COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ចង់​ឲ្យ​វៀតណាម​រៀបចំ SEA Games ចុងឆ្នាំ​២០២១ ក្រោយ​អូឡាំពិក​ពន្យា​រពេល​
26, Mar 2020 , 10:09 am        
រូបភាព
​ហ្វីលីពីន ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games) ឆ្នាំ ២០១៩ ត្រៀម​នឹង​ផ្តល់​ជា​យោបល់​ដល់​វៀតណាម​ឲ្យ​ពន្យារពេល​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ក្នុង​តំបន់ តែ​គ្រាំ​ប្រទេស​នេះ​រៀបចំ​កីឡា​តំបន់​អាស៊ាន​នៅ​ចុងឆ្នាំ​២០២១​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​ជប៉ុន​ពន្យារពេល​ដំណើរការ​កី​អូឡាំពិក​ក្រុង​តូ​ក្យូ​ទៅ​ឆ្នាំក្រោយ ដោយសារ COVID-19​។​


 
«​យើង​នឹង​ផ្តល់​អនុសា​ស​ឲ្យ​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣១ ក្នុងអំឡុងពេល​ចុងឆ្នាំ ពោលគឺ​ធ្វើ​នៅ​ចុងឆ្នាំ​ដូច​យើង​ដែរ​»​។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ហ្វីលីពីន​(POC) លោក Abraham Tolentino បាន​និយាយ​ដូច្នេះ​នៅក្នុង​សេចក្តីប្រកាស​មួយ​។​
 
​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមីនា បាន​បញ្ជាក់ថា​កម្មវិធី​កីឡា​លំដាប់​ពិភពលោក​ក្នុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែកក្កដា​ខាងមុខ នឹងត្រូវ​លើក​ពេល​ទៅធ្វើ​នៅ​រដូវក្តៅ​ឆ្នាំ ២០២១ វិញ ក្រោយ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី រាលដាល់​ខ្លាំង​ឡើង​។​
 
​យ៉ាងណាក៏ដោយ អ្នករៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ជប៉ុន អះអាងថា​ខ្លួន​នឹង​រៀបចំ​កីឡា​នេះ​មិន​ឲ្យ​ហួស​ពី​ឆ្នាំ ២០២០​ឡើយ ប៉ុន្តែ​ក៏​មិន​ឲ្យ​យឺត​ជាង​រដូវក្តៅ​ឆ្នាំ ២០២១ ដែរ​។ 
 
​ក្រុមប្រឹក្សា​ស៊ី​ហ្គេម ​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ហាណូយ​ ចាប់ពី​ថ្ងៃទី​២០ ដល់​២១ ខែឧសភា ដើម្បី​ឲ្យ​ប្រទេស​ម្ចាស់ផ្ទះ​ ធ្វើ​បទ​បង្ហាញ​ជា​ផ្លូវការ​អំពី​កម្មវិធី​របស់ខ្លួន​។ ប៉ុន្តែ​នៅតែ​មិន​ច្បាស់​ថា​នឹង​ដំណើរការ​តាម​ការគ្រោងទុក​ឬ​អត់​នោះទេ​។​
 
​របាយការណ៍​មួយ ដែល​បានបង្ហាញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត វៀតណាម​គ្រោង​នឹងធ្វើ​ម្ចាស់ផ្ទះ SEA Games ឆ្នាំ ២០២១ ចាប់ពី​ថ្ងៃទី ២១ ខែវិច្ឆិកា​ដល់​ថ្ងៃទី ២ ខែធ្នូ ប៉ុន្តែ​មិនទាន់​ទទួលបាន​ការយល់ព្រម​ពី​សហព័ន្ធ​កីឡា​ស៊ី​ហ្គេម (SGF) នៅឡើយ​ទេ​។​
 
​ការពន្យារពេល​​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ត្រូវបាន​គេ​ចាត់ទុកថា​ជា​សុបិន​អាក្រក់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កាលវិភាគ ​ការប្រកួត​កីឡា​លំដាប់​ពិភពលោក​ដទៃទៀត​យ៉ាងខ្លាំង​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី POC នៅតែ​គាំទ្រ​លើ​ការពន្យារ​ពេលនេះ ព្រោះថា​នឹង​ផ្តល់ឱកាស​ច្រើន​សម្រាប់​អត្ត​ព​លិ​ក​ហ្វីលីពីន​ ​​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ​សម្រាប់​ការ​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​មួយ​នេះ​។​
 
​បច្ចុប្បន្ន​ ហ្វីលីពីន​មានតែ​អត្ត​ព​លិ​ក​៤​រូប​ប៉ុណ្ណោះ ដែល​ឈានទៅ​អូឡាំពិក​ក្រុង​តូ​ក្យូ​ដោយ​ស្វ័យប្រវត្តិ ហើយ ៦៤​រូប​ផ្សេងទៀត ត្រូវ​ប្រកួត​ជម្រុះ​ដើម្បី​បាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៥ ខែមីនា​នេះ ហ្វីលីពីន​មាន​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន​៣៥​នាក់ ឆ្លង ៥៥២​ករណី និង​សះស្បើយ​ចំនួន​២០​ករណី ខណៈ​វៀតណាម​មិនទាន់មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះឡើយ តែ​អ្នក​ឆ្លង​មាន​ចំនួន​ជាង​១៤០​ករណី​៕

Tag:
 SEA Games
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com