ថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានដាក់ផែនការឲ្យកីឡាករហ្វឹកហាត់នៅតាមមូលដ្ឋានរៀងៗខ្លួន។ ការដាក់ចេញផែនការនេះ ធ្វើឡើងក្រោយក្រសួងអប់រំ យុវជននិងកីឡា រំសាយការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិថ្នាល ដោយសារបារម្ភការរីករាលដាលនៃCOVID-19 ។
«Training at Home»ជាផែនការដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដាក់ឲ្យកីឡាករកីឡាការិនីជម្រើសថ្នាល ហ្វឹកហាត់នៅតាមមូលដ្ឋាន។ នេះជាវិធីសាស្ត្រមួយដ៏ល្អក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ដែលកម្ពុជាកំពុងប្រឈមនេះ។
បើតាមលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា កម្មវិធី Training at Home បានចាប់អនុវត្តក្រោយក្រុមជម្រើសជាតិថ្នាល ផ្អាកការហ្វឹកហាត់ជុំគ្នា ដោយសារបារម្ភការរីករាលដាលកូវីដ-១៩មកម្ល៉េះ។ សម្រាប់ការហ្វឹកហាត់ធ្វើឡើងរៀងរាល់ថ្ងៃ ដោយមួយថ្ងៃហាត់មួយម៉ោងកន្លះ ទៅពីរម៉ោង។
«ខ្ញុំបានឯកភាពជាមួយគណៈកម្មការបច្ចេកទេស ដាក់ផែនការហ្វឹកហាត់តាមផ្ទះរបស់គាត់(Training at Home) យើងឲ្យគាត់ហ្វឹកហាត់ទៅតាមទីធ្លាដែលគាត់មាន។ ឧទាហរណ៍កន្លែងខ្លះមានទីធ្លារធំល្មមអាចហាត់ម្នាក់ឯង កន្លែងខ្លះអាចហាត់បានពីរនាក់ ដោយសារគាត់ជាមនុស្សក្នុងចង្កោមតែមួយ(រស់នៅក្នុងភូមិតែមួយ) ដែលមិនមានអ្នកថ្មីចូលរួម»។ នេះជាការលើកឡើងរបស់លោក ណយ ផាណា។
ទោះបីមិនអាចទទួលបានលទ្ធផល១០០ភាគរយដូចការហ្វឹកហាត់ជុំគ្នានៅសហព័ន្ធ ដែលមានឧបករណ៍គ្រាន់ក៏ដោយ តែការធ្វើបែបនេះ អាចជួយពង្រឹងនិងរក្សាកម្លាំងកាយរបស់កីឡាករបានពី៤០ទៅ៥០ភាគរយដែរ។ នេះជាការយល់ឃើញរបស់លោក ណយ ផាណា ដែលសង្កត់ធ្ងន់ថា បើកីឡាករកីឡាការិនីមិនហ្វឹកហាត់សោះក្នុងរយៈពេលពី៣ទៅ៤សប្តាហ៍ នោះសមត្ថភាពរបស់ពួកគេអាចនឹងធ្លាក់ចុះស្ទើរស្មើសូន្យ។
សម្រាប់លោក ផាណា ទោះហ្វឹកហាត់នៅទីណាក៏ដោយ ឲ្យតែកីឡាករយកចិត្តទុកដាក់ ខិតខំព្យាយាម និងមានឆន្ទៈក្នុងការហ្វឹកហាត់ នោះសមត្ថភាពកីឡាករនៅតែអាចមានលទ្ធភាពខ្ពស់និងរីកចម្រើន។ ប៉ុន្តែបើពួកគេគ្មានឆន្ទៈនិងទំនួលខុសត្រូវទេនោះ ទោះហ្វឹកហាត់នៅកន្លែងណាក៏ដោយ ក៏ពុំមានការីកចម្រើនដែរ។
«វាមានផលប៉ះពាល់ខ្លះ វាមិនអត់ទេ បើនិយាយពីជំនាញបច្ចេកទេស ដោយសារសម្ភារកីឡាកាយសម្ព័ន្ធភាគច្រើនលោតនៅក្នុងលំហ មានឧបករណ៍ខ្លះកីឡាករត្រូវលោតពីរទៅបីជុំ អ៊ីចឹងវាប៉ះពាល់ត្រង់ចំណុចនឹង។ ដោយមើលឃើញពីចំណុចប៉ះពាល់បែបនេះហើយ ទើបយើងដាក់ចេញនូវផែនការឲ្យគាត់ហ្វឹកហាត់ផ្នែកកម្លាំងកាយនៅតាមផ្ទះ»។ នេះជាការបញ្ជាក់របស់លោក ណយ ផាណា ដែលបានអះអាងបន្ថែមថា ក្រៅពីដាក់ផែនការហ្វឹកហាត់ សហព័ន្ធ ក៏បានណែនាំពីវិធីសាស្ត្រក្នុងការការពារ និងទប់ស្កាត់ការឆ្លងនៃមេរោគកូវីដ-១៩ដល់កីឡាករផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជននិងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចផ្អាកការប្រមូលផ្តុំហ្វឹកហាត់ បរិភោគអាហារ និងស្នាក់នៅរួមគ្នារបស់ក្រុមកីឡាករជម្រើសជាតិថ្នាលទាំង៣២ប្រភេទកីឡាជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី។ ការផ្អាកនេះ ធ្វើឡើងក្រោយក្រសួងអប់រំ បារម្ភពីការរីករាលដាលនៃ COVID-19 ខណៈតួលេខអ្នកឆ្លងនៅកម្ពុជានៅតែបន្តកើនឡើង។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសចំនួន៩៣នាក់ និងព្យាបាលជាសះស្បើយ៦នាក់។ ការឆ្លងភាគច្រើនជាករណីនាំចូល៕