COVID-19
ជាតិ
សុខភាព
បញ្ជ្រាប​សារ​អប់រំ​ពី​កូ​វីដ​-១៩ ដល់​សិស្ស​គ​-​ថ្លង់​នៅ​សាលា​អប់រំ​ពិសេស​កំពង់ចាម​
25, Mar 2020 , 8:39 pm        
រូបភាព
​សិស្ស​ពិការភាព​ផ្នែក​គ​-​ថ្លង់ នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម បាន​អនុវត្ត​វិធានការ​បង្ការ និង ទប់ស្កាត់​នៃ​ការឆ្លង​មេរោគ​កូ​វីដ​-១៩(COVID-19) បាន​យ៉ាង​ល្អប្រសើរ តាមរយៈ​លោកគ្រូ​-​អ្នកគ្រូ ប្រើ​ស្លាយ​បញ្ចាំង​រូបភាព និង​វីដេអូ និង​ពន្យល់​ណែនាំ​បន្ថែម​ជា​ភាសា​សញ្ញា ដល់​សិស្ស​។ លោក គឹម ដា​ស័​ក្ត គ្រូបង្រៀន​សិស្ស​គ​-​ថ្លង់ ប្រចាំ​វិទ្យាល័យ​អប់រំ​ពិសេស​ក្នុង​ខេត្តកំពង់ចាម  បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ដូច្នេះ​។​

 
​បើតាម​លោក ដា​ស័​ក្ត ការផ្សព្វផ្សាយ​ពី​ការចម្លង និង​វិធានការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​សិស្ស​គ​-​ថ្លង់ នៅក្នុង​ថ្នាក់រៀន គឺមាន​បី​ដំណាក់កាល គឺ​ការពន្យល់​ពី​ពី​មូលហេតុ​ឆ្លង និង​បញ្ហា​, ពន្យល់​ពី​វិធី​បង្ការ និង​ការអនុវត្ត ការរក្សា​អនាម័យ ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​វត្ត​មាននៅ​កម្ពុជា និង​កំពុង​រាតត្បាត​ជុំវិញ​ពិភពលោក​។ លោកគ្រូ​បង្រៀន​រូបនេះ បាន​និយាយប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៤​មីនា ឆ្នាំ​២០២០ ថា ការផ្សព្វផ្សាយ​នូវ​ដំណាក់​នីមួយៗ នៃ​ការប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​-១៩​នេះ ដល់​សិស្ស​មាន​ពិការភាព​គ​-​ថ្លង់ គឺ​សុទ្ធសឹងតែ​បញ្ចាំង​ស្លាយ​ជា​រូបភាព​-​ជា​វីដេអូ និង​មាន​ណែនាំ​បន្ថែម​ជា​ភាសា​សញ្ញា ហើយ​ព្រមទាំង​មានការ​អនុវត្ត​ផ្ទាល់ ដូច​ជាការ​លាងដៃ​នឹង​សាប៊ូ ពាក់​ម៉ាស់ និង​រក្សា​អនាម័យ ដោយ​កុំ​ដៃ​ប៉ះពាល់​លើ​មុខ​ជាដើម​។ 
 
​លោក​បាន​បញ្ជាក់ថា​៖«​ស្លាយ​ដែល​សាលារៀន​យើង យកមក​បញ្ចាំង​ដល់​សិស្ស​ទាំងនោះ គឺ​បាន​តាមរយៈ​ឯកសារ​នានា​របស់​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល ដែល​បាន​ផ្សព្វផ្សាយ​វិធានការ​ណែនាំ​ផ្សេងៗ ពី​ការទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩»​។​


 
​លោក គឹម ដា​ស័​ក្ត បាន​បញ្ជាក់ថា ក្រៅពី​មាន​សិស្ស​ពិការភាព​ផ្នែក​គ​-​ថ្លង់​សាលារៀន​អប់រំ​ពិសេស​កំពង់ចាម ឬ​សាលា​កុមារ​គ​ថ្លង់​កំពង់ចាម នៃ​អង្គការ​គ្រួសារ​ថ្មី​នេះ  ក៏មាន​សិស្ស​ពិការភ្នែក​ផងដែរ​។ លោក​បាន​បន្ថែមថា សិស្ស​ពិការភ្នែក គឺ​ពិបាក​បន្តិច​ក្នុងការ​អនុវត្ត​វិធានការ​អនាម័យ ការទប់ស្កាត់​ការឆ្លង​ការ​ជំងឺ​កូ​វីដ​-១៩ ជា ពិសេស​គឺ​ការ​លាងដៃ​ជាមួយ​សាប៊ូ​។ លោក ពន្យល់​ដូច្នេះ​៖«​ដោយសារ​ពួកគាត់​មិនអាច​មើល​អ្វី​ឃើញ បានត្រឹមតែ​ស្តាប់ឮ និង​ដើរ​រាវ​យកដៃ​ស្ទាប​។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ការអនុវត្ត  អនាម័យ​របស់​ពួកគាត់​នៅតែ​ល្អ ដោយ​លោកគ្រូ​-​អ្នកគ្រូ ដឹក​ដៃ​នាំ​ពួកគាត់​ង​ម្នាក់ៗ ទៅ​អនុវត្ត​ផ្ទាល់ ដោយ​ចាប់ដៃ​អ្នក​ពិការភ្នែក​ឱ្យ​កាន់​សាប៊ូ និង​របៀប​ដុស​សម្អាត​មេរោគ​នៅ​ជុំវិញ​ដៃ​»​។  
 
​បើតាម លោក កែវ ផល្លី នាយក​វិទ្យាល័យ​អប់រំ​ពិ​សេ​សេ​នេះ  មាន​សិស្ស​គ​-​ថ្លង់ និង​ពិការភ្នែក មាន​ចាប់ពី​ថ្នាក់​ទី​១​ដល់​១២ មាន​សរុប ១៧០​នាក់ ក្នុងនោះ​មាន​សិស្ស​គ​-​ថ្លង់​១១០​នាក់​។ ក្រោយ​ទទួលបាន​ការអំពាវនាវ និង​សារ​អប់រំ​នានា ជុំវិញ​នៃ​ការចម្លង និង​បង្ការ​ជំងឺ កូ​វីដ​-១៩ សាលា​អប់រំ​ពិសេស​កំពង់ចាម បាន​បង្រៀន និង​អនុវត្ត​ផ្ទាល់ ក្នុង​ទីធ្លា​សាលារៀន​តែម្តង  រហូតដល់​សិស្ស​ពិការ​ទាំងនោះ អនុវត្តបាន​ល្អជា​ទម្លាប់​ប្រចាំថ្ងៃ​។  
 
​លោក កែវ ផល្លី បាន​អះអាងថា សិស្ស​ពិការ​ទាំង​នោះបាន​យល់ដឹង នៅមុន​ការប្រកាស​បិទ​សាលារៀន ទូទាំងប្រទេស​បណ្តោះអាសន្ន​។ ដូច្នេះ​នៅពេលដែល​ពួកគាត់​មិន​រៀន ក៏​ពួកគាត់​នៅតែ​បន្ត​អនុវត្តន៍ លាងដៃ​និង​សាប៊ូ និង​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ កូ​វីដ​-១៩​នេះ​បានល្អ​ដែរ​។ នេះ​ជាការ​អះអាង​របស់ លោក កែវ ផល្លី​៕



Tag:
 Covid-19
  គ​-​ថ្លង់​
  ពិការ
© រក្សាសិទ្ធិដោយ thmeythmey.com