ជាតិ
លោក ឌុ​ក រ៉ាស៊ី អតីត​អ្នកការទូត​កម្ពុជា ទទួលមរណភាព​ក្នុង​ជន្មាយុ​៩៥​ឆ្នាំ​
26, Mar 2020 , 6:29 pm        
រូបភាព
លោក ឌុក រ៉ាស៊ី អ្នក​នយោបាយ និង​ជា​អ្នក​និព្ធ​ជ់ង​ចាស់(រូប​ថត៖ ហេង ឧត្តម / RFI)
លោក ឌុក រ៉ាស៊ី អ្នក​នយោបាយ និង​ជា​អ្នក​និព្ធ​ជ់ង​ចាស់(រូប​ថត៖ ហេង ឧត្តម / RFI)
​ភ្នំពេញ​៖ លោក បណ្ឌិត ឌុ​ក រ៉ាស៊ី ដែលជា​អ្នកនយោបាយ និង​ជា​អ្នកនិពន្ធ​ជើងចាស់​មួយរូប បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៩៥​ឆ្នាំ នៅ​ក្រុងប៉ារីស​ប្រទេស​បារាំង កាលពី​ថ្ងៃ​ពុធ​ទី​២៥​ខែមីនា​ឆ្នាំ​២០២០​។ សព​របស់លោក​នឹងត្រូវ​បូជា​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ខែមីនា ឆ្នាំ​២០២០​ខាងមុខ​។ សម្រាប់​ការរៀបចំ​ពិធីបុណ្យ គឺ​មានតែ​សាច់ញាតិ​ជិត​បំផុត​របស់លោក​តែប៉ុណ្ណោះ ដែល​ចូលរួម​។



សម្រាប់​ការរៀបចំ​ពិធីបុណ្យ​តាមបែប​សាសនា អាច​នឹងធ្វើ​ក្រោយពេល​បម្រាម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​រដ្ឋអំណាច​បា​រាំង​លុបចោល​។ នេះ​បើតាម​ភរិយា​របស់លោក ឌុ​ក រ៉ាស៊ី ដែល​បាន​ឆ្លើយ​ប្រា​ប់លោក ហេង ឧត្ដម ដែល​ធ្វើការ​នៅ​វិទ្យុ​បារាំង​អន្តរជាតិ RFI​។​
 
​បើតាម​ឯកសារ​ជីវប្រវត្តិ​ដែល​ផ្សាយ​ដោយ RFI  លោក ឌុ​ក រ៉ាស៊ី គឺជា​អ្នកនយោបាយ​ជើងចាស់ ដែលមាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នា​សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​សាធារណៈរដ្ឋ​ខ្មែរ​។ នៅក្នុង​សម័យ​នោះ លោក​មាន​តួនាទី​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ឆ្នាំង និង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ច្បាប់​នៅ​រាជធានី​ភ្នំពេញ​។ លោក​ក៏​ជា​អតីត​ឯកអគ្គរដ្ឋទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ឡុង​ដ៍​រូបនេះ ធ្លាប់បាន​បំរើ​ការងារ​ក្នុង​អង្គការសហប្រជាជាតិ​២​ឆ្នាំ បន្ទាប់មក​លោក​បា​នប​ម្រើ​ការងារ​នៅ​ស្ថានទូត​ខ្មែរ​ក្នុងប្រទេស​ថៃ​១​ឆ្នាំ ក្រោយមក​លោក​ក៏​ទៅធ្វើ​ការ​ក្នុង​ក្រសួងការបរទេស​វិញ​។​
 
​ឯកសារ​ដដែល​បាន​បន្ថែមទៀតថា មុន​សម័យ​ខ្មែរក្រហម​លោក ឌុ​ក រ៉ាស៊ី បាន​ត្រូវ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព ប្រចាំ​ចក្រភព​អង់គ្លេស បែ​ល​ហ្សិ​ក ដា​ណឺ​ម៉ាក និង​ហូឡង់ដ៍​។ លោក​ក៏​ជា​សាស្ត្រាចារ្យ​នីតិសាស្ត្រ បង្រៀន​នៅ​សកលវិទ្យា​ល័យ​Amiens ប្រទេស​បារាំង​ផងដែរ​។ ពេល​ចូល​និ​វ​ត្តិ​ន៍ លោក​បាន​បង្កើត​សមាគម​សិទ្ធិមនុស្ស​ឈ្មោះ​”​សម្ព័ន្ធ​ខ្មែរ​ការពារ​សិទ្ធិមនុស្ស​និង​សិទ្ធិ​បុរី​ជន​»​។​
 
​ស្នាដៃ​តែង​និពន្ធ​របស់លោក ឌុ​ក រ៉ាស៊ី រួមមាន “​វិចារណកថា ឌុ​ក រ៉ាស៊ី​” បោះពុម្ព​ឆ្នាំ​២០១៨​។ “​វាសនា​ខេមរៈបុត្រ​” បោះពុម្ព​ឆ្នាំ​២០១២​។ “​វាសនា​ប្រទេសជាតិ​” បោះពុម្ព​ឆ្នាំ​២០១២ និង​មាន​ស្នាដៃ​ជា​ភាសា​បារាំង​មួយចំនួនទៀត​៕ 

Tag:
 ឌុ​ក រ៉ាស៊ី​
 ​នយោបាយ​
  អ្នកនិពន្ធ​
  មរណភាព​
© រក្សាសិទ្ធិដោយ thmeythmey.com