COVID-19
កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន គាំទ្រ​ការផ្អាក​កីឡា​អូឡាំពិក​របស់​ជប៉ុន ហើយ​ថា​ទង្វើ​នេះ​បង្ហាញ​ពី​ភាពយុត្តិធម៌​ក្នុង​កីឡា​
26, Mar 2020 , 8:19 pm        
រូបភាព
ដោយ:
​សន្តិសុខ និង​សុវត្ថិភាព​របស់​កីឡាករ​កីឡាការិនី គឺជា​កត្តា​ចម្បង ដែល​ត្រូវ​យកចិត្តទុកដាក់ ពេល​មានការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លក្ខណៈ​ជា​ហ្គេម ពិសេស​កីឡា​អូឡាំពិក​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ដែល​គាំទ្រ​ការសម្រេច​របស់​ជប៉ុន​ក្នុង​ការលើក​ពេល​ការប្រកួត​កី​ឡាំ​ពិ​កនៅ​ឆ្នាំនេះ​។ សម្រាប់​លោក​ការផ្អាក​នេះ មិន​គ្រាន់តែ​ជួយ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-19 នោះទេ តែ​វា​បង្ហាញ​ពី​ភាព Fair-Play ទៀតផង​។

 
​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បានសម្រេច​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ឆ្នាំនេះ ដោយ​លើក​ពេល​ទៅ​រៀបចំ​នៅ​ឆ្នាំ​២០២១ ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​បង្កឡើង​ដោយ​មេរោគ COVID-19​។ ការផ្អាក​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​បណ្តា​ជាច្រើន​នៅលើ​ពិភពលោក ដែល​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​-១៩​។ 
 
​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​របស់លោក ស៊ីន​ហ្សូ អា​បេ និង​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC) ដែល​ពន្យា​ពេល​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំនេះ​។ តាម​គម្រោង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០២០ ខាងមុខ​។ 
 
​អគ្គលេខាធិការ NOCC រូបនេះ ចាត់ទុក​ការ​សម្រេក​របស់លោក អា​បេ ជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាល​នៃ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ​ទេ ថែមទាំង​បានបង្ហាញ​ពី​ភាពយុត្តិធម៌​ក្នុង​វិស័យ​កីឡា​ទៀតផង​។ ភាពយុត្តិធម៌​នៅពេលនេះ គឺ​លោក​ចង់​សំដៅលើ​ការហ្វឹកហាត់​របស់​កីឡាករ ព្រោះ​មាន​កីឡាករ​ក្នុងប្រទេស​មួយចំនួនធំ​ត្រូវ​ផ្អាក​ការហ្វឹកហាត់ និង​ប្រកួត​ជម្រុះ​ដើម្បី​ដណ្តើម​កៅអី​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ឆ្នាំនេះ​។   
 
​ការផ្អាក​ទាំងនេះ ដោយសារ​ពួកគេ​មានការ​ព្រួយបារម្ភ​ពី​ការឆ្លង COVID-19 ដែល​ធ្វើ​កីឡាករ​ភាគច្រើន​ក្នុង​តំបន់​អាស៊ី ពិសេស​អឺរ៉ុប​ត្រូវ​បង្ខំចិត្ត​បង្ខាំង​ខ្លួនឯង​នៅក្នុង​ផ្ទះ ដ្បិត​ប្រទេស​ពួកគេ​កំពុង​មានការ​រាតត្បាត​ខ្លាំង​នៃ​វីរុស​នេះ​។ ការពន្យា​ពេលនេះ​ដែរ ក៏​ជាការ​រួមចំណែក​ជួយ​បំបាត់​ភាពភ័យខ្លាច​របស់​កីឡាករ​កីឡាការិនី​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​កូ​វីដ​-១៩​ផងដែរ​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក វ៉ា​ត់ ចំរើន ដែល​អះអាងថា ការផ្អាក​នេះ​មិនបាន​ជះឥទ្ធិពល ឬ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កម្ពុជា​នោះទេ​។​
 
​កាលពី​ថ្ងៃទី​២៤ មីនា គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បានប្រកាស​ពី​ការពន្យា​ពេល​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំនេះ ដោយ​លើក​ពេល​ទៅ​រៀបចំ​នៅ​ឆ្នាំក្រោយ​។ ការប្រកាស​របស់ IOC ធ្វើឡើង​ក្រោយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​ផ្ញើលិខិត​ទៅកាន់​ខ្លួន ដើម្បី​សុំ​ពន្យា​ពេល​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​។ ការស្នើ​របស់លោក អា​បេ បន្ទាប់ពី​ឃើញ​តួលេខ​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ COVID-19 នៅ​ទូទាំង​ពិភពលោក​មានការ​កើនឡើង​ខ្ពស់​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៦ មីនា ជប៉ុន​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ជាង​១,៣០០​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​៣១០​នាក់ និង​ស្លាប់​៤៥​នាក់​៕ 

Tag:
 ​វ៉ា​ត់ ចំរើន​
  Olympic Games
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com