COVID-19៖ បង្ខំ​ឲ្យ​ណាហ្គា​វើ​ល​ដាក់​កាលវិភាគ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​
COVID-19
កីឡាជាតិ
ជាតិ
COVID-19៖ បង្ខំ​ឲ្យ​ណាហ្គា​វើ​ល​ដាក់​កាលវិភាគ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​
25, Mar 2020 , 8:39 am        
រូបភាព
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានសម្រេច​ផ្អាក​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ការរីក​រាលដាល​នៃ​មេរោគ COVID-19​។ ក្លិប​មួយចំនួន​បាន​ផ្អាក​ការហ្វឹកហាត់​ជា​បណ្តោះអាសន្ន ខ្លះ​កាត់បន្ថយ​ពេលវេលា​ហ្វឹកហាត់​និង​ខ្លះទៀត​បង្វែ​ការហ្វឹកហាត់​។ ជាក់ស្តែង​ក្លិប​ណាហ្គា​វើ​ល​បានដាក់​កាលវិភាគ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​ដោយ​ខ្លួនឯង​។​

 
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​និយាយថា ក្លិប​លោក​បាន​ផ្អាក​ការប្រមូលផ្តុំ​កីឡាករ​ហ្វឹកហាត់​ជុំគ្នា​តាំងពី​៣​ថ្ងៃមុន​សហព័ន្ធ​កីឡាករ​បាល់ទាត់​កម្ពុជា​ប្រកាស​ផ្អាក​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន​។ ទោះបី​ក្លិប​នេះ​រំសាយ​ការប្រមូលផ្តុំ​ក៏ពិតមែន តែ​មិនបាន​ផ្អាក​ការហ្វឹកហាត់​ទាំងស្រុង​នោះទេ ដោយ​ពួកគេ​បាន​បង្វែ​ពី​ការហ្វឹកហាត់​ជា​ក្រុម​ទៅ​ហ្វឹកហាត់​ជា​លក្ខណៈ​បុគ្គល​។ 
 
​សម្រាប់​លោក មាស ចាន់ណា ការហ្វឹកហាត់​លក្ខណៈ​បុគ្គល មិនមាន​ប្រសិទ្ធភាព​ដូច​ការហ្វឹកហាត់​ជា​ក្រុម​នោះទេ ដែល​កត្តា​នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ម្នាក់ៗ​។ «​តាម​ធម្មតា​វា​ត្រូវតែ​ប៉ះពាល់​ដោយសារ​កីឡាករ​មិនសូវ​បាន​ហ្វឹកហាត់ តែ​ចំពោះ​ក្រុម​ខ្ញុំ ខ្ញុំ​បាន​ផ្ញើ​កម្មវិធី​ឲ្យ​កីឡាករ​ហ្វឹកហាត់​រៀងៗ​ខ្លួន បើ​អ្នក​នៅ​ភ្នំពេញ​ហាត់​នៅ​ភ្នំពេញ អ្នក​នៅតាម​ខេត្ត​ហាត់​នៅ​ខេត្ត​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា​។ 
 
​ទោះបី​ដឹងថា ការធ្វើ​បែបនេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ក្រុម តែ​ការធ្វើ​បែបនេះ គឺជា​ការរួមចំណែក​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាល​នៃ​ជំ​ងឹ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា ក៏ដូចជា​ទូទាំង​ពិភពលោក​។ គ្រូបង្វឹក​រូបនេះ​អះអាងថា ណាហ្គា​វើ​ល​នឹង​បន្តធ្វើ​បែបនេះ បើសិន​ការរីក​រាលដាល​នៃ COVID-19 នៅតែ​បន្ត​កើនឡើង​។ 
 
