COVID-19
ជាតិ
COVID-19៖ នៅពេលដែល​មនុស្ស​ខ្លាច​លុយ​… តែ​នៅ​ត្រូវការ​វា​ដដែល​!
26, Mar 2020 , 12:29 pm        
រូបភាព
​លិខិត​មិត្ត​អ្នកអាន 

​ចាប់តាំងពី​មេរោគ​កូ​វីដ​១៩​វាយ​លុយ​គ្រប់​ប្រទេស និង​កម្ពុជា​មក របៀប​រស់នៅ​របស់​ម​នុស្ស សកម្មភាព​ជំនួញ ប្រពៃណី ត្រូវបាន​ផ្លាស់ប្តូរ​ឲ្យ​ស្របទៅនឹង​ការវិវត្ត​នៃ​មេរោគ​មួយ​នេះដែរ​។ ដោយ​គេ​គិតថា លុយ ដែលជា​ក្រដាសប្រាក់​ចរាចរ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត អាចជា​ភ្នាក់ងារចម្លងមេរោគ​ដ៏​សំខាន់​ដែរនោះ អ្នកផ្តល់​លុយ និង​អ្នកទទួល​លុយ​សុទ្ធតែ​បាន​ប្រយ័ត្ន​រៀងៗ​ខ្លួន​។


 
​ប្រយ័ត្ន និង​បង្ការ គឺជា​រឿង ល្អ និង​ត្រឹមត្រូវ​។ អ្នក​រាប់​លុយ​ខ្លះ រាប់​លុយ​ហើយ​ភ្លាម ក៏​បាច់ទឹក​អាកុល​លើ​បាតដៃ​សម្លាប់​មេរោគ​ភ្លាម​។ នេះ គឺជា​វិធី​មួយ​ដែរ​!​។ 
 
​នៅតាម​ផ្សារ​ខ្លះ​នៅ​រាជធានី​ភ្នំពេញ អ្នកលក់​ពាក់​ស្រោមដៃ​ខ្លួនឯង តែ​មិន​ទទួលយក​លុយ​ពី​អ្នកទិញ​ឡើយ គាត់​ដាក់​ថង់​ប្លា​ស្ទិ​កនៅ​ពីមុខ​គាត់ រួច​គាត់​ឲ្យ​អ្នកទិញ​ទម្លាក់​លុយ​ចូលក្នុង​ថង់ ហើយ​បើ​ត្រូវ​អាប់​វិញ អ្នកទិញ​ខ្លួនឯង​អាច​អាប់​ដោយ​ខ្លួនឯងបាន​។ នេះ គឺជា​វិធី​បង្ការ​ផ្សេង​មួយទៀត​ដែរ​។ 
 
​វិធី​ខ្លះទៀត អ្នកទទួល​យកលុយ​ពាក់​ស្រោមដៃ ហើយ​ទទួល​លុយ​ទៅវិញទៅមក​ជាមួយ​អតិថិជន​។ ចុះ​អតិថិជន​(​អ្នកទទួល​លុយ​អាប់​ត្រឡប់មកវិញ​)? អតិថិជន​ខ្លះ ទទួល​យកលុយ​អាប់​មក រួច​ដាក់ចូល​ក្នុង​កាបូប រួច​លាងដៃ​ជាមួយ​ទឹក​អាកុល​ភ្លាម​។ ពេលមកដល់​ផ្ទះ គេ​ក៏​ដក​លុយ​ចេញពី​កាបូប រួច​យកលុយ​ទៅ​ហាលថ្ងៃ​ដើម្បី​សម្លាប់​មេរោគ មុននឹង​លាងដៃ​ជាមួយ​ទឹក​អាកុល​ម្តងទៀត​។ គេ​ហាល​ជាច្រើន​ម៉ោង​ទើប​គេ​យកលុយ​នោះមក​ប្រើប្រាស់​ឡើងវិញ​។ នេះ ក៏​ជា​វិធី​កំចាត់​មេរោគ​ម្យ៉ាងដែរ​។ មាន​ប្រសិទ្ធិភាព ឬ​មិនមាន គ្មាន​នរណា​ដឹង​ទេ តែ​ជា​វិធី​បង្ការ​របស់​ពលរដ្ឋ​។ អ្នក​ខ្លះទៀត ដូរ​លុយ​គ្រប់​ប្រភេទ​ទុក​ចំណាយ ដូច្នេះ ពេល​ចំណាយ គេ​មាន​លុយ​គ្រប់​កម្រិត​តែម្តង ព្រោះ គេ​មិន​ចង់​ទទួល​យកលុយ​អាប់​ត្រឡប់មកវិញ​។ ម្យ៉ាងដែរ​! 
 
​វិធី​ម្យ៉ាងទៀត​ដែល​ខ្ញុំ​ឃើញ គឺថា គេ​ទូទាត់​លុយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រព័ន្ធ​នេះ​ល្អ​មែន ហើយ​វារឹតតែ​ល្អ ក្នុងសម័យ​កាល​កូ​វីដ​នេះ​តែម្តង​! អ្នកទិញ និង​អ្នកលក់​មិនចាំបាច់​ជួបគ្នា មិនចាំបាច់​ហុច​លុយ​ឲ្យ​គ្នា​ទៅវិញទៅមក​ទេ​។ គិត​សព្វៗ​ទៅ មានតែ​ពេលនេះ​ទេ​ដែល​មនុស្ស​ខ្លាច​លុយ តែ​នៅ​ត្រូវការ​វា​ដដែល​។ ពេលនេះ កូ​វីដ​-១៩ កំពុង​ផ្លាស់ប្តូរ​ការគិត និង​ទម្លាប់​របស់​ពលរដ្ឋ​៕  
 
(​លោក លឹម រតនា ពលរដ្ឋ​ភ្នំពេញ​) 

© រក្សាសិទ្ធិដោយ thmeythmey.com