COVID-19
អន្តរជាតិ
UNESCO៖ COVID-19 ធ្វើឲ្យសិស្សចំនួន ១,៣៧ ពាន់លាននាក់មិនបានទៅសាលា ការផ្ទុះឡើងធ្វើឲ្យសិស្សជាច្រើនមិនអាចទៅសាលាបានដូចមុន ហើយត្រូវរៀបតាមអនឡាញវិញ។ រូបភាព Xinhua
× ស្របពេលសាលារៀនស្ទើរទូទាំងពិភពលោកត្រូវបានបិទ នៅថ្ងៃទី២៤ ខែមីនាកន្លងទៅ អង្គការ UNESCO បានកោះហៅកិច្ចប្រជុំរដ្ឋមន្ត្រីអប់រំអន្តរជាតិ ដើម្បីចែកចាយព័ត៍មាន និងពន្លឿនវិធានការដើម្បីជួយគ្រូបង្រៀន មាតាបិតា និងសិស្សក្នុងការរៀននៅផ្ទះអំឡុងពេលការរាលដាលជំងឺ COVID-19 ។ កិច្ចប្រជុំដែលធ្វើតាមអនឡាញ online នេះមានការចូលរួមពីប្រទេសចំនួន១១ប្រទេស។ នេះយោងតាមគេហទំព័ររបស់អង្គការនេះ។
ការបិទសាលា បណ្តាលមកពី COVID-19 បានបណ្តាលឲ្យប៉ះពាល់ដល់សិស្សចំនួន ៨០%នៅជុំវិញពិភពលោក។ នៅក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ ចំនួនសិស្ស និស្សិតដែលប៉ះពាល់ដោយការបិទសាលា និងសាកលវិទ្យាល័យបានកើនឡើងសឹងតែ ៤ដងនៅប្រទេសចំនួន ១៣៨ ដែលស្នើនឹងជាង១,៣៧ពាន់លាននាក់ និងតំណាងឲ្យ ៣ភាគ៤នៃកុមារទូទាំងពិភពលោក។ បន្ថែមពីនេះទៀតគ្រូបង្រៀនចំនួន ៦០,២ លាននាក់លែងមានវត្តមានក្នុងថ្នាក់រៀន។
ថ្លែងក្នុងពិធីបើកជំនួបអនឡាញ អ្នកស្រី Audrey Azoulay អគ្គនាយក UNESCO បានសង្កត់ធ្ងន់ថា ទំនួលខុសត្រូវក្នុងការធ្វើសកម្មភាព គឺជាកិច្ចការរួម។ អ្នកស្រី ក៏បានប្រកាសបង្កើត សម្ព័ន្ធភាពអប់រំ COVID-19 សកល ដើម្បីប្រមូលភាគីជំនាញមកពីគ្រប់វិស័យ និងពង្រឹងការគាំទ្រដល់តម្រូវការរបស់នៃប្រព័ន្ទអប់រំរបស់ប្រទេសនីមួយៗ។
ដោយឡែក អ្នកស្រី Stefania Giannini អគ្គនាយករងទទួលបន្ទុកអប់រំបានលើកឡើងថា ជាងពេលណាៗ ទាំងអស់ដែលអ្នករៀនតាមផ្ទះ ត្រូវអមដោយជំនួយសិក្សាក៏ដូចជាផ្លូវចិត្ត។ អ្នកស្រីបានបន្ថែមទៀតថា៖ « នេះជាសញ្ញាដាស់តឿន ដែលប្រព័ន្ទអប់រំយើងត្រូវដាក់ការខិតខំប្រឹងប្រែងលើជំនាញសង្គម-អារម្មណ៍»។
រដ្ឋមន្ត្រីអប់រំអ៊ីតាលីដែលជាប្រទេសរងផលប៉ះពាល់ដោយ COVID-19 បានអះអាងថា វត្តមាន គ្រូនិងសិស្សមិនអាចជំនួសបានឡើយបានឡើយ ប៉ុន្តែអ្វីដែលបានធ្វើជារឿងគ្មានជម្រើសផ្សេង ហើយត្រូវតែជួយនាយកសាលា គ្រូបង្រៀន និងសិស្សដើម្បីឲ្យពូកគេមានសុវត្ថិភាព។ អ្នកស្រី Lucia Azzolina រដ្ឋមន្ត្រីអប់រំអ៊ីតាលីបានបន្ថែមទៀតថា យើងកំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរក្សាទំនាក់ទំនងរវាងគ្រូ និងសិស្ស និងដើម្បីជំរុញទឹកចិត្តពួកគាត់។
ដោយឡែករដ្ឋមន្ត្រីអប់រំបារាំងវិញបានសង្កត់ធ្ងន់ពីការសហការសកល ជុំវិញបទប្បញ្ញត្តិស្តីពីអ្នកផ្តល់ការសិក្សាតាមប្រព័ន្ទឌីជីថល ដើម្បីធានាឲ្យមានវិធានរួមក្នុងការប្រមូល គ្រប់គ្រង និងប្រើប្រាស់ទិន្ន័យ ជាពិសេសទិន្ន័យរបស់កុមារ និងយុវជន៕
© រក្សាសិទ្ធិដោយ thmeythmey.com