ចិន១៧៩នាក់នៅក្រុងបាវិត ត្រូវអាជ្ញាធរឃាត់យកទៅដាក់ដាច់ដោយឡែក
COVID-19
ជាតិ
ចិន១៧៩នាក់នៅក្រុងបាវិត ត្រូវអាជ្ញាធរឃាត់យកទៅដាក់ដាច់ដោយឡែក
25, Mar 2020 , 5:21 pm        
រូបភាព
កន្លែងដាក់ចត្តាឡីសក័ជនជាតិចិន នៅសាលាក្រុងបាវិត
កន្លែងដាក់ចត្តាឡីសក័ជនជាតិចិន នៅសាលាក្រុងបាវិត
ភ្នំពេញ៖ ជនជាតិចិនជាង១៧៩នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួនឲ្យនៅសាលាក្រុងបាវិត ខេត្តស្វាយរៀង មិនឲ្យចេញទៅណា ដើម្បីការសាកសួរប្រវត្តិរបស់ពួកគេ ហើយក៏ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ដែរ។



លោក រស់ ផារិទ្ធ នាយករដ្ឋបាលខេត្តស្វាយរៀង ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះថា ជនជាតិចិនទាំងនេះ គឺធ្វើដំណើរតាមឡានក្រុងពីភ្នំពេញ ទៅដល់ក្រុងបាវិត ដើម្បីរកកន្លែងស្នាក់នៅ។ ប៉ុន្តែសណ្ឋាគារ មិនអនុញ្ញាតឲ្យស្នាក់នៅ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ដាក់នៅដោយឡែក ព្រោះមិនដឹងថា ពួកគេ ទៅក្រុងបាវិត ក្នុងបំណងអ្វី។

លោក បញ្ជាក់ថា៖«ជនជាតិចិនទាំងនេះ បានមកដល់ក្រុងបាវិតនៅយប់ថ្ងៃទី២៤ ខែមីនា ប៉ុន្តែយើងមិនដឹងច្បាស់ថាជាភ្ញៀវទេសចរ ឬមកក្នុងគោលបំណងអ្វីនោះទេ។ ហើយសមត្ថកិច្ច បានរៀបចំឲ្យពួកគាត់ ស្នាក់នៅសាលាក្រុង និងមានម្ហូបអាហារសម្រាប់គាត់ រួមទាំងមិនឲ្យចេញទៅណាឡើយ ព្រោះមិនដឹងប្រវត្តិ និងខ្លាចឆ្លងរាលដាលកូវីដ-១៩។ ឥឡូវខាងមន្រី្តអន្តោប្រវេសន៍និងសុខាភិបាល កំពុងសាកសួរបន្ថែម។ ការឃាត់ពួកគាត់ ដាក់នៅដោយឡែក គឺដើម្បីសន្តិសុខ និងសុវត្ថិភាព រួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩»។

លោក រស់ ផារិទ្ធ បន្តថា ជនជាតិទាំង១៧៩នាក់ ក្នុងនោះមានស្រី៣៧នាក់ គឺកំពុងស្នាក់នៅសាលាក្រុងបាវិត ដោយបានវាស់កម្ដៅហើយមិនមាននរណាម្នាក់ មានសញ្ញាលើសកម្ដៅឡើយ។ យ៉ាងណាក៏ដោយ លោក អះអាងថា មន្រី្តសុខាភិបាល និងអន្តោប្រវេសន៍ កំពុងធ្វើការបន្ត ហើយមិនទាន់ដឹងទេថា បន្តឃាត់ខ្លួនក្រុមជនជាតិចិននេះ ដាក់នៅដោយឡែកដល់ពេលណានោះទេ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com