COVID-19
ជាតិ
ក្រុម​ល្បាត និង​អភិរក្ស​ធនធានធម្មជាតិ​មាន​សារសំខាន់​ណាស់ ក្នុងពេល​ជំងឺ កូ​វីដ​-១៩ កំពុង​រាតត្បាត​
26, Mar 2020 , 2:45 pm        
រូបភាព
​រូបភាព​ដោយ​៖ វង្ស សាវឿន និងឈួន ឆន
​រូបភាព​ដោយ​៖ វង្ស សាវឿន និងឈួន ឆន
​ដោយ​៖ ជា សីលា USAID / Wonders of the Mekong
 
​ក្នុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​រាតត្បាត​ជា​សាកល កូ​វីដ​-១៩ ក្រុម​ល្បាត​របស់​សហគមន៍​នេសាទ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្រោម​ការដឹកនាំ​របស់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង នៅតែ​បន្ត​អនុវត្ត​ភារកិច្ច​ចុះ​ល្បាត​តាម​ដង​ទន្លេមេគង្គ ក្នុង​តំបន់​រ៉ា​ម​សារ និង​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ ដែលជា​ដែនជម្រកសត្វព្រៃ មច្ឆជាតិ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ យ៉ាង​សស្រាក់សស្រាំ​។


 
​លោក វង្ស សាវឿន នាយរង​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា «​ទោះបីជា វីរុស​កូ​វីដ​-១៩ កំពុងតែ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងណាក៏ដោយ ក៏​ក្រុមការងារ​ចម្រុះ​អភិរក្ស​ធនធាន​ជលផល នៅតែ​បន្ត​បង្ក្រាប​បទល្មើស​ជលផល ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​ដែរ​»​។ 
 
​ជន​ទុច្ចរិត​តែង​ឆ្លៀតឱកាស​លួច​ប្រព្រឹត្ត​បទល្មើស គ្រប់ពេលវេលា និង​គ្រប់​រូបភាព​តាមតែ​ពួកគេ​អាចធ្វើ​បាន ដូចជា ឆក់​ត្រី គប់​គ្រាប់បែក ឆ្លុះ​បាញ់​ត្រី លួច​ចាប់​សត្វ និង​កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​កសិកម្ម នៅក្នុង​តំបន់​ការពារ​ជាដើម​។ ដូច្នេះ ក្រុម​ល្បាត​ត្រូវតែ​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បទល្មើស​ទាំងអស់​នេះ​។ 
 
​ស្រប​ពេលនេះ នៅក្នុង​ស្ថានភាព​រីក​រា​ល​ដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ពួកគាត់​ក៏​មិន​ភ្លេច​រក្សា​អនាម័យ​ឡើយ ដោយ​អនុវត្ត​នូវ​ការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ ប្រើ​ក្រមា​ខ្ទប់មាត់ និង​ច្រមុះ ពេល​កណ្តាស់ ឬ​ក្អក មិន​ប៉ះពាល់​មុខ ភ្នែក ច្រមុះ មាត់ និង​ព្រមទាំង​ញ៉ាំ​តែ​អាហារ​ណា​ដែល​ចម្អិន​បានល្អ​។ 
 
​លោក ឈួន ឆន នាយករង​តំបន់​រ៉ា​ម​សារ​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ថា​៖ «​សូម​ចូលរួម​ថែរក្សា​សម្បត្តិ​ធម្មជាតិ របស់​ដូនតា​យើងទាំងអស់គ្នា ពិសេស​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង ដែលមាន​ប្រភេទ​ត្រី​ប្រមាណ​១៣០​ប្រភេទ សត្វ​ស្លាប​ជាង​៩០​ប្រភេទ មាន​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ​សំខាន់ៗ ៩២ អន្លង់​»​។ 
 
​ក្នុងអំឡុងពេល​ចុះ​បំពេញភារកិច្ច លោក​ទាំងពីរ​តែង​រំលឹក​ដល់​ក្រុមការងារ ក៏ដូចជា​ប្រជាជន​ក្នុង​មូលដ្ឋាន ខេត្តស្ទឹងត្រែង ឲ្យ​ចូលរួម​អនុវត្ត​អនាម័យ ដោយ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ក្នុងពេល​បំពេញភារកិច្ច ក៏ដូចជា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​កូ​វីត​-១៩​។ សូម​ថ្លែងអំណរគុណ​ដល់​បុគ្គល​ឆ្នើម​ទាំងអស់នេះ ដែល​បន្ត​ភារកិច្ច​របស់ខ្លួន​យ៉ាង​អង់អាច​ក្លាហាន ដើម្បី​ការពារ​ធនធានធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា​យើង​៕

​រូបភាព​ដោយ​៖ វង្ស សាវឿន និងឈួន ឆន
 












© រក្សាសិទ្ធិដោយ thmeythmey.com