COVID-19
អន្តរជាតិ
WHO ប្រាប់ប្រទេសទាំងអស់ កុំឲ្យបាត់បង់ឱកាសទប់ស្កាត់ COVID-19 ជាលើកទីពីរ នាយកអង្គការសុខភាពពិភពលោក លោកTedros Adhanom Ghebreyesus, រូបភាព៖ AFP
× អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃទី២៥ ខែមីនា បានទទូចឲ្យប្រទេសទាំងអស់ កុំឲ្យបោះបង់បង្អួចឱកាសទី២របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បន្ទាប់ពីបង្អួចឱកាសទី១ បានកន្លងផុត។ តាមរយៈឱកាសទីពីរនេះ លោកប្រមុខ WHO បានបញ្ចេញគោលការណ៍ចំនួន ៦ធំៗ ដើម្បីបញ្ឈប់ COVID-19។
កន្លងមក លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក បានព្រមានម្តងហើយថា បង្អួចឱកាសដំបូងក្នុងការទប់ស្កាត់ការរីកសាយភាយ COVID-19 ជិតបិទហើយ។ ប៉ុន្តែប្រទេសទាំងអស់ បានបាត់បង់ឱកាសទីមួយនេះ ដោយសារមិនអាចទប់ស្កាត់ការរីកសាយភាយCOVID-19 បាន។ គិតមិនត្រឹមពេលនេះ COVID-19 បានរីកសាយភាយទៅប្រទេស និងតំបន់ជិត ២០០ ខណៈពេលតួលេខសរុប COVID-19 នៅលើពិភពលោក គឺមានរហូតដល់ទៅជាង ៤៦ម៉ឺនករណី ខណៈអ្នកស្លាប់មានជាង ២ម៉ឺនករណី និងអ្នកជាសះស្បើយជាង ១១ម៉ឺនករណី។
សព្វថ្ងៃឱកាសទីពីរក៏បានបើកដែរ។ បើតាមលោក Tedros ឱកាសទីពីរនេះ គឺការដាក់ប្រទេស ឬទីក្រុងក្នុងស្ថានភាពបិទជិតតែម្ដង។ លោក Tedros បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនៅតែមានជំនឿថា វានៅតែមានឱកាស។ ខ្ញុំគិតថា យើងបានបាត់បង់បង្អួចឱកាសជាលើកទី១ម្តងហើយ។ នេះគឺជាបង្អួចឱកាសលើកទីពី ដែលយើងមិនគួរបាត់បង់ទៀតទេ និងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបង្ក្រាប និងគ្រប់គ្រងវីរុសនេះ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Tedros បានមើលឃើញថា ការសម្រេចបិទប្រទេស ឬបិទទីក្រុង របស់ប្រទេសមួយចំនួន គឺជារឿងល្អ ដើម្បីប្រយុទ្ធប្រឆាំង COVID-19។ ការណ៍នេះ លោកប្រមុខ WHO មើលឃើញថា ការបិទប្រទេស ឬក្រុងនេះ គឺជាបង្អួចឱកាសលើកទីពីរ ដើម្បីបញ្ឈប់ការរីកសាយភាយកូរ៉ូណាវីរុស និងព្រមានថាប្រទេសទាំងអស់ មិនត្រូវខ្ចះខ្ជាយឱកាសទីពីរម្តងទៀតឡើយ។
តាមរយៈឱកាសទីពីរនេះ លោកTedros បានផ្តល់អនុសាសន៍ចំនួន ៦ចំណុចសម្រាប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19។ ការណែនាំទាំង៦ចំណុចនេះ មានដូចជាការពង្រីក ហ្វឹកហ្វឺន បុគ្គលិកសុខាភិបាលសាធារណៈ និងវិស័យសុខាភិបាល ការស្វែងរក និងបើកប្រតិបត្តិការស្វែករកអ្នកជនសង្ស័យមានផ្ទុកCOVID-19 ចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ ការបង្កើនការផលិតឧបករណ៍ធ្វើតេស្តរកកូរ៉ូណាវីរុស និងចង្វាក់ផលិតកម្មលើសម្ភារសុខាភិបាល ការបំពាក់ ការអភិវឌ្ឍ ការផ្លាស់ប្តូរ ឧបករណ៍ក្នុងការព្យាបាលអ្នកជំងឺ ការអភិវឌ្ឍគម្រោងឲ្យច្បាស់លាស់ ជុំវិញដំណើរការនៃការដាក់ចត្តាឡីស័ក និងការផ្តោតសំខាន់ទៅលើការទប់ស្កាត់ការរីកសាយភាយ COVID-19 ដើម្បីមិនឲ្យមានករណីឆ្លងបន្ថែមទៀត។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ស្ថានភាពឆ្លង COVID-19 គឺមានការធ្លាក់ចុះយ៉ាងខ្លាំងមែនទែននៅក្នុងប្រទេសចិន។ រដ្ឋាភិបាលប្រទេសអាស៊ីមួយនេះ បានចាប់ផ្តើមបន្ធូរបន្ថយការបិទក្រុង និងអនុញ្ញាតឲ្យប្រជាជនចេញពីផ្ទះឡើងវិញ។ បើទោះបីជាចិនធូរស្បើយបន្តិចមែន ប៉ុន្តែតំបន់អឺរ៉ុប បានប្រែក្លាយជាទីតាំងផ្ទុះ COVID-19ថ្មី ខណៈពេល WHO ព្រមានថាអាមេរិក អាចជាទីតាំងផ្ទុះបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com