COVID-19
អន្តរជាតិ
COVID-19 នៅ​ថៃ លើស​១​ពាន់​ករណី​ហើយ ក្រោយ​រកឃើញ​ជាង​១០០​ករណី​បន្ថែម
26, Mar 2020 , 3:17 pm        
រូបភាព
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
ដោយ:
​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៦ ខែមីនា បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម COVID-19 ចំនួន​១១១​ករណី​ថ្មី ដែល​ធ្វើ​ឲ្យ​ការឆ្លង​សរុប​ក្នុងប្រទេស​នេះ​ឡើងដល់ ១០៤៥​ករណី​ហើយ​។ រដ្ឋាភិបាល​ថៃ បញ្ជាក់​លើ​បណ្ដាញ​សង្គម Twitter បែបនេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ២៦ ខែមីនា ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ គិត​មក​ត្រឹម​ពេលនេះ មនុស្ស ៤​នាក់ បាន​បាត់​បង់ជីវិត​ដោយ COVID-19 ក្នុងប្រទេស​ថៃ ខណៈ​មនុស្ស​៧០​នាក់​បានជា​សះស្បើយ​។

 
​ចំណែក ប្រទេស​វៀតណាម​ឯណោះ​វិញ ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បានបញ្ជាក់​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៧​ករណី​បន្ថែម​។ តួលេខ​អ្នកជំងឺ​ថ្មី​នេះ បានធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​ក្នុងប្រទេស​នេះ​ឡើងដល់​១៤៨​ករណី​ហើយ​។ យ៉ាងណាមិញ ប្រទេស​វៀតណាម ពុំទាន់​រាយការណ៍​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​នៅឡើយ​ទេ ខណៈ​មនុស្ស​១៧​នាក់​បានជា​សះស្បើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
​ដោយឡែក ប្រទេស ឡាវ កាលពី​ពុធ ទី​២៥ ខែមីនា បាន​រកឃើញ​ករណី​ឆ្លង​COVID-19​ទី​៣​របស់ខ្លួន ។ អ្នកជំងឺ​ថ្មី​នេះ គឺជា​អ្នកជំនួញ​វ័យ​២៦​ឆ្នាំ​ម្នាក់​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ ហើយ​ជា​មិត្ត​របស់​ករណី​ឆ្លង​មុន​។ ជារួម ឡាវ បាន​រកឃើញ ៣​ករណី​ហើយ ដែល​អ្នកជំងឺ​ទាំងអស់ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យក្រុង វៀងចន្ទន៍ ខណៈ​អ្នក​ដែល​ស្និទ្ធ​នឹង​ពួកគេ​ទាំងអស់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត Luang Prabang​។ នេះ​បើតាម Xinhua ៕

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com