COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌូណេស៊ី លុបចោល​ការប្រលង​ថ្នាក់ជាតិ​របស់​សិស្ស​ជាង​៨​លាន​នាក់​
25, Mar 2020 , 9:19 pm        
រូបភាព
សិស្សឥណ្ឌូណេស៊ី នៅទីក្រុង ហ្សាការតា ប្រភពរូប៖ AFP
សិស្សឥណ្ឌូណេស៊ី នៅទីក្រុង ហ្សាការតា ប្រភពរូប៖ AFP
ដោយ:
​ប្រទេស ឥណ្ឌូណេស៊ី បានសម្រេច​លុបចោល​កា​រ​ប្រលង​ថ្នាក់ជាតិ​ដែល​គ្រោងទុក ដោយ​បារម្ភ​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម COVID-19 ។  ចំណាត់ការ​បែបនេះ នឹង​ប៉ះពាល់​ដល់​សិស្ស​វិទ្យាល័យ​ជាង​៨​លាន​នាក់ ។ រដ្ឋមន្ត្រី​អប់រំ​ឥណ្ឌូណេស៊ី Nadiem Makarim លើកឡើង​បែបនេះ នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា​។

 
«​រឿង​ដ៏​សំខាន់បំផុត​នោះ​គឺ សុវត្ថិភាព និង​សុខភាព​របស់​សិស្ស​យើង និង​ក្រុមគ្រួសារ ជីដូន​ជីតា​ពួកគេ​»​។ លោក​រដ្ឋមន្ត្រី  Nadiem Makarim បញ្ជាក់​បែបនេះ​លើ​កញ្ចក់​ទូរទស្សន៍​។ លោក បន្តទៀតថា ការប្រលង​ដែល​រៀបចំ​ដោយ​សាលា​ឯកជន ដែល​ដាច់ដោយឡែក​ពី​ការប្រលង​ថ្នាក់ជាតិ​នោះ អាច​ប្រព្រឹត្តទៅបាន​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការប្រលង​ថ្នាក់ជាតិ​របស់​ឥណ្ឌូណេស៊ី គ្រោង​រៀបចំ​ឡើងជា​ពីរ​ដំណាក់កាល ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ ៣០ ខែមីនា និង​ថ្ងៃ ២០ ខែមេសា​។ យ៉ាងណាមិញ រដ្ឋមន្ត្រី​អប់រំ​ឥណ្ឌូណេស៊ី​រូបនេះ ពុំបាន​បញ្ជាក់​ពី​ពេលវេលា​រៀបចំ​ការប្រលង​ថ្នាក់ជាតិ​ឡើងវិញ​ឡើយ​។ 
 
​ការសម្រេចចិត្ត​លុបចោល​ការប្រលង​ថ្នាក់ជាតិ​នេះ ធ្វើឡើង​ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បានប្រកាស​ករណី​ឆ្លង​ខ្ពស់បំផុត​ប្រចាំថ្ងៃ​ចំនួន​១០៧ នៅ​ថ្ងៃទី​២៤ ខែមីនា ដោយ​បង្កើន​ករណី​ឆ្លង​សរុប​ចំនួន ៦៨៦​នាក់​ហើយ​។ គិត​ត្រឹម​ថ្ងៃ​ពុធ ២៥ ខែមីនា​នេះ អ្នកស្លាប់​ដោយសារ COVID-19 មាន​៥៥​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​៣០​នាក់​។ 
 
​សូមបញ្ជាក់ថា ខេត្ត​មួយចំនួន​ក្នុងប្រទេស​ឥណ្ឌូណេស៊ី បានសម្រេច​បិទ​សាលារៀន ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19 ដែល​ក្នុងនោះ​មាន ខេត្ត ជ្វា​ភាគ​ខាងលិច (West Java) ដែលជា​ខេត្ត​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​របស់​ប្រទេស​នេះ (​ជិត​៥០​លាន​នាក់​) ។ ចំណែក​រដ្ឋធានី ហ្សា​ការ​តា បានប្រកាស​ដាក់​ភាពអាសន្ន​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
  សិស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com