COVID-19
ជាតិ
ម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេស មកយកពលរដ្ឋខ្លួន១១១នាក់ ពីកម្ពុជា
26, Mar 2020 , 1:40 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និង រដ្ឋមន្រ្តីការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និង រដ្ឋមន្រ្តីការបរទេសកម្ពុជា
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិខ្លួន១១១នាក់ ដែលជាប់នៅកម្ពុជា។ ពួកគេ ជាប់នៅកម្ពុជា មិនអាចធ្វើដំណើរទៅវិញបាន ដោយសារតែម៉ាឡេស៊ី លុបជើងហោះហើរទាំងអស់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។



លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហោះព័ត៌មាននេះ លើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៦ ខែមីនា។ លោក អះអាងថា កម្ពុជា ក៏បានសម្របសម្រួលឲ្យពលរដ្ឋខ្មែរ៦នាក់ ដែលជាប់នៅម៉ឡេស៊ី បានធ្វើដំណើរតាមយន្តហោះពិសេសនោះ ត្រឡប់មកកម្ពុជាវិញដែរ។ លោក បន្ត ដើម្បីធានាសុវត្ថិភាព ពលរដ្ឋខ្មែរទាំង៦នាក់នោះ បានទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ភ្លាមតែម្តង នៅមន្ទីរពេទ្យចាក់អង្រែ ពេលពួកគេ មកដល់កម្ពុជា។  

លោក ប្រាក់ សុខុន សរសេរដូច្នេះថា៖«រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein បានហៅទូរស័ព្ទមកខ្ញុំ ដើម្បីអរគុណយើង ចំពោះការសម្រួលមាតុភូមិនិវត្តន៏របស់ពលរដ្ឋគាត់ ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ការរឹតចំណងទាក់ទងទ្វេភាគី និង កិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ានផង»។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោក ប្រាក់ សុខុន បានជូនពរសាជាថ្មីទៅកាន់លោក Hussein ដែលបានឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេសថ្មីរបស់ម៉ាឡេស៊ី ហើយលោក ក៏អរគុណត្រឡប់ទៅវិញដែរ ចំពោះការអនុញ្ញាតឲ្យពលករខ្មែរ បានធ្វើដំណើរតាមយន្តហោះពិសេសនោះ។

គិតត្រឹមថ្ងៃទី២៦ ខែមែនា ឆ្នាំ២០២០ ដូចគ្នា កម្ពុជា រកឃើញមនុស្ស៩៦នាក់ ដែលឆ្លងកូវីដ-១៩ តែបានជាសះស្បើយវិញ១០នាក់ ដោយមិនទាន់មានអ្នកស្លាប់ ខណៈម៉ាឡេស៊ី រកឃើញមនុស្សជាង១,៧ពាន់នាក់ បានឆ្លងជំងឺនេះ ដោយក្នុងនោះ ជាសះស្បើយ១៩៩នាក់ និង ស្លាប់២០នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com