នាយករដ្ឋមន្រ្តី បញ្ជាឲ្យមន្រ្តីដើរចែកអង្ករ តាមផ្ទះ សម្រាប់ពលរដ្ឋខ្វះខាត
COVID-19
ជាតិ
នាយករដ្ឋមន្រ្តី បញ្ជាឲ្យមន្រ្តីដើរចែកអង្ករ តាមផ្ទះ សម្រាប់ពលរដ្ឋខ្វះខាត
25, Mar 2020 , 11:39 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យមន្រ្តី ដើរចែកអង្ករនិងរបស់ហូបចុកផ្សេងៗ ជូនប្រជាពលរដ្ឋដែលខ្វះខាត ដល់ផ្ទះរបស់ពួកគាត់តែម្តង ដោយចាប់ផ្តើមពីខេត្តកណ្តាលមុនគេ។ បញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។



ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«ពេលវេលានេះ ខ្ញុំអំពាវនាវឲ្យមន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលចុះមូល រៀបចំទៅ។ ពេលគាត់មិនអាចចេញទៅណាបាន គាត់ ខ្វះអង្ករ គាត់ខ្វះអីទទួលទាន អ៊ីចឹងទេ នេះជាពេលវេលាដើរចែកអង្ករតាមផ្ទះ។ ខ្ញុំ ឲ្យខេត្តកណ្តាលធ្វើជាគំរូមុនគេ...»។ 

មេដឹកនាំកម្ពុជា បន្ថែមថា៖«ចុះចែកក្រមា ចែកអង្ករ ចែកត្រីខ ដល់ផ្ទះ អ្នកដែលខ្វះខាត កុំចាំបាច់ហៅគាត់មកប្រជុំ ដើរចែកតែម្តង។ មន្រ្តីគណបក្សប្រជាជនកម្ពុជាច្រើនណាស់ ដែលចុះមូលដ្ឋាន ធ្វើទៅ។ ហើយក្នុងមួយភូមិ មិនមែនក្រដល់៩០ភាគរយទេ។ យើងថា អ្នកដែលខ្វះខាត២០ភាគរយ ប្រើឲ្យចំគោលដៅ២០ភាគរយហ្នឹង»។

ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងផ្ទះផងដែរ បើមិនមានការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៩៣នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន៦នាក់ បានជាសះស្បើយវិញ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com