​ខុសពី​ណាហ្គា​វើ​ល ក្លិប​បឹងកេត​នៅតែ​បន្ត​ការប្រមូលផ្តុំ​កីឡាករ​ហ្វឹកហាត់​ដូច​ធម្មតា ទោះបី​ពានរង្វាន់​លី​គ​កំពូល​ត្រូវបាន​ផ្អាក និង​កូ​រ៉ូ​ណា​វីរុស​កំពុង​រាតត្បាត​នៅ​កម្ពុជា​ក៏ដោយ​។ ប៉ុន្តែ​ការហ្វឹកហាត់​របស់​ពួកគេ​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ពី​អ្នកជំនាញ​ពាក់ព័ន្ធ​នឹង​មេរោគ COVID-19​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហៅ សុជាតិ នាយក​បច្ចេកទេស​គ្រប់គ្រង និង​អភិវឌ្ឍន៍​យុវជន​របស់​ក្លិប​បឹងកេត​។ 
 
​កីឡាករ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ក្រុមគ្រូពេទ្យ​ប្រចាំ​ក្លិប​មុន​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ហ្វឹកហាត់​ម្តងៗ តាមរយៈ​ការវាស់ស្ទង់​កម្តៅ លាង​សម្អាត​ដៃជើង​ដោយ​ប្រើ​សាប៊ូ អាល់​អុល ឬ​ជែ​ល ហើយ​ឧបករណ៍​ហ្វឹកហាត់​ត្រូវ​ឆ្លងកាត់​ការសម្អាត​មេរោគ​ជាមុនសិន​។ នេះ​បើតាម​ការបន្ថែម​របស់​លោក ហៅ សុជាតិ ដែល​បាន​បន្ថែមថា ក្រៅពី​ហ្វឹកហាត់​បឹងកេត​ក៏បាន​បញ្ជ្រាប​ការយល់ដឹង​ពី​របៀប​ធ្វើ​អ​នា​មួយ​ក្នុងការ​ការពារ​មេរោគ COVID-19 ដល់​កីឡាករ​ផងដែរ​។ 
 
«​ការមិន​ផ្អាក​ការហ្វឹកហាត់​ដោយសារ​យើង​ចង់​តាមដាន​កីឡាករ​យើង ព្រោះ​បើ​យើង​ឲ្យ​គាត់​ឈប់​តែម្តង យើង​មិនដឹងថា គាត់​ទៅណា​ទៅ​ណី​ខ្លះ ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុងការ​តាមដាន និង​ដឹងថា​ពួកគាត់​មាន​ផ្ទុក​ជំងឺ​នឹង​(COVID-19)​។ ម្យ៉ាងទៀត​ការធ្វើ​បែបនេះ គឺ​កុំ​ឲ្យ​មាន​ផលប៉ះពាល់ ព្រោះ​បើ​កីឡាករ​ណា​ម្នាក់​ស្ថិតក្នុង​ការសង្ស័យ គឺ​ពួកគេ​ត្រូវ​សម្រាក​រយៈពេល​វែង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហៅ សុជាតិ ដែល​អះអាងថា ការហ្វឹកហាត់​នេះ ជា​កត្តា​រួមចំណែក​ក្នុង​ការរក្សា​កម្លាំង​រប​ស់​កីឡាករ​។ 
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​សម្រេច​ផ្អាក​ការរៀបចំ​ការប្រកួត​ពា​ន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន បណ្តោះអាសន្ន ដោយសារ​បារម្ភ​ការរីក​រាលដាល​នៃ COVID-19 នៅ​កម្ពុជា​។ ការសម្រេច​នេះ ក៏​ជាការ​រួមចំណែក​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​នេះ​ផងដែរ​។ 
 
​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៤ មីនា នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ COVID-19 ចំនួន​៨៧​នាក់ តែ​ព្យាបាល​ជាសះស្បើយ​ចំនួន​៤​នាក់​។ អ្នក​ផ្ទុក​ភាគច្រើន​ជា​ជនជាតិ​បរទេស ក្នុងនោះ​ជនជាតិខ្មែរ​៣៥​នាក់​(​ជាសះស្បើយ​ពីរ​នាក់​), បារាំង​៣៤​នាក់​, ម៉ាឡេស៊ី​១២​នាក់​, អង់គ្លេស​៣​នាក់​(​ជាសះស្បើយ​១​នាក់​), កាណាដា​១​នាក់​, បែលហ្ស៊ិក​១​នាក់ និង​ចិន​១​នាក់​(​ជាសះស្បើយ​)៕   

Tag:
 បាល់ទាត់​
  មាស ចាន់ណា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com