COVID-19
អន្តរជាតិ
មួយថ្ងៃ ស្លាប់ជាង២០០នាក់ដោយសារ COVID-19 ជាតួលេខខ្ពស់បំផុតនៅអាមេរិក ប្រភពរូប៖ Reuters
× ករណីស្លាប់ជាង២០០នាក់ដោយសារជំងឺផ្លូវដង្ហើម COVID-19 ត្រូវបានរាយការណ៍កាលពីថ្ងៃពុធ ២៥ ខែមីនា ក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN ។ នេះគឺជាតួលេខស្លាប់ខ្ពស់បំផុតដែលបានរកឃើញក្នុងពេលត្រឹមមួយថ្ងៃ។
បើតាមទូរទស្សន៍អាមេរិក CNN មន្ត្រីអាមេរិក បានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២១៦នាក់ កាលពីថ្ងៃពុធ។ ការហក់ឡើងនេះ បានធ្វើឲ្យតួលេខស្លាប់សរុបដោយសារវីរុសនេះឈានដល់យ៉ាងតិច៩២១នាក់ហើយ ចាប់តាំងពីវីរុសនេះបានរីករាលដាលដល់សហរដ្ឋអាមេរិកាលពីចុងខែមករាមក។
ដោយឡែក មនុស្សជាង ៦៥០០០នាក់ក្នុងសហរដ្ឋអាមេរិក មានលទ្ធផលតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។ បើតាមវេបសាយ worldometers.info ដែលតាមដានតួលេខ COVID-19 ករណីជាសះស្បើយពីជំងឺCOVID-19 ក្នុងសហរដ្ឋអាមេរិក មាន ៣៩៤នាក់ គិតត្រឹមថ្ងៃ២៦ ខែមីនា។
បើតាមប្រភពពីសាកលវិទ្យាល័យ John Hopkins ទីក្រុងញូវយ៉ក រងគ្រោះជាងគេបំផុតពី COVID-19 ខណៈមានអ្នកឆ្លងជាង៣ម៉ឺននាក់ និងស្លាប់ ២៨៥នាក់។ រដ្ឋ New Jersey ឈរនៅលេខរៀងបន្ទាប់ជាមួយអ្នកឆ្លង ៤៤០២នាក់ ខណៈអ្នកស្លាប់ ៦២នាក់។ រដ្ឋ កាលីហ្វ័រនីញ៉ា មានអ្នកឆ្លង ២៩៩៨នាក់ ខណៈអ្នកស្លាប់មាន ៦៥នាក់។ នេះបើតាមតួលេខគិតត្រឹមថ្ងៃពុធ ២៥ ខែមីនា៕
Tag:
សហរដ្ឋអាមេរិក
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com