តៃវ៉ាន់ បានចោទអង្គការសុខភាពពិភពលោក (WHO) ថា មិនអើពើនឹងសំណួររបស់ខ្លួនទាក់ទងនឹងការចាប់ផ្តើមផ្ទុះឆ្លងនៃជំងឺ COVID-19 ដែលបណ្តាលឲ្យតៃវ៉ាន់ប្រឈមនឹងគ្រោះថ្នាក់។ បើតាមតៃវ៉ាន់ ការមិនទទួលស្គាល់ខ្លួនជាសមាជិករបស់ WHO ដែលមកពីការដាក់សម្ពាធរបស់ចិន ជាកត្តាសំខាន់មួយ។
ក្រោមសម្ពាធរបស់ចិន តៃវ៉ាន់មិនត្រូវបានអនុញ្ញាតឲ្យក្លាយជាសមាជិកអង្គការសុខភាពពិភពលោកឡើយ ក្រោមអំណះអំណាងថាតៃវ៉ាន់ត្រឹមតៃខេត្តរបស់ចិន និងមិនមែនជារដ្ឋឡើយ។ យ៉ាងណាមិញ តៃវ៉ាន់ត្រូវបានគេសសើរថា ឆ្លើយតបទៅនឹងការផ្ទុះជំងឺឆ្លង COVID-19 បានយ៉ាងជោគជ័យ ដោយមានករណីឆ្លងត្រឹមតែ ២១៥ករណី និងស្លាប់២ ករណីប៉ុណ្ណោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលតៃវ៉ាន់និយាយថា ការណ៍ដែលមិនអនុញ្ញាតឲ្យខ្លួនមានវត្តមានក្នុងអង្គការសុខភាពពិភពលោក និងមិនអនុញ្ញាតឲ្យទទួលព័ត៍មានពីដីបូង គឺស្មើទៅនឹងការយកជីវិតប្រជាជនតៃវ៉ាន់ទៅលេងល្បែងនយោបាយ។ ប៉ុន្តែចិន និងអង្គការសុខភាពពិភពលោកបានតបវិញថាគេបានផ្តល់ជំនួយទៅតាមអ្វីដែលតៃវ៉ាន់ត្រូវការ។
ថ្លែងទៅកាន់អ្នកសារព័ត៍មាន លោក Chou Jih-haw ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងតៃវ៉ាន់ បានលើកឡើងថា តៃវ៉ាន់បានសសេរសំបុត្រស្នើសុំព័ត៍មានពីមេរោគដែលគេមិនស្គាល់នេះតាំងតែពីថ្ងៃ ៣១ ធ្នូ ឆ្នាំ២០១៩ ទៅកាន់ចិន និងអង្គការសុខភាពពិភពលោកដើម្បីបានរបាយការណ៍ពីការចម្លងពីមនុស្សទៅមនុស្ស។
« យើងបានសួរពួកគេ តើអាចទេដែលជំងឺវីរ៉ុសថ្មីនោះអាចឆ្លងពីមនុស្សទៅមនុស្ស។ យើងបានសួរ និងរំលឹកពួកគេពីបញ្ហានេះ»។ លោក Chou បន្ថែមបែបនេះ។ លោកថាអង្គការសុខភាពិភពលោកបានត្រឹមទទួលយកសំបុត្រ តែមិនបានឆ្លើយតប។
ទោះគ្មានការឆ្លើយតប រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ Chen Shih-chung បញ្ជាក់ថា តៃវ៉ាន់បានត្រួតនិត្យអ្នកដំណើរដែលមកពីវូហានតាំងតែពីថ្ងៃ ០២ មករា។ ការសម្រេចចិត្តនេះ ត្រូវបានអ្នកជំនាញពន្យល់ថា ជាហេតុដែលតៃវ៉ាន់អាចគ្រប់គ្រងការរាលដាលរបស់ជំងឺដោយមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ចិនបានប្រកាសថា ជំងឺនេះឆ្លងពីមនុស្សទៅមនុស្សនៅថ្ងៃទី២០ ខែមករា ដោយឡែកអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១២ ខែមករា និយាយថា គ្មានភស្តុតាងជាក់លាក់ស្តីពីការឆ្លងពីមនុស្សទៅមនុស្ស។
ទាក់ទងរឿងនេះដែរ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៅកាន់ភ្នាក់ងារព័ត៍មាន Reuter អង្គការសុភាពពិភពលោក មិនបានលើករឿងតែវ៉ាន់មកនិយាយដោយចំទេ តែបាននិយាយថា ការិយាល័យខ្លួននៅក្នុងប្រទេសចិន បានទទួលដំណឹងពីជំងីរលាកសួតថ្មីនេះ តាំងតែពីថ្ងៃ ៣១ ធ្នូ ឆ្នាំ ២០១៩។
ចិនឯណោះវិញ មិនសប្បាយចិត្តឡើយនឹងការលើកឡើងរបស់តៃវ៉ាន់ដូចខាងលើ។ ក្រសូងការបរទេសចិន តាមរយៈអ្នកនាំពាក្យរបស់ខ្លួនបាននិយាយថា អ្វីដែលតៃវ៉ាន់និយាយជាការកេងបន្លំនយោបាយ ហើយអង្គការសុខភាពពិភពលោកទប់ទល់នឹងស្ថានការណ៍ក្រោមគោលការណ៍ « ចិនតែមួយ»។
បន្ថែមពីបញ្ហាខាងលើ តៃវ៉ាន់ក៏បានតវ៉ាដែរថា ការរាប់ចំនួនអ្នកឆ្លងរួមជាមួយប្រទេសចិន ធ្វើឲ្យប្រទេសដទៃច្រឡំពីស្ថានការណ៍ជាក់ស្តែងនៅតៃវ៉ាន់៕