COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កដោយ COVID-19 កំពុង​ធ្វើទុក្ខ​ក្លិប​បាល់ទាត់​អឺរ៉ុប​
26, Mar 2020 , 8:39 pm        
រូបភាព
​អឺរ៉ុប​ត្រូវបាន​គេ​ជឿជាក់ថា​ជា​ប្រទេស​មាន​ឥទ្ធិពល​ខាង​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​កីឡាបាល់ទាត់​។ ប៉ុន្តែ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត COVID-19 កំពុង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ និង​មហន្តរាយ​ដល់​ក្លិប​នានា​ទូទាំង​ទ្វីប​មួយ​នេះ​។​


 
​កីឡាករ Bayern Munich នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អាល្លឺម៉ង់​ដែលជា​ក្លិប​មានឈ្មោះ​ល្បី​មួយ​លើ​លោក ត្រូវបាន​គេ​រាយការណ៍​ថា យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​រៀងៗ​ខ្លួន​ក្រោយ​វិបត្តិ COVID-19 ។ ការ​កាត់​ប្រាក់​ឈ្នួល​នេះ ប្រហែលជា​មិន​ប៉ះពាល់​ខ្លាំង​ដល់​កីឡាករ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​បញ្ហា​ចោទ​គឺ​ចំណូល​។ យើង​អាច​ស្រមៃ​មើលថា​នៅក្នុង​ហាង​សម្ភារ​កីឡា​ធំ​មួយ​បែរជា​លែង​ដំណើរការ​សោះ​។​
 
​ក្លិប​ជាច្រើន​ខ្វះ​ទុនបម្រុង​ដើម្បី​ឲ្យ​ពួកគេ​ឆ្លងកាត់​អំឡុងពេល​មាន​វិបត្តិ ខណៈ​មិនមាន​ប្រាក់ចំណូល​ចូល​ទាល់តែសោះ​។ ឧទាហរណ៍ ក្លិប​បាល់ទាត់​នៅ​ស្កុ​តឡែ​ន គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការលក់​សំបុត្រ​ចូល​ទស្សនា​ការប្រកួត ដូច្នេះ​ពេលនេះ​ពួកគេ​មិនមាន​និរន្តរភាព​នៃ​ប្រាក់ចំណូល​ឡើយ ក្រោយ​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​។​
 
​លី​គ​កីឡាបាល់ទាត់​នៅ​អឺរ៉ុប និង​លី​គ​ក្នុង​តំបន់​ផ្សេងទៀត ត្រូវបាន​ប្រកាស​ឲ្យ​ពន្យារពេល​ប្រ​កូត​ជាច្រើន​ខែ ដោយសារ​ការផ្ទុះ​ឡើង​ខ្លាំង​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​សម្លាប់​មនុស្ស​ជាង​២​ម៉ឺន​នាក់ និង​ឆ្លង​ជាង​បួន​សែន​នាក់​នាពេល​បច្ចុប្បន្ននេះ​។​
 
​លោក Dave Cormack ប្រធាន​ក្លិប Aberdeen នៃ​លី​គ​កំពូល​ស្កុ​តឡែ​ន បាន​ព្យាករណ៍​ថា​ក្លិប​លោក​នឹង​ប្រឈម​ការចំណាយ​ដល់​ទៅ​៦​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ស្របពេល​គ្មាន​ចំណូល​។​
 
​សូម្បីតែ​លី​គ​គ្រប់​កម្រិត​នៅ​អាល្លឺម៉ង់ (DFL) ក្នុងនោះ​រួមទាំង Bundesliga ផង ដែល​រក​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​ជាង​៤​ពាន់​លាន​ដុល្លារ​អាមេរិក ក៏​រអា​នឹង​គ្រោះមហន្តរាយ​ដែល​បង្កដោយ​ជំងឺឆ្លង COVID-19 នេះដែរ​។​
 
«​ប្រសិនបើ​យើង​មិនមាន​ការប្រកួត​ដោយ​បិទទ្វារ​កីឡដ្ឋាន​ឲ្យ​បាន​ឆាប់​ទេនោះ គ្មានអ្វី​គួរ​ឲ្យ​ឆ្ងល់​ឡើយ​ថា​តើ​លី​គ​ដែលមាន ១៨​ក្រុម ឬ ២០​ក្រុម​នឹង​ទៅជា​យ៉ាងណា​។ ពិតណាស់ នឹង​មិនមាន​ក្លិប​អាជីព​ដែលមាន ១៨ ឬ ២០​ក្រុម​នោះ​ទៀត​ទេ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក Christian Seifert នាយក​ប្រតិបត្តិ DFL ដោយ​លោក​សង្កត់ធ្ងន់​ថាបើ​គ្មាន​ដំណោះស្រាយ​ទេ នឹងមាន​ក្លិប​ក្ស័យធន​មិន​ខាន​។​
 
​រហូតមកទល់​ពេលនេះ មិនមែន​មានតែ​កីឡាបាល់ទាត់​ទេ​ដែល​រងគ្រោះ​ដោយសារ COVID-19​។ កម្មវិធី​កីឡា​ធំៗ​ជុំវិញ​ពិភពលោក​សុទ្ធតែ​ត្រូវបាន​ផ្អាក​ទាំងស្រុង ហើយ​កីឡា​លំដាប់​ពិភពលោក​អូឡាំពិក ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ ដែល​រៀបចំ​រៀងរាល់​៤​ឆ្នាំ​ម្តង​ក៏ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំក្រោយ​ដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា​នេះ COVID-19 បានសម្លាប់​មនុស្ស​ចំនួន​ជាង​ពីរម៉ឺន​នាក់ ឆ្លង ៤៧១៣១១​ករណី និង​សះស្បើយ ១១៤៦៤២​ករណី​។ អ៊ីតាលី និង​អេ​ស្ប៉ា​ញ​មាន​អ្នកស្លាប់​ច្រើនជាងគេ ពោលគឺ​លើស​ចិន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​មុនគេ​ទៅទៀត​៕

Tag:
 COVID-19
  European footbal
© រក្សាសិទ្ធិដោយ thmeythmey.com