COVID-19
ជាតិ
គ្រូពេទ្យប្រាប់ពីមូលហេតុដែលបុរសខ្មែរឆ្លងCOVID-19 ពីជនជាតិជប៉ុនមិនទាន់ជាសះស្បើយ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់
× សៀមរាប៖ អស់រយៈពេល១៩ថ្ងៃមកហើយ ដែលបុរសជនជាតិខ្មែរដំបូងគេអាយុ៣៨ឆ្នាំ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ ដោយឆ្លងតាមរយៈជនជាតិជប៉ុនដែលជាថៅកែ និងត្រូវបានក្រសួងប្រកាសជាផ្លូវការនៅយប់ថ្ងៃទី៧ មីនា។ ក្រោមការមើលការថែទាំពីក្រុមគ្រូពេទ្យច្រើនថ្ងៃមកនេះ បុរសរូបនេះនៅមិនទាន់ជាសះស្បើយ គឺមានរយៈពេលយូរបើធៀបនឹងអ្នកជំងឺដទៃដែលឆ្លងជំងឺនេះក្រោយៗ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានប្រាប់សារព័ត៌មានថ្មីៗថា ការធ្វើតេស្ដជាលើកទី៨ លើបុរសជនជាតិខ្មែរដំបូងដែលមានមេរោគកូវីដ១៩ គឺលទ្ធផលបន្តវិជ្ជមាននៅឡើយ។ យ៉ាងណាលោកបញ្ជាក់ថា សុខភាពអ្នកជំងឺល្អធម្មតា ចំណែកមេរោគកាន់តែថយចុះ គ្រាន់តែការថមថយនោះយឺត។ ក្រុមគ្រូពេទ្យនឹងបន្តព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ និងប្រើវិធីសាស្ដ្រផ្សេងៗដើម្បីឱ្យជាសះស្បើយឆាប់ៗ។ នេះជាការបញ្ជាក់បន្ថែមពីលោក ក្រុស សារ៉ាត់។
សូមស្ដាប់ការពន្យល់របស់លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប៖
លោកប្រធានមន្ទីរសុខាភិបាលពន្យល់បន្ថែមយ៉ាងដូច្នេះថា៖« មេរោគនៅតែមាន គឺថយយឺត តែសុខភាពគាត់ធម្មតា ល្អ តែគាត់នៅមានសតិអារម្មណ៍ថា ហេតុអ្វីក៏រៀងយូរម្លេះ តែបើតាមក្រុមគ្រូពេទ្យដែលធ្លាប់ព្យាបាលនៅចិន គាត់ថានៅចិនក៏មានករណីនេះដែរ គឺអាចដល់៣០ថ្ងៃឯណោះ ដូច្នេះយើងនឹងបន្តតាមដាន និងព្យាបាលគាត់ទៀត។ មួយទៀត គាត់មានជំងឺរលាកថ្លើមប្រភេទ «B» ផង។ ហើយអ្វីដែលយើងកំពុងគិតនេះ គឺអាចថាមេរោគដែលឆ្លងពីជនជាតិជប៉ុននោះ ជាមេរោគមួយបែបទៀតពីមេរោគដែលគេផ្សេងៗឆ្លង។ អ្វីដែលកត់សម្គាល់ គឺបុរសជនជាតិជប៉ុននោះ ពេលនេះគាត់បានជាសះស្បើយហើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com