COVID-19
អន្តរជាតិ
COVID-19៖ ថៃ បិទទ្វារមិនឲ្យជនបរទេសចូលស្រុក ក្រោយដាក់ប្រទេសក្នុងភាពអាសន្ន
26, Mar 2020 , 1:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ:
ក្រោមច្បាប់ដាក់ប្រទេសក្នុងអាសន្ន ដែលមានសុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ថៃបានហាមមិនឲ្យជនបរទេសចូលប្រទេសរបស់ខ្លួន។ ជាមួយគ្នានោះ រដ្ឋាភិបាលថៃ ក៏អាចដាក់ បំរាមគោចររយៈពេល២៤ម៉ោងទៀតផង។  នេះយោងតាមកាសែតបាងកកប៉ុស្តិ៍។



ក្នុងសុទ្ទរកថាតាមរយៈទូរទស្សន៍នៅថ្ងៃទី២៥ ខែមីនា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា  ប្រទេសថៃនឹងត្រូវដាក់ក្នុងស្ថានភាពអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា។ បើតាមលោក ប្រាយុទ្ធ ប្រទេសថៃបានដើរដល់ចំណុចរបត់ក្នុងការទប់ទល់ក្នុងការចម្លង COVID-19 ។

ក្រោមក្រឹត្យច្បាប់អាសន្ន កងកំលាំងប្រដាប់អាវុធបានដំឡើងកន្លែងត្រួតពិនិត្យនៅទូទាំងប្រទេស ខណៈការណែនាំចំនួន ១៦ ក្នុងកម្រិតអាសន្នទី១ នេះត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីសុន្ទរកថារបស់នាយករដ្ឋមន្ត្រី។ នៅក្នុងកម្រិតទី១នេះ បំរាមគោចរពុំទាន់ដាក់ឲ្យមានឡើយ។

យ៉ាងណាក៏ដោយ លោក Wissanu Krea-ngam ឧបនាយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់ បានបង្ហើបថា បំរាមគោចរអាចនឹងមានក្នុងករណីចាំបាច់។

បើតាមបាងកកប៉ុស្តិ៍ លោកនិយាយថា៖ « បើសិនរដ្ឋាភិបាលដាក់បំរាមគោចរដោយមិនប្រាប់មុន ប្រជាជននឹងស្លន់ស្លោទិញអាហារ និងសម្ភារចំបាច់ជាមិនខាន»។ លោកបន្ថែមទៀតថា បើរដ្ឋាភិបាលចង់ដាក់បំរាមគោចរដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19 បំរាមគោចរលើកនេះនឹងខុសពីលោកមុន ដែលដាក់តែពេលយប់ដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់។

«បំរាមគោចរសម្រាប់ COVID-19នេះអាចនឹងមានរយៈពេល ២៤ម៉ោង ដោយមានករណីលើកលែងសម្រាប់តែបុគ្គលដែលស្វែងរកការព្យាបាល ទៅតុលាការ និងអ្នកដែលធ្វើការនៅកន្លែងផ្សព្វផ្សាយព័ត៍មានប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់លោក Wissanu ។

នៅក្រោមក្រឹត្យច្បាប់អាសន្ននេះដែរ ជនបរទេសជនបរទេសនឹងមិនត្រូវអនុញ្ញាតឲ្យចូលប្រទេសថៃ លើកលែងតែអ្នកការទូត នាវិក អាកាសយានិក និងអ្នកដទៃទៀតដែលអនុញ្ញាតដោយនាយករដ្ឋមន្ត្រី។ ជនជាតិថៃដែលនៅក្រៅប្រទេស អាចចូលក្នុងបានដរាបណាខ្លួនមានវិញ្ញាបនបត្រសុខភាពដែលអាចឡើងយន្តហោះបាន។

ចំណែកឯនៅក្នុងប្រទេសវិញ សាធារណៈជនត្រូវបានជំរុញឲ្យមិនឲ្យធ្វើដំណើរនៅក្នុងប្រទេស ខណៈអ្នកដែលធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយតម្រូវឲ្យដំឡើងកម្មវិធីទូរសព្ទដៃដើម្បីតាមដាន និងត្រូវឆ្លងកាត់ការត្រួតពិនិត្យជាច្រើនកន្លែង។ កុមារអាយុក្រោម ៥ឆ្នាំ និងមនុស្សវ័យចាប់ពី ៧០ឆ្នាំឡើងទៅ ក៏ដូចជាអ្នកបញ្ហាសុខភាព ត្រូវបានណែនាំឲ្យសម្រាកនៅផ្ទះ រីឯការជួបជុំសាធារណៈទាំងឡាយត្រូវបានហាមឃាត់។

លោក ប្រាយុទ្ធ ក៏បាន ព្រមានចាត់វិធានការភ្លាមៗទៅលើបុគ្គលដែលឆ្លៀតទាញយកផលប្រយោជន៍ក្នុងពេល លំបាកនេះផងដែរ។ លោកអះអាងថា បើស្ថានការណ៍កាន់តែអាក្រក់ឡើង វិធានការតឹងតែងដទៃទៀតនឹងត្រូវបានដាក់ចេញដើម្បីទប់ទៅការឆ្លងនៃជំងឺ ហើយវានឹងមានផលប៉ះពាល់ដល់ជិវិតប្រចាំថ្ងៃ។ លោកប្រាយុទ្ធស្នើសុំឲ្យសាធារណជនគោរពតាមវិធានការទាំងនោះ ទោះបីជាពិបាកក៏ដោយ។

គិតមកដល់ពេលនេះ នៅប្រទេសថៃមានករណីឆ្លងមានចំនួន ៩៣៤ករណី និងស្លាប់ចំនួន៤ករណី៕

Tag:
 ថៃ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com