កាលពីថ្ងៃទី២៥ ខែមីនា នាវាចម្បាំងរបស់អាមេរិកមួយគ្រឿង បានបើកកាត់ច្រកសមុត្រតៃវ៉ាន់ បន្ទាប់ពីមានភាពតានតឹងរវាងចិន និងតៃវ៉ាន់ក្រោយកងទ័ពអាកាសតៃវ៉ាន់ស្ទាក់យន្តហោះចម្បាំងចិន នេះបើយើងតាមសារព័ត៍មាន Reuters ។ វត្តមាននាវាចម្បាំងនេះ ក៏កើតចំពេលអាមេរិក និងចិនមើលមុខគ្នាមិនត្រូវរឿង COVID-19 ផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានឲ្យដឹងថា នាវាចម្បាំងអាមេរិកធ្វើដំណើរឆ្ពោះទៅទិសខាងជើង ក្រោមការឃ្លាំមើលរបស់កងទ័ពតៃវ៉ាន់។ តៃវ៉ាន់ចាត់ទុកថាការបើកកាត់នេះជា បេសកកម្មធម្មតា និងគ្មានហេតុផលអ្វីត្រូវបារម្ភឡើយ។
ចំណែកនៅខាងសហរដ្ឋអាមេរិកវិញ លោក Anthony Junco អ្នកនាំពាក្យកងនាវាចរណ៍ទី៧ និាយថា នាវាចម្បាំង USS McCampbell បានចូលឆ្លងកាត់ច្រកសមុត្រតៃវ៉ាន់ដូចទម្លាប់នៅថ្ងៃ២៥ មីនា ដោយគោរពតាមច្បាប់អន្តរជាតិ។
លោកបញ្ជាក់ថា៖ «ការបើកឆ្លងកាត់របស់នាវាអាមេរិក កាត់ច្រកសមុត្រតៃវ៉ាន់បង្ហាញពីការតាំងចិត្តរបស់អាមេរិទៅកាន់ ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ កងទ័ពជើងទឹកអាមេរិក នឹងបន្តហោះ បើក និងធ្វើប្រតិបត្តិការនៅទីកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត»។
គួរបញ្ជាក់ផងដែរថា ច្រកសមុត្រតៃវ៉ាន់ ដ៏តូចដែលបែងចែកចិន និងកោះតៃវ៉ាន់ ជាប្រភពនៃភាពតឹងតែងយ៉ាងញឹកញាប់។ ដោយចិនចាត់ទុកតៃវ៉ាន់ជាបញ្ហាបូរណភាពទឹកដីរបស់ខ្លួន។ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ កងទ័ពអាកាសចិនបានបើកសមយុទ្ធយោធាដែលនៅកៀកនឹងកោះតៃវ៉ាន់ ដែលបណ្តាលឲ្យយន្តហោះចម្បាំងតៃវ៉ាន់ចេញប្រតិបត្តិការភា្លមៗដើម្បីស្ទាក់យន្តហោះចម្បាំងចិន។
បន្ថែមពីនេះ តៃវ៉ាន់បានហៅសមយុទ្ធខាងលើមានចរិកលក្ខណៈបង្កហេតុ និងបានប្រាប់ចិនឲ្យយកចិត្តទុកដាក់ក្នុងការប្រយុទ្ធទៅនឹងជំងឺឆ្លង ជៀសជាងគម្រាមកំហែងតៃវ៉ាន់។
គួររំលឹកផងដែរថា សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ តែសហរដ្ឋអាមេរិកនៅតែបន្តជាអ្នកផ្គត់ផ្គង់អាវុធ និងគាំទ្រតៃវ៉ាន់លើឆាកអន្តរជាតិ។
កាលពីខែមករាកន្លងទៅ នាវាចម្បាំងអាមេរិកមួយគ្រឿងផ្សេងទៀតបានបើកកាត់ច្រកសមុត្រតៃវ៉ាន់ មិនដល់មួយសប្តាហ៍ផង ក្រោយពេលលោកស្រីប្រធានាធិបតី Tsai Ing-wen ជាប់ឆ្នោតជាលើកទី២ ដោយមានទំនោរប្រឆាំងចិន។
ការបញ្ជូននាវានេះ កើតមានឡើងស្របពេលអាមេរិក និងចិនទាស់គ្នាកាន់តែខ្លាំងរឿងប្រភពជំងឺ COVID-19 ។ អាមេរិកព្យាយាមចោទចិនថា មិនបញ្ចេញព័ត៌មានឲ្យបានលឿន និងបានហៅ COVID-19 ថា វីរុសចិន ឬវីរុសវូហាន ព្រោះបានផ្ទុះឡើងនៅទីក្រុងនេះ។ ចិនក្ដៅស្លឹកត្រចៀកខ្លាំង ព្រោះអាមេរិកមិនគោរពតាមគោលការណ៍របស់អង្គការសុខភាពពិភពលោកដែលហាមប្រើឈ្មោះតំបន់ណាមួយភ្ជាប់វីរុស៕