COVID-19
កីឡាជាតិ
ជាតិ
ស្ថាបនិក និង​ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន​ផ្តល់​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19
25, Mar 2020 , 7:39 pm        
រូបភាព
លោកឧកញ៉ា កុក អាន ស្ថាបនិកក្លិបភ្នំពេញក្រោន
លោកឧកញ៉ា កុក អាន ស្ថាបនិកក្លិបភ្នំពេញក្រោន
ដោយ:
​ដើម្បី​រួមចំណែក និង​ទ្រទ្រង់​ចលនា​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ស្ថាបនិក​និង​ប្រធាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានផ្តល់​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ ភ្នំពេញ​ក្រោ​ន ក៏បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​វិធី​ការពារ និង​ទប់ស្កាត់​ការឆ្លង COVID-19 ផងដែរ​។

 
​ស្របពេល​តួលេខ​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 នៅ​កម្ពុជា​បន្ត​កើនឡើង រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ​នេះ​។ ដើម្បី​ចូលរួម​ទ្រទ្រង់​ចលនា​ប្រយុទ្ធប្រឆាំង​នេះ លោក កុក អាន ស្ថាបនិក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បរិច្ចាគ​ថវិកា​១០​ម៉ឺន​ដុល្លារ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។ ចំណែក​លោក ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន​បរិច្ចាគ​ថវិកា​៨០​លាន​រៀល​ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល COVID-19 នៅ​ខេត្ត​នេះ​។ 
​គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​មួយ​សែន​ដុល្លារ ហើយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ប្រោស​ប្រទាន​២​សែន​ដុល្លារ ដល់​រដ្ឋាភិបាល ដើម្បី​ទុក​ចំណាយ​លើ​ការទប់ស្កាត់​និង​ប្រឆាំង COVID-19​។​
 
​ផ្តើម​ពី​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រី​មាន​ឧកញ៉ា សេដ្ឋី អ្នកមាន​ទ្រព្យសម្បត្តិ និង​សប្បុរសជន​ជាច្រើន​បាន​បរិច្ចាគ​ថវិកា​ជា​ហូរហែ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងនោះ​ឧកញ៉ា ហុង ពា​វ និង អតិថិជន​របស់គាត់ បរិច្ចាគ​២​លាន​ដុល្លារ​, ឧកញ៉ា គិត ម៉េង បរិច្ចាគ​៥​សែន​ដុល្លារ​, ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគ​៥​សែន​ដុល្លារ​, លោក​ឧកញ៉ា លី យ៉ុង​ផាត់ បរិច្ចាគ​៥​សែន​ដុល្លារ និង​អ្នកផ្សេងៗ​ទៀត​។​
 
​នា​ពិធី​ជួបជុំ​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​ព្រឹក​ថ្ងៃទី​២៥ មីនា នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​រកឃើញ​អ្នក​ផ្ទុកមេរោគ COVID-19 លើ​ជនជាតិ​បារាំង​ពីររូប​បន្ថែមទៀត​នៅ​ខេត្ត​ព្រះសីហនុ​។ ការបញ្ជាក់​បែបនេះ របស់​សម្តេច ដោយ​ផ្អែកលើ​របាយការណ៍ ដែល​ទើប​ទទួលបាន​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។ តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា​បាន​កើន​ឡើងដល់​៩៣​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ មីនា នេះ​៕    

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com