COVID-19៖ អ្នកឆ្លងឡើងដល់៩៦នាក់ ក្រោយវិជ្ជមាន៥នាក់ទៀត ខណៈអ្នកជាសះស្បើយឡើង១០នាក់
COVID-19
ជាតិ
COVID-19៖ អ្នកឆ្លងឡើងដល់៩៦នាក់ ក្រោយវិជ្ជមាន៥នាក់ទៀត ខណៈអ្នកជាសះស្បើយឡើង១០នាក់
25, Mar 2020 , 9:36 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​៥​នាក់​ទៀត ដោយ​កើនឡើង​៩៦​នាក់​ហើយ គិត​ត្រឹម​យប់​ថ្ងៃទី​២៥ មីនា​នេះ​។ ចំណែក​អ្នកជា​សះស្បើយ​នោះ កើនឡើង​១០​នាក់​ដែរ​ហើយ​។​



​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​ទាំង​៥​នាក់​នេះ គឺ​ជនជាតិ​បារាំង​ពីរ​នាក់​(​ស្ត្រី​១​នាក់​) ដែល​ភ្ញៀវ​ទេសចរណ៍​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ ។ ដោយឡែក​បុរស​ជនជាតិខ្មែរ​១​នាក់ នៅ​សៀមរាប ដែលជា​អ្នកបើកបរ​ឱ្យ​ជនជាតិ​បារាំង ដែល​ទើប​រកឃើញ​វីរុស​COVID-19​នេះ ក៏បាន​ឆ្លង​ពី​ពួកគេ​ផងដែរ​។ ចំណែក​បុរស​២​នាក់​ទៀត គឺ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ត្រូវបាន​រកឃើញ​វិជ្ជមាន​COVID-19​។ ពួកគេ​ទាំងនោះ ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យបង្អែក​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

​ជាមួយគ្នានេះ ក៏មាន​អ្នកជា​សះស្បើយ​ពី​វីរុស​COVID-19 ចំនួន​៤​នាក់​ទៀត​ដែរ គឺ​នៅ​រាជធានី​ភ្នំពេញ​៣​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​១​នាក់​។ ពួកគេ​ជា​ជនជាតិខ្មែរ​។ សរុបមក មាន​អ្នកជា​សះស្បើយ​ចំនួន​១០​នាក់​ហើយ ។​

​គួរ​ជម្រាបជូន​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៥ មីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ កូ​វីដ​-១៩ ចំនួន ៩៦​នាក់ ក្នុងនោះ​មាននៅ​ព្រះសីហនុ ៣៦​ករណី (​បារាំង​៣១ ខែ្មរ​២, ចិន​១) ភ្នំពេញ ១៣​ករណី (​ខ្មែរ​៨, បារាំង​៣, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១៥​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣,​អាមេរិកាំង​២,​អង់គ្លេស​២, ខ្មែរ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង  ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ៣​ករណី (​ខ្មែរ​៣),​កោះកុង​២​ករណី (​ខ្មែរ​២), កណ្តាល ២​ករណី (​ខ្មែរ​២)​។ អ្នកជា​សះស្បើយ​សរុប​១០​នាក់​៕

 


© រក្សាសិទ្ធិដោយ thmeythmey.com