំបាច់​។​

 
​ក្នុង​សន្និសីទ​ព័ត៌មាន​នា​ថ្ងៃទី​២៣ ខែមីនា លោក​អគ្គនាយក Tedros Adhanom Ghebreyesus គូសបញ្ជាក់ថា ក្រុមគ្រូពេទ្យ អាចអនុវត្ត​ការងារ​ពួកគេ​ដោយមាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​ពួកគេ​អាចធ្វើ​ការងារ​ពួកគេ​ដោយ​សុវត្ថិភាព​។ លោក សង្កត់ធ្ងន់​ទៀតថា​៖«​ប្រសិនបើ​យើង​ពុំ​យកចិត្តទុកដាក់​ការពារ​គ្រូពេទ្យ​ទេនោះ មនុស្ស​កាន់តែច្រើន​នឹង​បាត់បង់​ជីវិត ព្រោះថា គ្រូពេទ្យ​ដែល​អាចជួយ​សង្គ្រោះ​ជីវិត​អ្នក​ទាំងនោះ ធ្លាក់ខ្លួន​ឈឺ​»​។ 
 
​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ដឹកនាំ WHO រូបនេះ លើកឡើង​ទៀតថា អង្គការ​លោក កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ពន្យល់​ពីសារ​សំខាន់​នៃ​សម្ភារ​ការពារ និង​ដោះស្រាយ​បញ្ហា​ខ្វះខាត​ការផ្គត់ផ្គង់​ជាស​កល​នៃ​គ្រឿង​បរិក្ខារ​ពេទ្យ​ដ៏​សំខាន់​មួយ​នេះ​។ 
 
​ក្រៅពី​លើកឡើង​ពី​បញ្ហា​សុវត្ថិភាព​គ្រូពេទ្យ​និង​កង្វះខាត​សម្ភារ​ការពារ លោក Tedros ក៏បាន​ព្រមាន​ថា ជំងឺ​រាតត្បាត​សាកល COVID-19 នេះ កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​រហ័ស ដោយ​ជាង​៣៨​ម៉ឺន​ករណី​ហើយ បាន​រកឃើញ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា​។  ត្រង់នេះ លោក បកស្រាយ​ថា បើ​គិត​ចាប់ពី​ករណី COVID-19 ដំបូង​ត្រូវបាន​គេ​រកឃើញ វា​ត្រូវការ​ពេល​៦៧​ថ្ងៃ សម្រាប់​ករណី​ឆ្លង​ឈានដល់​១០​ម៉ឺន​ករណី ដំបូង​, ១១​ថ្ងៃ​ឈានដល់​២០​ម៉ឺន និង​ត្រឹម​៤​ថ្ងៃ​ប៉ុណ្ណោះ​ឈានដល់​៣០​ម៉ឺន​។ 
 
​ទោះជា​កំណើន​ឆ្លង​ដ៏​ឆាប់រហ័ស​បែបនេះ លោក​អគ្គនាយក Tedros នៅតែ​បង្ហាញ​ក្តីសង្ឃឹម​ក្នុងការ​បញ្ឈប់​ជំងឺ​នេះ​បាន ដោយ​ទទូច​ឲ្យ​បណ្ដា​ប្រទេស​ទាំងអស់​អនុវត្ត​ការធ្វើ​តេស្ត​រក COVID-19 ដ៏​ត្រឹមត្រូវ និង​យុទ្ធសាស្ត្រ​តាមរក​អ្នក​ស្និទ្ធ​នឹង​អ្នកជំងឺ (contact-tracing) ផងដែរ​។  
 
​ម្យ៉ាងវិញទៀត លោក Tedros បាន​អះអាងថា ការស្នើសុំ​មនុស្ស​ឲ្យ​ស្នាក់​នៅផ្ទះ និង​ចំណាត់ការ​គម្លាត​ពីគ្នា​ផ្សេងទៀត គឺ​ពិតជា​វិធីសាស្ត្រ​ដ៏​សំខាន់បំផុត​ក្នុងការ​កាត់បន្ថយ​ការរីក​រាលដាល​វីរុស​នេះ​។ ក៏ប៉ុន្តែ​លោក ចាត់ទុក​ចំណាត់ការ​បែបនេះ​ថា​ជា «​ចំណាត់ការ​ការពារ ដែល​នឹង​មិនអាច​ឲ្យ​យកឈ្នះ COVID-19 ឡើយ​»​។ 
 
​លោក​សង្កត់ធ្ងន់ថា ៖«​ដើម្បី​យកឈ្នះ យើង​ត្រូវ​វាយប្រហារ​វីរុស​នេះ ដោយ​ប្រើ​បច្ចេកទេស​ខ្លាំងៗ និង​ចំៗ​គោលដៅ ដូចជា ការធ្វើ​តេស្ត​ករណី​សង្ស័យ​ទាំងអស់​, ដាក់​នៅ​ដាច់ដោយឡែក និង​មើលថែ​រាល់​ករណី​បញ្ជាក់​ទាំងអស់ និង​តាមរក ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្នក​ដែល​សិទ្ធិ​នឹង​អ្នកជំងឺ​»​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ទី ២៤ ខែមីនា នេះ ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក ដែល​បាន​រកឃើញ មាន​៣៨​ម៉ឺន​ករណី​, អ្នក​ស្លាប់មាន ១៦៥៦៥​នាក់ ខណៈ​ជាសះស្បើយ​មាន​ជាង​១០​ម៉ឺន​នាក់​៕ 

Tag:
 អង្គការ​សុខភាព​ពិភពលោក​
  Tedros Adhanom Ghebreyesus
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com