កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ ត្រូវបានពន្យារពេលរយៈមួយឆ្នាំ ពោលគឺត្រូវធ្វើនៅឆ្នាំ២០២១វិញ ដោយសារឥទ្ធិពលនៃ COVID-19។ មិនមែនជាលើកទីមួយឡើយ ដែលព្រឹត្តិការណ៍លំដាប់ពិភពលោក ត្រូវផ្អាកនោះ។ អូឡាំពិករដូវក្តៅ ធ្លាប់លុបចោលទាំងស្រុងចំនួន ៣ លើករួចមកហើយ ប៉ុន្តែគឺដោយសារ ការផ្ទុះឡើងនៃសង្គ្រាមលោក។
ព្រឹត្តិការណ៍អូឡាំពិក បានបង្កើតឡើងដំបូងនៅឆ្នាំ១៨៩៦ នាទីក្រុងអាតែន ប្រទេសក្រិក។ ចាប់តាំងពីដំណើរការ ប្រកួតរយៈពេលជាង១០០ឆ្នាំមក កីឡាលំដាប់ពិភពលោក ដែលធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តងនេះធ្លាប់ផ្អាកចំនួន៣លើករួចមកហើយ។
មូលហេតុនៃការផ្អាកទាំងបីលើកកន្លងមក គឺដោយសារតែការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី១ និងលើកទីពីរ ពោលគឺក្នុងឆ្នាំ ១៩១៦ (ក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់), ១៩៤០ (ក្រុងតូក្យូ ប្រទេសជប៉ុន) និង១៩៤៤ (ក្រុងឡុងដ៍ ប្រទេសអង់គ្លេស)។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅទីក្រុង Stockholm ប្រទេសស៊ុយអែត នៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩១២ ព្រឹត្តិការណ៍អូឡាំពិកលើកទី ៦ ត្រូវបានប្រគល់ជូនទីក្រុងបែរឡាំងរបស់អាល្លឺម៉ង់តាមរយៈការឈ្នះការបោះឆ្នោតជាមួយប្រទេសចំនួន៥ផ្សេងទៀត។
ក្រោយទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ អាល្លឺម៉ង់ចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កីឡដ្ឋាន និងទីលានប្រកួតជាច្រើនដូចជាអាងហែលទឹក វាយកូនគោល បាញ់កាំភ្លើង ប៉េតង់ និងតារាងជិះកង់ជាដើម។
បន្ទាប់ពីសង្គ្រាមលោកលើកទី១ (World War I) បានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ ១៩១៤ អាល្លឺម៉ង់នៅតែបន្តការរៀបចំរបស់ខ្លួន ខណៈការប្រកួតនឹងឈានមកដល់នៅរយៈពេលពីរឆ្នាំទៀត។ យ៉ាងណា អ្វីៗមិនបានដូចកាលគ្រោងទុកឡើយ សង្គ្រាមដ៏គួរឲ្យរន្ធត់បានបន្តរហូតដល់ឆ្នាំ ១៩១៨ ដែលបង្ខំឲ្យអាល្លឺម៉ង់លុបចោលព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំ ១៩១៦ តែម្តង។
ឆ្នាំ ១៩២០, ១៩២៤, ១៩២៨, ១៩៣២ និង ១៩៣៦ កីឡាអូឡាំពិកបានដំណើរការជាធម្មតា។ ប៉ុន្តែ ២៤ឆ្នាំក្រោយ ពោលគឺចូលដល់ឆ្នាំ ១៩៤០ ដែលក្រុងតូក្យូប្រទេសជប៉ុនឈ្នះសិទ្ធិរៀបព្រឹត្តិការណ៍នេះ ត្រូវបានលុបចោលជាថ្មីម្តងទៀត។
ជាការពិតបន្ទាប់ពីសង្គ្រាមលោកលើកទី២ (World War II) បានផ្ទុះឡើងនៅខែកញ្ញា ឆ្នាំ ១៩៣៩ តាមរយៈការលុកលុយរបស់អាល្លឺម៉ង់លើប្រទេសប៉ូឡូញ ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៤០ ត្រូវបានលុបចោលទាំងស្រុង។ យ៉ាងណា ក្រុងតូក្យូមានឱកាសធ្វើជាម្ចាស់ផ្ទះអូឡាំពិកនៅរដូវក្តៅម្តងទៀតនៅឆ្នាំ ១៩៦៤ និងជាប្រទេសអាស៊ីដំបូងគេដែលទទួលសិទ្ធិរៀបចំកីឡានេះ។
កីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុងឡូងដ៍
ដោយសារឥទ្ធិពលនៃសង្គ្រាមលោកលើកទី២ ដែលអូសបន្លាយតាំងពីឆ្នាំ១៩៣៩ ក្រុងឡុងដ៍របស់អង់គ្លេសដែលត្រូវដឹកនាំធ្វើម្ចាស់ផ្ទះអូឡាំពិកឆ្នាំ១៩៤៤ ក៏ត្រូវលុបចោលដូចគ្នា។ យ៉ាងណាក៏ដោយ ក្រុងឡុងដ៍នៅតែទទួលបានសិទ្ធិរៀបចំកីឡានេះនៅឆ្នាំ ១៩៤៨ ក្រោយពីសង្គ្រាមបានថមថយទៅវិញ។
នៅឆ្នាំ ២០២០ ក្រុងតូក្យូ ដែលបានសិទ្ធិរៀបចំអូឡាំពិកជាលើកទី២ ក៏ត្រូវជួបគ្រោះម្តងទៀត គឺសង្គ្រាមជំងឺឆ្លងដ៏កាចសាហាវឈ្មោះថា COVID-19។ ក្នុងដំណាក់កាលដំបូងនេះ ជប៉ុនត្រូវបង្ខំចិត្តពន្យារពេលប្រកួតរយៈពេលមួយឆ្នាំ ដោយរង់ចាំមើលស្ថានភាពនៃរោគរាតត្បាតថមថយសិន។ តើក្រុងតូក្យូអាចត្រឡប់ធ្វើម្ចាស់ផ្ទះអូឡាំពិករដូវក្តៅនៅឆ្នាំ២០២១ ឬក៏ត្រូវលុបចោលដូចឆ្នាំ១៩៤០ម្តងទៀត?