COVID-19
ជាតិ
COVID-19៖ អាមេរិក​២​នាក់ និង​អង់គ្លេស​២​នាក់​តេស្ត​វិជ្ជមាន​នៅ​កំពង់ចាម សរុប​៩១​នាក់​នៅ​កម្ពុជា
24, Mar 2020 , 10:46 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 បន្ថែម ៤​ករណី​ទៀត ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​នៅ​កម្ពុជា​កើនឡើង​ដល់​៩១​ករណី​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៤ មីនា​នេះ​។ ករណី​ឆ្លង​ទាំង​៤​ករណីនេះ គឺជា​ជនជាតិ​អង់គ្លេស​២​នាក់ និង​ជនជាតិ​អាមេរិក​២​នាក់ ដែលជា​អ្នកដំណើរ​នៅលើ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​ ជាមួយគ្នានេះ ក្រសួងក៏ប្រកាសពីករណីសះស្បើយ៤ករណីបន្ថែមទៀតផងដែរ។



ករណីថ្មីទាំង​៤សុទ្ធតែជាអ្នកដំណើរចុងក្រោយលើ​នាវា Viking Cruise Journey ដែលមានប្រភពពីក្រុងហូជីមិញ ហើយសំចតនៅខេត្តកំពង់ចាម។ អ្នកជំងឺមាន បុរសអង់គ្លេសអាយុ៦១ឆ្នាំ ស្ត្រីអង់គ្លេសអាយុ៧៩ឆ្នាំ បុរសអាមេរិក​អាយុ​៥៩ឆ្នាំ និង​បុរសអាមេរិកអាយុ៦២ឆ្នាំ។

ស្របពេលជាមួយគ្នា ក្រសួងបាន​ប្រកាសពីករណីសះស្បើយ៤បន្ថែមទៀត ដោយ២នាក់នៅត្បូងឃ្មុំ ដែលមានបុរសអាយុ៦១ឆ្នាំ និង៥៣ឆ្នាំ និង២ករណីទៀតនៅ​បាត់ដំបង គឺបុរសអាយុ​៤១ឆ្នាំ និង​៤២ឆ្នាំ។ ពួកគាត់បានចេញពីមន្ទីរពេទ្យហើយ។


​គួរ​ជម្រាបជូន​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៤ មីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ កូ​វីដ​-១៩ ចំនួន ៩១​នាក់ ក្នុងនោះ​មាននៅ​ព្រះសីហនុ ៣៤​ករណី (​បារាំង​៣១ ខែ្មរ​២, ចិន​១) ភ្នំពេញ ១២​ករណី (​ខ្មែរ​៧, បារាំង​៣, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១៥​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣,​អាមេរិកាំង​២,​អង់គ្លេស​២, ខ្មែរ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង  ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ២​ករណី (​ខ្មែរ​២),​កោះកុង​២​ករណី (​ខ្មែរ​២), កណ្តាល ១​ករណី (​ខ្មែរ​១)​។ អ្នកជាសះស្បើយសរុប​៦នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com