COVID-19
អន្តរជាតិ
ឥណ្ឌា​ដែលមាន​ប្រជាជន​១,៣​ពាន់​លាន​នាក់ នឹងត្រូវ​បិទ ២១​ថ្ងៃ ដើម្បី​ទប់ស្កាត់ COVID-19
25, Mar 2020 , 8:59 am        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី។ រូបភាព៖zeenews
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី។ រូបភាព៖zeenews
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នៅ​ថ្ងៃទី​២៤ ខែមីនា បានប្រកាស​បិទ​ប្រទេស​ទាំងមូល ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​ការរីក​សាយភាយ​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ការប្រកាស​បិទ​នេះ ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌា​មាន​ករណី​ឆ្លង​ជាង ៥០០​ករណី​។​


 
​ថ្លែង​តាម​ទូរទស្សន៍​ជាតិ​ទៅកាន់​ប្រជាជន​ជាង ១​ពាន់​បី​រយ​លាន​នាក់​របស់ខ្លួន នាយករដ្ឋមន្ត្រី​ឥណ្ឌា  នា​រិ​ន្ទ្រា ម៉ូ​ឌី បានប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ «​ផុតពី​ម៉ោង​១២​យប់ ថ្ងៃទី​២៤ ខែមីនា​នេះ​ទៅ ឥណ្ឌា នឹង​បិទ​ប្រទេស​ទាំងស្រុង​»​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ឥណ្ឌា នឹង​បិទ​ប្រទេស​រយៈពេល ២១​ថ្ងៃ​។ បើ​២១​ថ្ងៃ​មិនអាច​ទប់ស្កាត់​ករណី​ឆ្លង​បានទេ ឥណ្ឌា​នឹង​បិទ​រយៈពេល ២១​ថ្ងៃ​បន្ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters
 
​បើតាម​ការបញ្ជា​ក់រប​ស់​នាយករដ្ឋមន្ត្រី ការប្រកាស​បិទ​នេះ គឺធ្វើឡើង ដើម្បី​ការពារ​ប្រជាជន​ឥណ្ឌា​ទាំង​អស់ពី​ការឆ្លង COVID-19​។ ទាំង​សាលារៀន ផ្លូវ សង្កាត់ មធ្យោបាយ​ដឹកជញ្ជូន ជំនួញ គឺ​ត្រូវ​បិទ​ទាំងអស់​។ លោក​ម៉ូ​ឌី បាន​និយាយ​បែបនេះ​។ 
 
​ការប្រកាស​បិទ​ប្រទេស​នេះ ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌា​បាន​រកឃើញ​ការឆ្លង COVID-19 ចំនួន ៥១៩​ករណី អ្នកស្លាប់ ១០​នាក់ និង​អ្នកជា​សះស្បើយ ៤០​នាក់​។ វិធានការ​នេះ ក៏​ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​ព្រមាន​ថា ប្រជាជន​ឥណ្ឌា​ជាច្រើន​លាន​នាក់ អាច​ឆ្លង​COVID-19 នៅត្រឹម​ពាក់កណ្តាល​ខែឧសភា ប្រសិនបើ​រដ្ឋាភិបាល​មិនមាន​ចំណាត់ការ​ទប់ស្កាត់​។ 
 
​បញ្ហា ដែល​អាជ្ញាធរ​ឥណ្ឌា​ព្រួយបារម្ភ​នៅពេលនេះ គឺ​ការឆ្លង COVID-19 ទៅក្នុង​សហគមន៍​ក្រីក្រ និង​ការព្យាបាល​អ្នកជំងឺ ខណៈ​វិស័យ​សុខាភិបាល​សាធារណៈ កំពុង​ខ្វះខាត​ធនធាន​ជាច្រើន ក្នុងការ​ព្យាបាល​វីរុស​ថ្មី​នេះ​៕

Tag:
 ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com