ចិន អាមេរិក អាល្លឺម៉ង់ និង​ជប៉ុន បានផ្តល់​ជំនួយ​ជួយ​កម្ពុជា​ប្រឆាំង COVID-19
ជាតិ
ចិន អាមេរិក អាល្លឺម៉ង់ និង​ជប៉ុន បានផ្តល់​ជំនួយ​ជួយ​កម្ពុជា​ប្រឆាំង COVID-19
25, Mar 2020 , 10:21 am        
រូបភាព
​ភ្នំពេញ​៖ ក្នុងពេលដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​នៅ​កម្ពុជា​បន្ត​កើន​ឡើងជា​លំដាប់​ ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ដែល​ខ្លួនឯង​កំពុង​ប្រឈម​នឹង​មេរោគ​កូ​វីដ​១៩​ដូចគ្នា​ដែរនោះ ក៏​ឆ្លៀត​ផ្តល់ជំនួយ​ជួយ​ដល់​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​ផងដែរ​។ «​មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​»​។ គិត​ត្រឹម​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​នេះ ប្រទេស​ចិន អាមេរិក អាល្លឺម៉ង់ និង​ជប៉ុន បានផ្តល់​ជំនួយ​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​។


 
​មិន​បង្អង់​ពេល​យូរ​ឡើយ ប្រទេស​ដៃគូ​របស់​កម្ពុជា​ចាប់ផ្តើម​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩​។ ប្រទេស​អាល្លឺម៉ង់​បានផ្តល់​ថវិកា​ចំនួន​១​លាន​៦​សែន​ដុល្លារ​ដល់​វិទ្យាស្ថាន​ជាតិ​ប៉ា​ស្ទើ​រាជធានី​ភ្នំពេញ​កម្ពុជា​ដើម្បី​ប្រតិបត្តិ​ការប្រឆាំង​មេរោគ​កូ​វីដ​១៩​។​
 
​ដូចគ្នា​ដែរ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ដែលជា​មហាមិត្ត​របស់​ក​ម្ពុ​ជា បាន​បញ្ជូន​វេជ្ជបណ្ឌិត​ចំនួន​៧​នាក់ និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន​មកដល់​ប្រទេស​កម្ពុជា​ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ 
 
​មិន​ខុសគ្នា​ប៉ុន្មាន​ថ្ងៃ​ផង សហរដ្ឋអាមេរិក​តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍ USAID ក៏បាន​ប្រកាស​ផ្តល់ជំនួយ​ប្រមាណ​ជា​២​លាន​ដុល្លារ​អ​មេ​រិ​ក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​ផងដែរ​។ 
 
​ប្រទេស​ជប៉ុន​ក៏​មិន​ឈរ​អោបដៃ​នៅ​ស្ងៀម​ឡើយ​។ ភ្លាមៗ​បន្ទាប់ពី​មេរោគ​កូ​វីដ​១៩​ឈ្លានពាន​កម្ពុជា​, ជប៉ុន​បានប្រកាស​ជំហរ​ជួយ​កម្ពុជា​ជា​សម្ភារ​វេជ្ជសាស្ត្រ​ដើម្បី​គ្រប់គ្រង និង​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​នៅ​កម្ពុជា​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com