ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កម្ពុជា គ្រោង​អនុវត្ត «​តុលាការ​ចល័ត​»
26, Mar 2020 , 12:04 pm        
រូបភាព
លោក ជិន ម៉ាលីន ធ្វើជាវាគ្មិន​ ក្នុង​សន្និសីទកាសែត​ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​របស់​ក្រសួងយុត្តិធម៌ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០
លោក ជិន ម៉ាលីន ធ្វើជាវាគ្មិន​ ក្នុង​សន្និសីទកាសែត​ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​របស់​ក្រសួងយុត្តិធម៌ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០
ដោយ: ថ្មីៗ
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ អះអាងថា ក្រសួងយុត្តិធម៌ កំពុង​ប្រឹងប្រែង​ពង្រីក​អគារ​បន្ថែម​នៅតាម​តុលាការ ជាពិសេស​សាល​សវនាការ (​បន្ទប់​ជំនុំជម្រះ​) ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ព្រោះតែ​ខ្វះ​សាល​សវនាការ​។ ទន្ទឹមនឹងនេះ លោក លើកឡើងថា ក្រសួងយុត្តិធម៌ កំពុង​ពិចារណា ពី​ការអនុវត្ត​នូវ​តុលាការ​ចល័ត (Mobile Court) ផងដែរ​។


 
​លោក ជិន ម៉ា​លីន លើកឡើង​ពី​គម្រោង​អនុវត្ត​តុលាការ​ចល័ត​នេះ ក្នុង​សន្និសីទកាសែត​ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​របស់​ក្រសួងយុត្តិធម៌ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០​។ បើតាម​ការពន្យល់​រប​ស់លោក តុលាការ​ចល័ត គឺ​សំដៅលើ​ការផ្ទេរ​ចៅក្រម​និង​សំណុំរឿង ពី​តុលាការ​មួយ ទៅ​តុលាការ​មួយ​ផ្សេងទៀត ហើយក៏​អាច​ផ្លាស់ប្តូរ​សាល​សវនាការ​ដែរ​។ លោក ថ្លែងថា ច្បាប់​កម្ពុជា អនុញ្ញាត​ឲ្យ​អនុវត្ត​នូវ​តុលាការ​ចល័ត តែ​ក​កន្លង​ម​កម្ពុជា មិន​ធ្លាប់​អនុវត្ត​ឡើយ​។ 
 
​សូប​ស្តាប់​ការពន្យល់​របស់លោក ជិន ម៉ា​លីន៖ 



 
​បើ​តុលាការ​មួយ មាន​សំណុំរឿង​ច្រើន ហើយ​ចៅក្រម​រវល់​ខ្លាំង មិនអាច​ដោះស្រាយ​អស់ គឺ​ត្រូវ​ខ្ចី​ចៅក្រម ពី​តុលាការ​ផ្សេង ដែល​មិនសូវមាន​សំណុំរឿង ឲ្យ​ទៅ​ជួយ​ដោះស្រាយ​។ បើ​តុលាការ​មួយ មាន​សំណុំរឿង​ច្រើន ហើយ​កកស្ទះ អាច​ផ្ទេរ​សំណុំរឿង​នោះ ទៅ​ឲ្យ​តុលាការ​ផ្សេង ដែល​មិនសូវមាន​សំណុំរឿង​។ បើ​តុលាការ​មួយ មាន​សំណុំរឿង​ច្រើន ហើយ​ខ្វះ​សាល​សវនាការ គឺ​ត្រូវ​ខ្ចី​សាល​សវនាការ​នៅ​តុលាការ​ផ្សេង ដើម្បី​បើកសវនាការ​ជំនុំជម្រះ​។ បើ​តុលាការ​ផ្សេង ខ្វះ​សាល​សវនាការ​ដែរ ដោយ​មិនអាច​ឲ្យ​ខ្ចី​បាន គឺអាច​​ជួល​បន្ទប់​ក្នុង​អគារ​ដទៃ យក​ធ្វើជា​សាល​សនា​ការ​។ ទាំងអស់នេះ គឺជា​ការអត្ថាធិប្បាយរ​បស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។   
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​តុលាការ​ចល័ត​នេះ កំពុងស្ថិត​ក្នុងការ​ពិចារណា​រ ក្នុងការ​រំដោះ​ការកកស្ទះ​សំណុំរឿង​តាម​តុលាការ​....​។ តុលាការ​ចល័ត​ហ្នឹង គឺថា ចល័ត​ទាំង​ចៅក្រម ចល័ត​ទាំង​សំណុំរឿង ចល័ត​ទាំង​សាល​សវនាការ អាហ្នឹង គឺជា​ទិសដៅ​សម្រាប់​រយៈពេល​វែងឆ្ងាយ​ទៅមុខ​»​។   
 
​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ផ្តល់យោបល់​ដ​ល់​ក្រសួងយុត្តិធម៌ ឲ្យ​ជួល​បន្ទប់​នៅ​សណ្ឋាគារ ធ្វើជា​សាល​សវនាការ បើ​តុលាការ ខ្វះ​សាល​សវនាការ​កាត់ក្តី ដើម្បី​ព​ន្លឿ​ន​ដោះស្រាយ​សំណុំរឿង ជា​ពិ​សេ​សំណុំ​រឿងរបស់​ស្ត្រី​។ 

អត្ថបទទាក់ទង


​ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​តុលាការ រដ្ឋាភិបាល បាន​បង្កើត​សាលាឧទ្ធរណ៍​តំបន់​៣​បន្ថែមទៀត រួមមាន សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ និង សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ​។ សាលាឧទ្ធរណ៍​តំបន់​ទាំង​៣​នេះ នឹងដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១ ខែមេសា ​ឆ្នាំ​២០២០​ តទៅ​។ 
 
បូករួមទាំងសាលាឧទ្ធរណ៍​នៅភ្នំពេញ ដែល​កំពុងដំណើរការនាពេលបច្ចុប្បន្ន កម្ពុជា មាន​សាលាឧទ្ធរណ៍៤ហើយ។ លោក ជិន ម៉ា​លីន និយាយថា ទៅ​ថ្ងៃមុខ រដ្ឋាភិបាល ក៏​អាចបង្កើត​សាលាឧទ្ធរណ៍​បន្ថែមទៀត​ដែរ ពោលគឺ​អាចមាន​លើសពី​៤​។​
 
​បើតាម​លោក ជិន ម៉ា​លីន ដដែល សព្វថ្ងៃនេះ មិនមែន​តែ​សំណុំរឿង​ទេ ដែល​កកស្ទះ​តាម​តុលាការ​ទេ សូម្បីតែ​ពន្ធន​គារ ក៏​កកស្ទះ​ដែរ ដោយសារតែ​ការកើនឡើង​នៃ​អ្នក​ជាប់ឃុំ​។​
 
​លោក ខៀ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបង្ហាញ​របាយការណ៍​ក្នុង​សន្និសីទកាសែត​ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​របស់​ក្រសួងមហាផ្ទៃ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ ថា បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ជាប់ឃុំ​សរុប​ប្រមាណ​៣,៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ មាន​ស្ត្រី​ជាង​២​ពាន់​នាក់​៕ 

Tag:
 ជិន ម៉ា​លីន​
  តុលាការ​ចល័ត
© រក្សាសិទ្ធិដោយ thmeythmey.com